កណ្ដាល: សាលាដំបូង​ខេត្ត​កណ្ដាល​នៅ​ថ្ងៃទី​ ១៤ ​វិច្ឆិកា​នេះ​នឹង​បើក​សវនាការ​សួរ​ដេញដោល​ឪពុក​ក្មេងស្រី​ម្នាក់​ដែល​អះអាង​ថា ត្រូវ​ព្រះសង្ឃ​ លន់សុវណ្ណដា គ្រូសូត្រស្ដាំ នៅ​វត្ត​ស្វាយជ្រំ ភូមិ​ស្វាយជ្រំ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្ដាល ចាប់​រំលោភ​ជាច្រើន​លើក​ដោយ​អវត្តមាន​សង្ឃ​សង្ស័យ​។

សាច់ញាតិ​ព្រះសង្ឃ​ លន់ សុវណ្ណដា ​បាន​ដាក់​ពាក្យ​ប្ដឹង​ឈ្មោះ ស៊ុន សូតសុផល ហៅ ស៊ុន ប៊ុច ភេទ​ប្រុស​អាយុ​ ៤៧ ​ឆ្នាំ​មាន​ទីលំនៅ​នៅ​ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្ដាល ត្រូវ​ជា​ឪពុក​ក្មេងស្រី​ម្នាក់​ជាប់​ចោទ​ពី​បទ​ «​ប្រមាថ​ចំពោះ​ព្រះសង្ឃ ដូនជី និង​តាជី​» ប្រព្រឹត្ត​នៅ​ភូមិ​ស្វាយជ្រំ ឃុំ​​ស្វាយជ្រំ កាលពី​ថ្ងៃទី​ ២២ ខែ​មេសា ឆ្នាំ​ ២០១៨ តាម​បញ្ញត្តិ​មាត្រា ៥១៦ នៃ​ក្រម​ព្រហ្មទណ្ឌ​។

ការប្ដឹង​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ឪពុក​ក្មេងស្រី​ម្នាក់​ឈ្មោះ ស.ច ឆ.វ អាយុ ១៩ ឆ្នាំ កាលពី​ថ្ងៃទី ២២ ខែ​មេសា​បាន​ទៅ​ស្រែក​ទាមទារ​រក​យុត្តិធម៌​ជូន​កូនស្រី​របស់​ខ្លួន​ដោយ​ចោទប្រកាន់​ព្រះសង្ឃ​មួយ​អង្គ​មាន​តួនាទី​ជា​ព្រះ​គ្រូសូត្រស្តាំ និង​ជា​សមណ​និស្សិត​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល និង​ត្រូវ​ជា​ក្មួយបង្កើត​របស់​ព្រះគ្រូ​ចៅ​អធិការ​វត្ត​ស្វាយជ្រំ និង​ជា​អនុគណ​ស្រុក​ខ្សាច់​កណ្តាល​ដោយ​ចោទ​ថា​បាន​ចាប់​រំលោភ​សេពសន្ថវៈ​នាង​អស់​រយៈពេល​ ៥ ​ឆ្នាំ​រហូត​មាន​កូន​ជាច្រើន​លើក និង​ត្រូវ​រំលូត​ចោល​ហើយ​នារី​ពី​ ៤ ​ទៅ​ ៥ ​នាក់​ផ្សេង​ទៀត​ក៏​ត្រូវ​សង្ឃ​អង្គ​នេះ​ចាប់​រំលោភ​ដែរ​។

តាម​ដីកា​កោះ​ហៅ​ជនជាប់ចោទ​ឲ្យ​ចូលរួម​សវនាការ​របស់​លោក ឈួន សុភា តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ចុះ​ថ្ងៃទី​ ៣ តុលា បាន​បញ្ជាក់​ថា​៖ «​បង្គាប់​មក​ឈ្មោះ ស៊ុន សូតសុផល ​(​ហៅ​) ​ស៊ុន ប៊ុច ​ភេទ​ប្រុស អាយុ​ ៤៧ ​ឆ្នាំ​មាន​ទីលំនៅ​ឃុំ​ស្វាយជ្រំ​ដើម្បី​ចូល​ទៅ​កាន់​ទីកន្លែង​សាលសវនាការ​នៃ​សាលា​ដំបូង​ខេត្ត​កណ្ដាល​នៅ​ថ្ងៃទី​ ១៤ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨ នៅ​វេលា​ម៉ោង ០៩: ០០ ​នាទី​ព្រឹក​នៅ​សាល​សវនាការ​លេខ​ ២ ជា​កំហិត​ដើម្បី​ធ្វើការ​ជំនុំជម្រះ​»​។

