ភ្នំពេញៈ សាលាឧទ្ធរណ៍​កាលពី​ម្សិលមិញ​បាន​បើក​សវនាការ​ជំនុំជម្រះ​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ដែល​ត្រូវ​បាន​តុលាការ​ថ្នាក់ក្រោម​ផ្តន្ទាទោស​ ២២ ​ឆ្នាំ​ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន មេតំហ្វេតាមីន ១ កញ្ចប់​ធំ​ប្រព្រឹត្ត​នៅ​សណ្ឋាគារ ឡាក់គី ក្នុង​សង្កាត់​បឹងព្រលឹត ខណ្ឌ ៧​មករា​កាលពី​ឆ្នាំ​ ២០១២​។

លោក​ចៅក្រម ប្លង់ សំណាង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​អាន​អង្គហេតុ​របស់​តុលាការ​ថា​កាលពី​យប់​ថ្ងៃទី​ ១៤ ខែ​ធ្នូ ឆ្នាំ​ ២០១២ កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​នៃ​ក្រសួង​មហាផ្ទៃ​បាន​ប្រើ​កម្លាំង​បង្កប់​ (​វិធាន​ញុះញង់​) ​ជា​ឈ្មួញ​បាន​បញ្ជា​ទិញ​ថ្នាំញៀន​ពី​ក្រុម​ជួញដូរ​គ្រឿងញៀន ហើយ​ភាគី​ទាំង​ ២ ​បាន​ណាត់​គ្នា​ដើម្បី​ដោះដូរ​ថ្នាំញៀន​នៅ​សណ្ឋាគារ​ឡាក់គី​ក្នុង​ខណ្ឌ ៧ មករា​។ លោក​អាន​បន្ត​ថា​លុះ​ដល់​ថ្ងៃ​ណាត់​ជួប​កម្លាំង​សមត្ថកិច្ច​បាន​ឆ្មក់​ចូល​ក្នុង​បន្ទប់​សណ្ឋាគារ ហើយ​ចាប់​បាន​ឈ្មោះ ង្វៀង យិនធី អាយុ ៥៥ ​ឆ្នាំ​ជាមួយ​កញ្ចប់​ថ្នាំញៀន​គ្រាប់​មេតំហ្វេតាមីន​។

សំណុំ​រឿង​នេះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​កាលពី​ថ្ងៃទី​ ១៧ ខែ​សីហា ឆ្នាំ ២០១៣ សម្រេច​ផ្តន្ទាទោស​ជន​ជាប់ចោទ​ដាក់គុក​ ២២ ​ឆ្នាំ​ចោទ​ពី​បទ​ជួញដូរ​គ្រឿងញៀន​តាម​បញ្ញត្តិ​មាត្រា ៣៣ ថ្មី​នៃ​ច្បាប់​ត្រួតពិនិត្យ​គ្រឿងញៀន និង​ពិន័យ​ប្រាក់​ ៤០ ​លាន​រៀល​ចូល​ថវិការដ្ឋ ។

ប៉ុន្តែ ង្វៀង យិនធី បាន​ឆ្លើយ​ក្នុង​សវនាការ​កាលពី​ម្សិលមិញ​ថា ករណី​នេះ​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ទេ ឯ​អ្នកប្រព្រឹត្ត​បាន​គេច​ខ្លួន​ទៅ​បាត់​ហើយ ប៉ុន្តែ​នគរបាល​បាន​ទៅ​ចាប់​រូបលោក​នៅ​បន្ទប់​ផ្សេង​។ ជន​ជាប់ចោទ​ថា៖ «​ខ្ញុំ​ប្តឹង​មក​នេះ​ព្រោះ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​។ ខ្ញុំ​មិន​បាន​ឃើញ​គ្រឿងញៀន​នោះ​ទេ ហើយ​ប៉ូលិស​សួរចម្លើយ​ខ្ញុំ​ពេល​នោះ​ខ្ញុំ​ស្តាប់​ភាសា​ខ្មែរ​មិន​បាន​ផង​។ ប៉ូលិស​បាន​បង្ខំ​ឲ្យ​ខ្ញុំ​ផ្តិត​មេដៃ​ខ្ញុំ​សុំ​បដិសេធ​ចម្លើយ​នៅ​ប៉ូលិស និង​សូម​តុលាការ​ឧទ្ធរណ៍​ដោះលែង​ខ្ញុំ​វិញ​»​។

ទោះបី​យ៉ាង​ណា​លោក​ចៅក្រម ប្លង់សំណាង បាន​ប្រាប់​ជនជាប់ចោទ​ថា​៖ «​លោក​បាន​ឆ្លើយ​សារភាព​នៅ​ដំណាក់កាល​នគរបាល​យុត្តិធម៌​ទើប​បាន​ជា​តុលាការ​ថ្នាក់ក្រោម​ចោទប្រកាន់​លោក និង​ផ្អែក​លើ​ការបង្ក្រាប​ជាក់ស្តែង​»​។

លោក​អគ្គ​ព្រះរាជអាជ្ញារង ហ៊ាន រិទ្ធិ តំណាង​មហាអយ្យការ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ពិនិត្យ​មើល​អង្គហេតុ​ទៅ​ឃើញ​ថា គ្មាន​ឃើញ​ភ័ស្តុតាង​ច្បាស់លាស់​ណា​មួយ ដើម្បី​ដាក់​បន្ទុក​លើ​ជនជាប់ចោទ​ទេ ហេតុ​ដូច្នេះ​សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិចារណា​តាម​ច្បាប់​»​។

មេធាវី​ជនជាប់ចោទ​ថ្លែង​ថា៖ «​បើ​ផ្អែក​លើ​កំណត់ហេតុ​នគរបាល​មិន​ឃើញ​ដាក់​ច្បាស់លាស់​ពី​ចំនួន​គ្រឿងញៀន​ទេ ដូច្នេះ​សូម​តុលាការ​ដោះលែង​កូនក្តី​ខ្ញុំ​»​។

ក្រោយ​ជំនុំជម្រះ​លោក ចៅក្រម ប្លង់ សំណាង ថ្លែង​ថា​សាលដីកា​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ៣០ ខែ​តុលា​៕