ភ្នំពេញៈ សា​លា​ឧទ្ធរ​ណ៍​​កាល​ពី​ម្សិល​មិញ​​បាន​បើក​​សវនា​ការ​ជំនុំ​ជម្រះ​​ជន​ជាប់​ចោទ​ម្នាក់​ពាក់​ព័ន្ធ​ករណី​កាប់​ក្មេង​ប្រុស​​អាយុ ៩​ ឆ្នាំ ​ម្នាក់​ស្លាប់​ នៅ​ភូមិ​ព្រែក​ស្មាច់​ ឃុំ​​ កោះ​ស្តេច​ ស្រុក​គិរី​សាគរ ​​ខេត្ត​កោះកុង​ ប្រព្រឹត្ត​ក្នុងឆ្នាំ​ ២០០៩​​ ខណៈ​សំណុំ​រឿង​នេះត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កោះ​កុង​ផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារ​​អស់ ១ ​ជីវិត។

លោក ​យន់​ ណារ៉ុង​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ បាន​អាន​អង្គ​ហេតុ​ចំពោះ​មុខជន​ជាប់​ចោទ ​ឈ្មោះ​​ សុខ ​ផាន​ អាយុ​ ៥១​​ ឆ្នាំ ​​​ក្នុង​បន្ទប់​សវនា​ការ​ថា​ ​​សំណុំ​រឿង​នេះ​ ជន​ជាប់​ចោទ​បាន​បង្ក​ជម្លោះ​ជា​មួយ​ឪពុក​ក្មេងរ​ងគ្រោះ​ឈ្មោះ​ យឿន ​ពៅ​រតនៈ​​ រឿង​រកស៊ី​​ឈើ​​គ្រញូង​​ ដោយ​សារ​ខឹង​ឪពុក​​ក្មេង​រងគ្រោះ​ប្តឹង​សមត្ថ​កិច្ច​ឲ្យ​ចាប់​ខ្លួន​ជន​ជាប់​ចោទ។​

លុះ​ដល់​ថ្ងៃ​ទី ​១២​ ខែ ​ធ្នូ​ ឆ្នាំ​ ២០០៩ ​ជន​ជាប់​ចោទ​បាន​ផឹកស្រា​ស្រវឹង​ ហើយ​បាន​លី​កាំ​បិត​​ផ្គាក់​ ១ ​ដើរ​​ទៅ​រក​ឪពុក​ក្មេង​រង​គ្រោះ។​ លុះ​ដើរ​​ដល់​សាលា​បឋម​សិក្សា​​ភូមិ​​ព្រែកស្តេច​ ក៏​បាន​ជួប​​ក្មេង​រងគ្រោះ​ ឈ្មោះ​ យឿន ​​ពៅ​រតនៈ ​អាយុ​ ៩ ​ឆ្នាំ​​ ជា​កូន​របស់​ឈ្មោះ កូ​យ ​ដេត ​(ឪពុក​ក្មេង​រង​គ្រោះ)​ កំពុង​លេង​ជា​មួយ​ក្មេងៗដទៃ​ ​ហើយ​ជន​ជាប់​ចោទ​បាន​ចាប់​ទាញ​ក​អាវ​ក្មេង​រង​គ្រោះ​​សួរ​​រក​​​ឪពុក។​

លោក​ចៅ​ក្រម​បាន​​បន្ត​ថា​ ពេលនោះ​ក្មេង​រង​គ្រោះ​បាន​ឆ្លើយ​ថា​មិន​ដឹងទេ​​។​ក្រោយ​ឮ​​ក្មេង​រងគ្រោះប្រាប់​ដូច្នេះ​ ស្រាប់​តែ​ជន​ជាប់​ចោទ​​ ច្រាន​ក្មេង​​រងគ្រោះ​​ដួល​​ហើយ​​កាប់​នឹង​កាំបិត​ផ្គាក់​ចំបំពង់​ក​និង​ត្រូវ​ចង្កេះ​ ១​ បណ្តាល​ឲ្យ​​​​ស្លាប់​នៅ​នឹង​កន្លែង​​រី​ឯ​ជន​​ជាប់ចោទ​បានរត់​គេច​ខ្លួន​បាត់។​

លោក​ចៅ​ក្រម​​ បន្ត​ថា​ ជ​ន​ជាប់​ចោទ​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​​បាន​នៅ​ខេ​ត្ត​រតន​គិរី​កាល​ពី​ថ្ងៃ​ ២៨ វិច្ឆិកា ​ឆ្នាំ ២០១៨ ​ហើយ​បញ្ជូន​ទៅ​ឲ្យ​អាជ្ញា​ធរ​ខេត្ត​កោះកុង​វិញ។​

សំណុំ​រឿង​នេះ ​ត្រូវ​​បាន​សា​លា​ដំបូងខេត្ត​កោះ​កុង​​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នា​គារ​​អស់​ ១​​ ជីវិត កាល​ពី​ថ្ងៃ ​២៧ ​ធ្នូ​ ឆ្នាំ ២០១៨ ​ដោយ​ចោទ​ពី​បទ​ឃាត​កម្ម​គិត​ទុក​ជា​​មុន​តាម​​មាត្រា​ ២០០ ​នៃ​​ក្រម​ព្រហ្មទណ្ឌ។​

