ភ្នំពេញៈ សភាស៊ើបសួរនៃសាលាឧទ្ធរណ៍កាលពីម្សិលមិញបដិសេធលើបណ្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់ គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ បន្ទាប់ពីបើកសវនាការកំបាំងមុខជនត្រូវចោទ ខណៈមេធាវីការពារក្ដីសុំពន្យារពេលដោយអះអាងថា ធ្វើឲ្យប៉ះពាល់ផលប្រយោជន៍កូនក្ដី។
លោក សំ សុគង់ មេធាវីការពារជនត្រូវចោទទាំង ២ បានថ្លែងពីម្សិលមិញថា សវនាការនេះ ដឹកនាំដោយលោកចៅក្រម ឃុន លាងម៉េង ដោយជំនុំជម្រះលើបណ្ដឹងសុំនៅក្រៅឃុំរបស់ គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ ប៉ុន្តែបានសម្រេចបដិសេធការស្នើសុំនោះ។
លោក សំ សុគង់ បានថ្លែងក្រោយសវនាការថា៖ «សាលាឧទ្ធរណ៍សម្រេចទី១ គឺតម្កល់ដីកាសម្រេចមិនព្រមដោះលែងរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការ ហើយសម្រេចបន្តឃុំខ្លួន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ ក្នុងពន្ធនាគារបន្តទៀត ហើយនឹងទុកសិទ្ធិប្ដឹងសារទុក្ខតាមកំណត់ច្បាប់»។
គង់ រ៉ៃយ៉ា ត្រូវបានឃុំខ្លួននៅថ្ងៃទី ១១ ខែ កក្កដា ក្រោមបទចោទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ពាក់ព័ន្ធនឹងការអំពាវនាវលក់អាវយឺតមានរូប និងទ្រឹស្តីរបស់លោក កែម ឡី នៅមុនថ្ងៃគម្រប់ខួប ៣ ឆ្នាំ នៃឃាតកម្មលើលោក កែម ឡី ដែលត្រូវបានបាញ់សម្លាប់កាលពីថ្ងៃទី ១០ កក្កដា ២០១៦ នៅហាងស្ដារម៉ាតនៃស្ថានីយប្រេងកាល់តិចស្ដុបបូកគោ រាជធានីភ្នំពេញ។ ចំណែក សួង នាគព័ន្ធ ត្រូវបានឃុំខ្លួននៅថ្ងៃទី ១២ ខែ កក្កដា ក្រោមបទចោទដូចគ្នា។
លោក សំ សុគង់ បានបន្ថែមថា សវនាការនេះបានធ្វើឡើងដោយកំបាំងមុខជនត្រូវចោទ ដោយតុលាការលើកហេតុផលថា ដោយសារកំហុសខាងពន្ធនាគារមិនបានដឹកជនត្រូវចោទមកចូលរួមសវនាការ ប៉ុន្តែតុលាការបានចេញដីកាកោះតាមនីតិវិធីច្បាប់រួចហើយ។
លោកបានថ្លែងថា មេធាវីការពារបានស្នើសុំឲ្យតុលាការរង់ចាំវត្តមានជនត្រូវចោទទាំង ២ រូប ហើយស្នើសុំឲ្យពន្យារពេលសវនាការ ប៉ុន្តែតុលាការបដិសេធ និងបានបន្តនីតិវិធីរហូតដល់ចប់ និងចេញសេចក្ដីសម្រេចបដិសេធការស្នើសុំនៅក្រៅឃុំ។
ការបន្តសវនាការដោយគ្មានវត្តមានជនត្រូវចោទ ត្រូវបានលោកមេធាវីរូបនេះលើកឡើងថា ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិជនត្រូវចោទ ហើយថាជាការខុសនឹងនីតិវិធី។ លោក សំ សុគង់ ថ្លែងថា៖ «អវត្តមានជនត្រូវចោទក្នុងពេលសវនាការ គឺជាការរំលោភសិទ្ធិជនត្រូវចោទដែលត្រូវនាំមកកាត់ក្ដីនៅចំពោះមុខតុលាការមានសមត្ថកិច្ច ក៏ដូចជានៅក្នុងសវនាការរបស់ខ្លួន»។
លោកថា គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ មានបំណងចូលរួមក្នុងសវនាការដើម្បីលើកភ័ស្តុតាង និងអង្គហេតុនានាក្នុងការស្នើសុំប្រាប់ដល់សាលាឧទ្ធរណ៍។ លោកបន្តថា លោកនឹងទៅជួបកូនក្ដី ទាំង ២ នាក់ នៅពន្ធនាគារព្រៃសពេលរសៀលម្សិលមិញ ដើម្បីរៀបចំពាក្យបណ្ដឹងសារទុក្ខទៅតុលាការកំពូលដើម្បីដោះបន្ទុកដែលសាលាដំបូងរាជធានីភ្នំពេញបានដាក់លើកូនក្ដីលោក។
ពាក់ព័ន្ធនឹងអវត្តមានរបស់ជនត្រូវចោទទាំង ២ នេះ លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានឲ្យដឹងកាលពីម្សិលមិញថា ពន្ធនាគារព្រៃស ឬម១ មិនបានទទួលដីកាកោះហៅឲ្យនាំជនត្រូវចោទទៅតុលាការទេ។
ប៉ុន្តែលោក ទូច ថារិទ្ធិ អ្នកនាំពាក្យសាលាឧទ្ធរណ៍បានថ្លែងថា តុលាការបានចេញដីកាកោះរួចហើយ ប៉ុន្តែថាតើដីកាកោះនោះបានទៅដល់អគ្គនាយកដ្ឋានពន្ធនាគារ គឺមុខការរបស់អគ្គនាយកដ្ឋានពន្ធនាគារ។
លោកថ្លែងថា៖ «ដីកាកោះខាងខ្ញុំបានចេញហើយ ខាងចៅក្រមគាត់បញ្ជូនទៅព្រះរាជអាជ្ញា ព្រះរាជអាជ្ញាចេញដីកាកោះអញ្ជើញទៅតាមនីតិវិធី។ រាល់ចំណាត់ការនៃសវនាការទាំងអស់មិនអាចកាត់ដោយគ្មានដីកាកោះទេ»។
ទោះយ៉ាងណា លោកថ្លែងថា បើទោះបីជាអវត្តមានជនត្រូវចោទក្ដី ក៏មិនមានអ្វីប៉ះពាល់ដល់នីតិវិធីដែរ ដោយសារជនត្រូវចោទមានមេធាវីតំណាងចូលរួមក្នុងសវនាការហើយ ដើម្បីឆ្លើយដោះបន្ទុកចំពោះមុខចៅក្រម៕