
លោកស្រី Wendy R. Sherman ឧបរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។ រូបថត Wendy R Sherman TWITTER
ភ្នំពេញៈ ឧបរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy R. Sherman នឹងធ្វើទស្សនកិច្ចនៅកម្ពុជា និងប្រទេសអាស៊ានមួយចំនួនទៀតជាផ្នែកមួយនៃទស្សនកិច្ចដំបូងរបស់លោកស្រីទៅកាន់ប្រទេសជាច្រើន។ ទស្សនកិច្ចនេះធ្វើឡើង ខណៈដែលកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហរដ្ឋអាមេរិកត្រូវរៀបចំនៅថ្ងៃទី ២៥ ខែឧសភា។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី ២១ ខែឧសភាថា លោកស្រី Wendy R. Sherman នឹងធ្វើដំណើរទស្សនកិច្ចចាប់ទីថ្ងៃទី ២៥ ខែឧសភា ដល់ថ្ងៃទី ៤ ខែមិថុនា ទៅកាន់ទីក្រុងប្រ៊ុចសែលនៃប្រទេសបែលហ្ស៊ិក ក្រុងអង់ការ៉ានៃប្រទេសតួកគី រដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូនេស៊ី ទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា ក្រុងបាងកក ប្រទេសថៃ និងក្រុងហូណូលូលូ នៃរដ្ឋហាវ៉ៃសហរដ្ឋអាមេរិក។
ក្រសួងការបរទេសអាមេរិកបានថ្លែងដោយប្រើអតីតឈ្មោះប្រទេសមីយ៉ាន់ម៉ាដូច្នេះថា៖ «ក្នុងតំបន់អាស៊ាន លោកស្រីនឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះភាពចាំបាច់របស់តំបន់អាស៊ាន និងដោះស្រាយទ្វេភាគី និងតំបន់។ អាមេរិកក៏ប្រឹងប្រែងជំរុញយោធាភូមាឱ្យបញ្ឈប់អំពើហិង្សា ដោះលែងអ្នកជាប់ឃុំដោយអយុត្តិធម៌ទាំងអស់នោះ និងស្តារភូមាឱ្យដើរលើផ្លូវឆ្ពោះទៅរកប្រជាធិបតេយ្យឡើងវិញ»។
ដោយមិនបញ្ជាក់ ឬផ្តល់កាលបរិច្ឆេទច្បាស់លាស់ ក្រសួងការបរទេសអាមេរិកលើកឡើងថា លោកស្រី Wendy R. Sherman នឹងមានកិច្ចប្រជុំជាបន្តបន្ទាប់ពេលមកដល់ទីក្រុងភ្នំពេញ។
លោកស្រី Wendy R. Sherman ថ្លែងតាមបណ្ដាញធ្វីធើរកាលពីថ្ងៃទី ២១ ខែឧសភាថា៖ «ខ្ញុំកំពុងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចដំបូងរបស់ខ្ញុំក្នុងនាមជាឧបរដ្ឋមន្ត្រីការបរទេសអាមេរិក។ បន្ថែមទៅនឹងការដឹកនាំកិច្ចសន្ទនាដំបូង សហរដ្ឋអាមេរិក និងអឺរ៉ុបស្តីពីចិននៅក្រុងប្រ៊ុចសែល ខ្ញុំនឹងជួបជាមួយមន្ត្រីប្រទេសតួកគី និងសង្គមស៊ីវិលនៅក្រុងអង់ការ៉ា និងបន្តជាថ្មីនូវទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយអាស៊ាននៅឥណ្ឌូនេស៊ី កម្ពុជា និងថៃ»។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង កាលពីថ្ងៃទី ២២ ខែឧសភា បានបង្វែរសំណួរដែលសួរពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ ទៅកាន់ស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងភ្នំពេញ។
អ្នកនាំពាក្យស្ថានទូតអាមេរិក លោក Chad Roedemeier ប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ២២ ឧសភាថា លោកមិនទាន់មានព័ត៌មានលម្អិត ដើម្បីប្រកាសឱ្យដឹងនៅពេលនេះទេ។
ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហរដ្ឋអាមេរិកតាមប្រព័ន្ធវីដេអូនៅថ្ងៃទី ២៥ ខែឧសភា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងពិភាក្សាជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken អំពីវិធីសាស្ត្រនានា ដើម្បីលើកកម្ពស់បន្ថែមទៀតកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងភាពជាដៃគូរវាងអាស៊ាន និងសហរដ្ឋអាមេរិក ជាពិសេសក្នុងការដោះស្រាយវិបត្តិសុខុមាលភាពសកលនាពេលបច្ចុប្បន្ន និងផ្លាស់ប្តូរយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍រួម។
ក្រសួងការបរទេសកម្ពុជាថ្លែងថា៖ «ជំនួបតាមប្រព័ន្ធវីដេអូនេះ ឆ្លុះបញ្ចាំងអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុង និងក្រៅតំបន់»។
អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក Bradley J. Murg រំពឹងទុកថា កិច្ចប្រជុំរវាងលោកស្រី Wendy R. Sherman និងសមភាគីកម្ពុជានឹងជាឱកាសមួយ សម្រាប់រដ្ឋបាលលោក Joe Biden បំភ្លឺបន្ថែមទៀតនូវយុទ្ធសាស្ត្ររបស់ខ្លួន ចំពោះអាស៊ីអាគ្នេយ៍ ដែលផ្ទុយទៅនឹងយុទ្ធសាស្ត្រនយោបាយរបស់អតីតរដ្ឋបាលលោក ដូណាល់ ត្រាំ និងកង្វល់ជាបន្តរបស់អាមេរិកទាក់ទងនឹងតួនាទីរបស់ចិនក្នុងប្រទេសកម្ពុជា។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា បច្ចុប្បន្នទំនាក់ទំនងកម្ពុជា និងចិនមានភាពគ្រប់ជ្រុងជ្រោយ ខណៈដែលទំនាក់ទំនងកម្ពុជា និងអាមេរិកមិនទាន់រលូននៅឡើយ។ ដូច្នេះទស្សនកិច្ចរបស់លោកស្រី Wendy R. Sherman នេះ ជាឱកាសមួយ ដើម្បីធ្វើឱ្យប្រសើរឡើងដល់ទំនាក់ទំនងរវាងប្រទេសទាំង ២៕