ភ្នំពេញៈ បុរសជាប់ចោទជាជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ ត្រូវសាលាឧទ្ធរណ៍ប្រកាសសាលដីកានៅថ្ងៃទី ៣ ខែវិច្ឆិកា ឲ្យជាប់ពន្ធនាគារអស់ ១ ជីវិតដដែល ពាក់ព័ន្ធសំណុំរឿងលេបគ្រឿងញៀនកូកាអ៊ីនជាងកន្លះគីឡូក្រាម ដែលរកឃើញនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីឆ្នាំ ២០១៧។
ក្នុងបន្ទប់សវនាការនៅថ្ងៃទី ៣ ខែវិច្ឆិកា នៅចំពោះមុខជនជាប់ចោទ លោកស្រីចៅក្រម ចាន់ ម៉ាឌីណា បានអានសាលដីកាថា សំណុំរឿងនេះ មានជនជាប់ចោទឈ្មោះ Blig NAUT CHAN។ ក្រោយពីបានជំនុំជម្រះកាលពីថ្ងៃទី ៨ខែតុលា និងក្រោយពីបានពិភាក្សាគ្នាមក ក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចរក្សាទណ្ឌកម្មទោស ១ ជីវិតដូចសាលាដំបូងរាជធានីភ្នំពេញសម្រេចដដែល។
លោកស្រីចៅក្រមប្រាប់ទៅជនជាប់ចោទថា៖ «បើជនជាប់ចោទមិនសុខចិត្តនឹងសាលដីកានេះទេ អាចប្តឹងសារទុក្ខទៅតុលាការកំពូលរយៈពេល ១ ខែ គិតពីថ្ងៃប្រកាសសាលដីកានេះ»។
លោក Blig NAUT CHAN អាយុ ២៧ ឆ្នាំ បាននិយាយប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅក្រៅបន្ទប់សវនាការនៃសាលាឧទ្ធរណ៍បន្ទាប់ពីប្រកាសសាលដីកាថា គាត់មានការសោកស្តាយនិងស្លុតចិត្តនៅពេលដែលគាត់ឮចៅក្រមសាលាឧទ្ធរណ៍ប្រកាសសាលដីកាឲ្យគាត់ជាប់ពន្ធនាគារ ១ ជីវិតដដែល។ ការសោកស្តាយនេះដោយសារថា កាលពីថ្ងៃជំនុំជម្រះគាត់បានសារភាពអស់ហើយ ជូនតុលាការ អំពីទង្វើខុសឆ្គងរបស់គាត់ ដែលគាត់ធ្វើនេះដោយសារតែគាត់ស៊ីឈ្នួលគេដើម្បីយកប្រាក់ប៉ុណ្ណោះ។
លោក CHAN និយាយថា៖ «ខ្ញុំបានដឹងជាមុនថា អំពើរបស់ខ្ញុំជាអំពើខុសច្បាប់ ប៉ុន្តែខ្ញុំនៅតែបង្ខំចិត្តធ្វើបែបនេះ។ ខ្ញុំពិតជាសោកស្តាយនូវកំហុសរបស់ខ្ញុំ»។
បុរសជាប់ចោទបាននិយាយថា គាត់នឹងប្តឹងសារទុក្ខទៅតុលាការកំពូលបន្តទៀត ដើម្បីសុំឲ្យតុលាការកំពូលបន្ថយទោសខ្លះ។
គួរំឭកដែរថា កាលពីថ្ងៃជំនុំជម្រះ Blig NAUT CHAN បានឆ្លើយប្រាប់ចៅក្រមតាមរយៈអ្នកបកប្រែថា គាត់បានស៊ីឈ្នួលឱ្យបុរសម្នាក់ឈ្មោះ អូ ស្ទីន ជាជនជាតិអាហ្រ្វិកដូចគ្នាឱ្យគាត់លេបម្សៅគ្រឿងញៀនកូកាអ៊ីនចូលក្នុងពោះប្រហែល ៥០ គ្រាប់ (ម្សៅគ្រឿងញៀនញាត់ក្នុងសម្បកថ្នាំពេទ្យ)។ គាត់បានប្រើពេលអស់ ១ ម៉ោងកន្លះ ដើម្បីលេបគ្រាប់ថ្នាំញៀនចូលក្នុងពោះអស់។ ឈ្នួលនៃការរត់ពន្ធគ្រឿងញៀននេះ គេឱ្យសេវាគាត់ ៣ ពាន់ដុល្លារ។
បន្ទាប់ពីគាត់លេបគ្រឿងញៀនចូលក្នុងពោះអស់ហើយ គាត់បានចេញដំណើរពីប្រទេសប្រេស៊ីល មកប្រទេសកម្ពុជា ដោយឆ្លងកាត់ទីក្រុងឌូបៃ។ ប៉ុន្តែគយប្រចាំនៅព្រលានយន្តហោះក្រុងឌូបៃរកមិនឃើញគ្រឿងញៀននៅក្នុងពោះរបស់គាត់ទេ។
បើតាមជនជាប់ចោទ បុរសឈ្មោះ អូ ស្ទីន ជាអ្នកសម្រួលនិងចាត់ចែងឲ្យគាត់លេបគ្រឿងញៀននេះ។ នៅពេលគាត់ធ្វើដំណើរមកដល់ប្រទេសកម្ពុជា គឺគាត់ត្រូវស្នាក់នៅក្នុងសណ្ឋាគារមួយ (មិនចាំឈ្មោះ) ដោយអូស្ទីនប្រាប់ថា ពេលនោះនឹងមាន ស្ត្រីជនជាតិថៃម្នាក់មកទទួលយកថ្នាំញៀនបន្តពីគាត់ហើយចូលទៅប្រទេសថៃ វិញ។
តែគម្រោងនេះ ត្រូវបរាជ័យដោយសារតែសមត្ថកិច្ចចាប់គាត់បានជាមួយវត្ថុតាងម្សៅក្រាមសថ្លាប្រភេទកូកាអ៊ីនជិត ៧៦០ ក្រាម។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៨ បានសម្រេចផ្តន្ទាទោស Blig NAUT CHAN ដាក់ពន្ធនាគារ ១ ជីវិត ក្នុងបទចោទដឹកជញ្ជូននិងជួញដូរគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់តាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