ជ​នជាប់​ចោទ​ សុខ​ ផាន​ ប្រាប់​ចៅ​ក្រម​ពី​​ម្សិល​មិញ​ថា​ គាត់​ប្រើ​អំពើ​ហិង្សា​​កាប់​ក្មេង​ប្រុស​ឈ្មោះ​ យឿន​ ​​ពៅ​រតនៈ ​នេះ​ដោយ​សារ​តែ​មាន​គំនុំ​ជា​​មួយ​នឹងឪពុក​ក្មេង​រ​ង​គ្រោះ​ក្នុង​រឿង​ទំនាស់​អារ​ឈើ​គ្រញូង​​ ហើយ​ឪពុក​ក្មេង​រង​គ្រោះ​ប្តឹង​សមត្ថ​កិច្ច​ឲ្យ​ចាប់​​ខ្លួន​គាត់​២​ដង​ហើយ។

ជន​ជាប់​ចោទ​ថា​​៖ «​រឿង​នេះ​​ ដោយ​សារ​ខ្ញុំ​​ខឹង​ឪពុក​ក្មេង​នោះពេក​ ហើយ​គាប់​​ជួន​ខ្ញុំ​ស្រវឹង​ស្រា​ទប់​អារម្មណ៍​មិន​បាន​ផង​ទើប​កាប់​ក្មេង​រងគ្រោះ​ទៅ​។ខ្ញុំ​ដឹង​កំហុស​ហើយ​ ខ្ញុំ​​សុំ​​តុលាការ​បន្ថយ​​ទោស​ខ្ញុំ​ផង»។

លោក ​ជុំ​ សែន​សទ្ធា​ តំណាង​មហា​អយ្យ​ការ​​សន្និ​ដ្ឋាន​ថា​ ​ជន​ជាប់ចោទ បាន​សារ​ភាព​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះថា​ គាត់​ដឹង​ពី​កំហុស​របស់​គាត់​។ប៉ុន្តែ​ក្នុង​អំពើ​មនុស្ស​ឃាត​នេះ ជន​ជាប់​ចោទ​មាន​បំណង​​គិត​ទុក​ជា​មុន​រួច​ស្រេច​ទៅ​ហើយ​ ​ដោយ​គាត់​បាន​លី​កាំបិត​ប៉ង​កាប់​សម្លាប់​ជន​ជា​ឪពុក​របស់​ក្មេង​រង​គ្រោះ។

លោក​ថា​៖​ «​ដូច្នេះ ការ​ដែល​តុលា​ការខេត្ត​កោះ​កុង​ផ្តន្ទា​ទោស​ ១ ​ជីវិត​នេះ​មាន​លក្ខណៈ​​ត្រឹម​ត្រូវ​តាម​ច្បាប់​ហើយ​​ ហើ​យ​ខ្ញុំ​សូម​ក្រុម​​ប្រឹក្សា​ជំនុំ​ជម្រះ ​តម្កល់​សាល​ក្រម​​ទុក​ជា​បាន​ការ»។

លោក ​នូ ​ចន្ថា មេ​ធាវី​ការ​ពារ​សិទ្ធិ​​ឲ្យ​ជន​ចាប់​ចោទ​សន្និ​ដ្ឋាន​ដែរ​ថា​ កូន​ក្តី​របស់​លោក​បា​ន​សារ​ភាព​ជូន​តុលាការ​​អស់​ហើយ​​ ហើយ​មូលហេតុ​​ដែល​គាត់​ប្តឹង​ទាស់​ចូល​សាលា​​ឧទ្ធរណ៍នេះ​ ក៏​ដោយ​សារ​គាត់​ចង់​ស្នើ​ដល់​សាលា​ឧទ្ធរ​ណ៍​សម្រាល​ទោស​ដល់​គាត់។

លោកបន្ត​ថា​​៖​ «​ដោយ​សារ​តែ​កូន​ក្តី​ខ្ញុំ​សារ​ភាព​ ខ្ញុំ​សូម​ឲ្យ​តុលាកា​រ​ផ្តល់​ស្ថាន​សម្រាល​ទោស​ដល់​កូនក្តី​ខ្ញុំ​ផង»។

ក្រោយ​ពី​ជំនុំ​ជម្រះច​ប់​ លោក​ ចៅក្រម ​យន់ ​ណា​រ៉ុង​ ប្រធាន​ក្រុម​ប្រឹក្សា​​ជំនុំ​ជម្រះ​ថ្លែង​ថា​ សាល​ដីកា​សំណុំ​រឿង​នេះ​​ នឹង​ប្រ​កាស​នៅ​ថ្ងៃ​ទី​ ២៦ ​ខែ ​កក្កដា​ ឆ្នាំ​ ២​០​​១​៩​ ខាងមុខ​នេះ៕