ភ្នំពេញៈ សាលាឧទ្ធរណ៍កាលពីម្សិលមិញបានលើកបណ្តឹងទាស់របស់ជនជាប់ចោទម្នាក់មកជំនុំជម្រះពាក់ព័ន្ធនឹងការកាប់បុរសម្នាក់ឲ្យរបួស ហើយត្រូវសាលាដំបូងខេត្តផ្តន្ទាទោសដាក់គុក ១១ ឆ្នាំ រឿងទំនាស់ព្រំដីផ្ទះនៅឆ្នាំ ២០១៦ នៅភូមិតាហឿង ឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ។
ខណៈត្រូវបានផ្តល់សិទ្ធិឲ្យបំភ្លឺក្នុងសវនាការ ជនជាប់ចោទបានប្រាប់ចៅក្រមថា គាត់ឈ្មោះ សុខ ឃាង អាយុ ៦០ ឆ្នាំដោយនៅថ្ងៃកើតហេតុនោះ គាត់បានបោះបង្គោលព្រំផ្ទះ តែត្រូវជនរងគ្រោះមកឃាត់មិនឲ្យធ្វើ។
លោកថារឿងនេះលោកក៏បានទៅប្តឹងអាជ្ញាធរភូមិ-ឃុំ តែពេលទៅប្តឹងនោះមេភូមិកំពុងជុំគ្នាផឹកស៊ី ឯរូបគាត់ក៏គេហៅចូលរួមដែរ។
ជនជាប់ចោទបន្តថា បន្ទាប់ពីមានទំនាស់គ្នាបានប៉ុន្មានថ្ងៃគាត់បានទៅឃ្វាលគោក៏ជួបជនរងគ្រោះហើយបានសួរជនរងគ្រោះពីរឿងមិនឲ្យគាត់បោះបង្គោលនេះ។ ពេលនោះជនរងគ្រោះស្រែកដាក់គាត់ថា៖ «ចង់ទៅប្តឹងដល់ណាក៏ទៅៗ» គេមិនខ្លាចទេ ហើយជនរងគ្រោះក៏យកខ្សែគោរឹតកគាត់។ ពេលនោះដោយសារតែខឹង និងមានបំណងការពារខ្លួនផង គាត់ក៏ទាញកូនពូថៅដៃពីចង្កេះកាប់ត្រូវកជនរងគ្រោះ ៣ ពូថៅ តែមុតស្រាលៗទេ ព្រោះពូថៅអត់មុត។ ក្រោយមកក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ គាត់សូមតុលាការបន្ថយទោសផង។
សំណុំរឿងនេះត្រូវសាលាដំបូងខេត្តតាកែវផ្តន្ទាទោសដាក់គុក ១១ ឆ្នាំចោទពីបទ «ប៉ុនប៉ងឃាតកម្ម» និងបង្គាប់ឲ្យសងជំងឺចិត្តជនរងគ្រោះ ៣០ លានរៀល ។
លោក ព្រះរាជអាជ្ញា លី លន់ តំណាងមហាអយ្យការសន្និដ្ឋានថាក្រោយស្តាប់ការសួរដេញដោលមកឃើញថាជនជាប់ចោទបានសារភាព ប៉ុន្តែគាត់ប្តឹងឧទ្ធរណ៍ព្រោះទណ្ឌកម្មទោសច្រើនពេក។ «ទោះយ៉ាងណាខ្ញុំយល់ឃើញថា តុលាការខេត្តដាក់ទោស ១១ ឆ្នាំនេះមានលក្ខណៈត្រឹមត្រូវហើយ។ ដូច្នេះខ្ញុំសូមតម្កល់សាលក្រមទុកជាបានការ»។
លោក ជា សុភី មេធាវីការពារក្ដីជនជាប់ចោទបានសន្និដ្ឋានថា ក្រោយស្តាប់អង្គហេតុ រឿងនេះកើតឡើងពីទំនាស់ព្រំដី ហើយម្យ៉ាងទៀតជនជាប់ចោទយកខ្សែគោទាក់កកូនក្តីលោក។ ចៃដន្យអីកូនក្តីលោកក៏ទាញពូថៅពីចង្កេះមកគ្រវាសធ្វើឲ្យត្រូវកជនរងគ្រោះ ប៉ុន្តែរបួសមិនធ្ងន់ទេ។
លោកមេធាវីថា៖ «ករណីនេះកូនក្តីខ្ញុំការពារខ្លួនទេ ឯរបួសនោះក៏មិនធ្ងន់ដែរ ខ្ញុំឃើញបិទបង់តូចមួយទេ។ តុលាការចោទកូនក្តីខ្ញុំនេះជាបទល្មើសធ្ងន់ណាស់។ ខ្ញុំសូមក្រុមប្រឹក្សាជំនុំជម្រះប្តូរបទចោទពីប៉ុនប៉ងឃាតកម្មមកជាបទហិង្សាដោយចេតនាវិញ។ ចំពោះសំណង ៣០ លានរៀលកូនក្តីខ្ញុំក្រណាស់ ដូច្នេះសូមតុលាការមេត្តាសម្រេចពិចារណាផង»។
បន្ទាប់ពីសួរដេញដោល និងស្តាប់ការសន្និដ្ឋានមកលោកចៅក្រម ប៉ុន សំអឿន ប្រធានក្រុមប្រឹក្សាជំនុំជម្រះថាសាលដីកានឹងប្រកាសនៅថ្ងៃទី ៧ ខែមីនា ខាងមុខ៕