ទាក់ទិន​នឹង​ការកោះហៅ​ទៅ​ចូលរួម​សវនាការ​នេះ​លោក ស៊ុន សូតសុផល ហៅ ស៊ុន ប៊ុច ជា​ឪពុក​នារី​រងគ្រោះ​បាន​ថ្លែង​ថា​លោក​គ្រាន់តែ​ស្រែក​តវ៉ា ដើម្បី​ទាមទារ​រក​យុត្តិធម៌​ឲ្យ​កូនស្រី​ដែល​ព្រះសង្ឃ​អង្គ​នេះ​បាន​រំលោភ​តែ​ប៉ុណ្ណោះ ប៉ុន្ដែ​បែរ​ជា​ក្លាយ​ទៅ​ជា​ជនជាប់ចោទ​បែប​នេះ​ទៅ​វិញ​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​ហួស​ចិត្ត​ខ្លាំងណាស់​! ចំពោះ​នីតិវិធីតុលាការ​ខេត្ត​កណ្ដាល​ក្នុង​នាម​ខ្ញុំ​ជា​ឪពុក​ម្នាក់ ហើយ​កូនស្រី​ត្រូវ​បាន​ព្រះសង្ឃ​ចាប់រំលោភ​នាង​នៅក្នុង​កុដិ​តាំងពី​នៅ​ក្មេង​រួច​លួងលោម​បោកបញ្ឆោត​នាង​រួមភេទ​ក្នុង​ន័យ​ស្នេហា​ជា​ហូរហែ​រហូត​មក​បែកធ្លាយ​រឿង​ទាំង​ដែល​ លន់ សុវណ្ណដា ជា​ព្រះសង្ឃ​បែរ​ជា​គ្មាន​ចំណាត់ការ​អ្វី​ទាំងអស់​សម្រាប់​ខ្ញុំ​គ្រាន់​តែ​ស្រែក​រក​យុត្តិធម៌​បែរ​ជា​ជាប់ចោទ​ទៅវិញ​»​។

មុន​ពេល​តុលាការ​កោះហៅ​នេះ​ឪពុក​ក្មេងស្រី​រងគ្រោះ​រូប​នេះ​កាលពី​ថ្ងៃទី​ ៥ ខែ​មិថុនា ឆ្នាំ​ ២០១៨ បាន​ដាក់​ពាក្យ​ប្ដឹង​ព្រះសង្ឃ​ លន់ សុវណ្ណដា ​ដោយ​ចោទ​ពី​បទ​ «​រំលោភ និង​រួមភេទ​ជាមួយ​អនីតិជន​វ័យ​ក្រោម​ ១៥ ​ឆ្នាំ​ព្រោះ​ការប្រព្រឹត្ត​តាំងពី​នាង​នៅ​អាយុ​ ១៣ ​ឆ្នាំ​» ដោយ​ទាមទារ​សំណង​ ២០ ​ម៉ឺន​ដុល្លារ​។ ក្រោយពី​ដាក់ពាក្យ​បណ្ដឹង​តុលាការ​បាន​កោះ​ហៅ​ព្រះសង្ឃ លន់ សុវណ្ណដា ចំនួន​ ២ ​លើក​ហើយ ប៉ុន្តែ​សង្ឃអង្គ​នេះ​មិន​ចូល​ខ្លួន​បំភ្លឺ​ដោយ​កំពុង​រត់​ភៀសខ្លួន​។

លោក ប៊ុន យ៉ុង អធិការរង​ស្រុក​ខ្សាច់កណ្ដាល​បាន​ថ្លែង​ថា ឪពុក​ក្មេងស្រី​រងគ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​តុលាការ​ផង​ដែរ​។ ក្រោយពី​ទទួល​បណ្ដឹង​នេះ​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ ហើយ​លទ្ធផល​ត្រូវ​បាន​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជា​អ្នក​ចាត់​ចែង​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​អត់​អាច​ប្រាប់​ពី​លទ្ធផល​ជាក់ស្ដែង​បាន​ទេ​ព្រោះ​ខ្ញុំ​បាន​បញ្ជូន​ទៅ​ស្នងការ​ខេត្ត ហើយ​ខាង​ខេត្ត​ក៏​បាន​បញ្ជូន​ទៅ​តុលាការ​ដែរ ហើយ​តុលាការ​គេ​ចាត់ចែង​ហើយ អ៊ីចឹង​វា​ហួស​ពី​ដែន​សមត្ថកិច្ច​ខ្ញុំ ហើយ​ព្រះសង្ឃ​ហ្នឹង​មិន​ឃើញ​គង់​នៅ​វត្ត​ហ្នឹង​ទៀត​ទេ​»​។

តាម​មាត្រា​ ៥១៦ បទ​ប្រមាថ​ចំពោះ​ព្រះសង្ឃ ដូនជី និង​តាជី​ «​ការប្រមាថ​ដូច​បញ្ញតិ្ត​ក្នុង​កថាខណ្ឌ​ទី​ ១ ​នៃ​មាត្រា ៥០២ (​បទ​ប្រមាថ​) ​នៃ​ក្រម​នេះ​ដែល​ប្រព្រឹត្ត​ឡើង​ចំពោះ​ព្រះសង្ឃ ដូនជី ឬ​តាជី​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​មុខងារ ឬ​ក្នុង​ឱកាស​នៃ​ការបំពេញ​មុខងារ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១ ​ថ្ងៃ​ទៅ​ ៦ ​ថ្ងៃ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០០០ ​រៀល​ទៅ​ ១ ​សែន​រៀល​៕