ភ្នំពេញៈ ឪពុកម្ដាយសិស្សប្រមាណ ៥០ នាក់ នៅព្រឹកថ្ងៃម្សិលមិញបាននាំគ្នាតវ៉ាជាថ្មីនៅមុខសាលាអន្តរជាតិផារ៉ាហ្គនដើម្បីបន្តទាមទារឲ្យបញ្ចុះតម្លៃសិក្សាតាមអនឡាញ ដោយពួកគាត់បានបញ្ជាក់ថា ក្នុងពេលកំពុងមានវិបត្តិកូវីដ ១៩ បែរជាសាលាដំឡើងថ្លៃសិក្សាកាន់តែខ្ពស់ជាងមុន។
នៅក្នុងការតវ៉ានេះពួកគាត់បានយកញតិ្តមួយដែលមានផ្ដិតស្នាមមេដៃឪពុកម្ដាយសិស្សជាង ១៨០ គ្រួសារ ដាក់ជូនសាលាឯកជនមួយនេះដើម្បីដោះស្រាយបញ្ហាមួយចំនួន។
លោក កែង ណារុន ជាឪពុកសិស្ស ២ នាក់ ដែលរៀននៅសាលានេះបានថ្លែងថា ក្រុមឪពុកម្ដាយសិស្សបានទាមទារ ៤ ចំណុចគឺឱ្យរក្សាតម្លៃសិក្សានៅដដែលបន្ទាប់ពីសាលាទើបសម្រេចដំឡើងថ្លៃ ៨ ភាគរយ សម្រាប់ឆ្នាំសិក្សាថ្មីឆ្នាំ ២០២០-២០២១ សុំពន្យារពេលចុះឈ្មោះចូលរៀនដែលសាលាដាក់កំហិតបិទបញ្ចប់ត្រឹមចុងខែមេសា សុំបញ្ចុះតម្លៃសិក្សា ៣០ ភាគរយ ក្នុងករណីបង្រៀនសិស្សតាមអនឡាញពេលកំពុងមានជំងឺកូវីដ ១៩ និងសុំពង្រឹងគុណភាពបង្រៀនឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះក្រោយកែប្រែឈ្មោះសាលាហ្សាម៉ានមកជាសាលាផារ៉ាហ្គន។
លោកថា៖ «ខណៈពួកយើងកំពុងប្រឈមទាំងវិបត្តិជំងឺកូវីដ និងសេដ្ឋកិច្ច ដែលវិបត្តិនេះមិនត្រឹមប៉ះពាល់ប្រជាជនកម្ពុជាយើងទេគឺនៅទូទាំងពិភពលោក។ ប៉ុន្តែក្នុងខណៈនេះខាងថ្នាក់ដឹកនាំសាលាបែរជាបង្កើនថ្លៃសិក្សាទៅវិញ ធ្វើឱ្យឪពុកម្ដាយសិស្សមិនពេញចិត្តទើបនាំគ្នាធ្វើសំណើសុំទៅសាលាដើម្បីរក្សាតម្លៃសិក្សាឱ្យនៅដដែល»។
កាលពីថ្ងៃទី ២២ មេសា ខាងសាលាអន្តរជាតិផារ៉ាហ្គនធ្លាប់ប្រឈមនឹងការតវ៉ាពីឪពុកម្ដាយសិស្សម្ដងរួចហើយ ហើយនៅថ្ងៃ ២៣ មេសា ខាងសាលាបានចេញសេចក្ដីជូនដំណឹងមួយឆ្លើយតបនឹងការទាមទារនេះ។
ក្នុងសេចក្ដីជូនដំណឹងនោះសាលាបានឱ្យឪពុកម្ដាយសិស្សដែលជួបបញ្ហាហិរញ្ញវត្ថុត្រូវដាក់ពាក្យស្នើសុំការបញ្ចុះតម្លៃសិក្សាដោយភ្ជាប់មកជាមួយនូវឯកសារគាំទ្រផ្សេងៗដើម្បីឱ្យសាលាពិនិត្យ និងពិចារណាតាមការណ៍នីមួយៗ។
កាលពីថ្ងៃម្សិលមិញ ភ្នំពេញ ប៉ុស្ដិ៍ មិនអាចសុំការបំភ្លឺផ្ទាល់ពីភាគីសាលាបានទេ ដោយសារខាងសន្ដិសុខយាមមិនអនុញ្ញាតដោយលើកហេតុផលថា ទាល់តែមានការធ្វើសន្និសីទកាសែតទើបអនុញ្ញាតឱ្យចូល។
