ភ្នំពេញៈ សាលាឧទ្ធរណ៍កាលពីម្សិលមិញបានប្រកាសសាលដីកាកំបាំងមុខដោយបន្ធូរបន្ថយទោស ២ ឆ្នាំគឺពី ៧ ឆ្នាំមកនៅត្រឹម ៥ ឆ្នាំដល់ស្ត្រីជាប់ចោទជួញដូរគ្រឿងញៀនម្នាក់ ដែលមានកូនតូចម្នាក់កំពុងជាប់ឃុំជាមួយនាង នៅក្នុងពន្ធនាគារ បន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃទី ៥ ខែតុលា។
នៅក្នុងបន្ទប់សវនាការពីម្សិលមិញលោកចៅក្រម ញូង ធុល បានអានសាលដីកាកំបាំងមុខស្ត្រីជាប់ចោទថា សំណុំរឿងនេះមានស្ត្រីជាប់ចោទឈ្មោះ លឹម មួងពេជ្រម៉ាលីកា អាយុ ២១ ឆ្នាំ (២០១៨)។ ដោយសារតែអវត្តមានស្ត្រីជាប់ចោទតុលាការមិនអានសំអាងហេតុ ឬលើកពីមូលហេតុនៃការសម្រេចសេចក្តីទេ គឺគ្រាន់តែអានពីការវិនិច្ឆ័យសេចក្តីតែប៉ុណ្ណោះ។
«ស្ត្រីជាប់ចោទ លឹម មួងពេជ្រម៉ាលីកា ក្រោយពីក្រុមប្រឹក្សាជំនុំជម្រះវិនិច្ឆ័យសេចក្តីមកគឺបានសម្រេចបន្ថយទោសឱ្យ ២ ឆ្នាំ និងបង្គាប់ឱ្យអនុវត្តទោសក្នុងពន្ធនាគារ ៥ ឆ្នាំវិញ ដោយគិតពីថ្ងៃឃុំខ្លួនមក។ តែបើស្ត្រីជាប់ចោទមិនសុខចិត្តនឹងសេចក្តីសម្រេចនេះ តុលាការទុកសិទ្ធិ ១ ខែប្តឹងសារទុក្ខទៀតបាន»។
គួររំឭកថា កាលពីថ្ងៃទី ៥ តុលាដែលជាថ្ងៃបើកសវនាការជំនុំជម្រះនោះ ស្ត្រីជាប់ចោទបានឆ្លើយប្រាប់ចៅក្រមក្នុងបន្ទប់សវនាការថា ករណីនេះនាងពិតជាបានជួញដូរគ្រឿងញៀន ដូចការចោទប្រកាន់របស់តុលាការពិតប្រាកដមែន។ ប៉ុន្តែដោយសារនាងមានកូនប្រុសតូចម្នាក់ទើបអាយុបាន ១ ឆ្នាំ ១០ ខែ រស់នៅជាមួយក្នុងពន្ធនាគារធ្វើឱ្យនាងជួបបញ្ហាក្នុងការចិញ្ចឹមថែទាំកូន។
ដូច្នេះនាងស្នើសុំដល់តុលាការ ជួយបន្ថយទោសខ្លះដល់នាង។ «កាលនោះដោយសារជីវភាពក្នុងគ្រួសារខ្ញុំលំបាកពេក ទើបខ្ញុំសម្រេចចិត្តទិញថ្នាំញៀនលក់ដើម្បីបានលុយផ្គត់ផ្គង់គ្រួសារ។ ឥឡូវខ្ញុំសុខចិត្តទទួលទោសហើយតែសុំតុលាការ បន្ធូរបន្ថយទោសដល់ខ្ញុំ»។
តាមកំណត់ហេតុរបស់សាលាឧទ្ធរណ៍បង្ហាញថា កាលពីវេលាម៉ោងជាង ៨ យប់ ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨ នៅចំណុចបណ្តោយផ្លូវលំក្នុងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ រាជធានីភ្នំពេញ នគរបាលការិយាល័យនៃមន្ទីរប្រឆាំងគ្រឿងញៀនបានស្រាវជ្រាវ និងឃាត់ខ្លួនស្ត្រីជាប់ចោទនៅពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយរឹបអូសគ្រឿងញៀនមេតំហ្វេតាមីនបានចំនួនជាង ១០៥ ក្រាម។
ស្ត្រីជាប់ចោទសារភាពប្រាប់សមត្ថកិច្ចថា គ្រឿងញៀនជាង ១០៥ ក្រាមនេះគឺនាងបានទិញពីបុរសម្នាក់តម្លៃ ១ ២០០ ដុល្លារ បំណងយកទៅរំលែកលក់បន្ត តែមិនទាន់បានយកទៅដល់ផ្ទះផង ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន។
សំណុំរឿងនេះត្រូវសាលាដំបូងរាជធានីកាលពីថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០១៨ ផ្តន្ទាទោសស្ត្រីជាប់ចោទដាក់ពន្ធនាគារ ៧ ឆ្នាំពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់តាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