ក៏ប៉ុន្តែលោក អ៊ាង សុផល្លែត ប្រធានកិត្តិយសសាលាអន្តរជាតិផារ៉ាហ្គនបានប្រាប់ភ្នំពេញ-ប៉ុស្ដិ៍តាមទូរស័ព្ទថា សាលាធ្លាប់បានបញ្ជាក់ច្បាស់ក្នុងសេចក្ដីជូនដំណឹងនោះរួចហើយថា នឹងជួយសម្រួលតម្លៃចំពោះសិស្សដែលមានឪពុកម្ដាយជួបបញ្ហាហិរញ្ញវត្ថុដោយសារជំងឺកូវីដ ១៩។
លោកថា៖ «យើងបានជួយសម្រួលអស់ហើយតាមរយៈសេចក្ដីជូនដំណឹងរបស់សាលា។
សូមអញ្ជើញមកជួបជាមួយសាលាមកដើម្បីដោះស្រាយ ហើយដូចជាអត់មានអីទៀតទេប្រសិនបើគាត់ចង់បាន យើងនឹងជួយ»។
កាលពីពេលថ្មីៗនេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានចេញសេចក្ដីអំពាវនាវទៅដល់ឪពុកម្ដាយសិស្ស ត្រូវដាក់ពាក្យសុំបញ្ចុះតម្លៃសិក្សាមកសាលា និងមិនគួរប្រមូលផ្ដុំគ្នាតវ៉ាតាមសាលាឡើយ ដើម្បីចៀសវាងការឆ្លងកូវីដ១៩។
ជាមួយគ្នានេះសមាគមបានបន្តថា គ្រឹះស្ថានសិក្សាឯកជនក៏កំពុងជួបការលំបាក និងប៉ះពាល់ខ្លាំងពីជំងឺកូវីដដែរ ដូចជាត្រូវបន្តបើកប្រាក់បៀវត្សរ៍ដល់បុគ្គលិក បន្តបង់ឈ្នួលអគារ បន្តបង់ការប្រាក់ និងប្រាក់ដើមដល់ធនាគារ និងចំណាយផ្សេងៗទៀត ខណៈសាលាធ្លាក់ចុះប្រាក់ចំណូល ដោយសារថយចុះចំនួនសិស្សជាដើម។
លោក លី សុវ៉ាត់ ដែលមានកូន ៣ នាក់រៀនថ្នាក់ទី ៥ ទី ៧ និងថ្នាក់ទី ៨ នៃសាលាមួយនេះបានបញ្ជាក់ថា ការតម្រូវឱ្យកូនសិស្សរៀនតាមអនឡាញពីផ្ទះគឺតម្រូវឱ្យឪពុកម្ដាយត្រូវចំណាយពេល ១ កម្រិតទៀតដែលធ្វើឲ្យប៉ះពាល់ដល់ការចេញទៅប្រកបមុខរបរដើម្បីរកប្រាក់កម្រៃ។
លោកថា៖ «សម្រាប់ពួកខ្ញុំអ្នករកស៊ីគឺកំពុងយ៉ាប់ដោយសារការផ្ទុះឡើងជំងឺកូវីដ ១៩ នេះហើយណាមួយត្រូវគ្មានពេលចេញរកស៊ីដោយសារត្រូវនៅមើលកូនដែលត្រូវរៀននៅតាមផ្ទះ។ នៅពេលរៀនតាមអនឡាញ យើងត្រូវនៅឈរមើលកូនរៀននៅតាមផ្ទះអ៊ីចឹងទៅ ឥឡូវចង់ស្ដ្រេសទៅវិញ ដោយសារអត់បានចេញទៅណា។ ប្រសិនបើសាលាមិនទទួលយកការទាមទារទេ យើងមានតែសម្រេចឱ្យកូនដូរសាលាដែលយើងគិតអាចមានលទ្ធភាព»។
តាមតារាងតម្លៃសិក្សាសម្រាប់ឆ្នាំសិក្សា ២០២០-២០២១ នៅសាលារៀនអន្តរជាតិផារ៉ាហ្គនបានបង្ហាញថា កម្មវិធីសិក្សាអន្តរជាតិសម្រាប់កុមារដែលទើបតែចេះដើរ មានប្រហែល ៣ ០០០ ដុល្លារ ហើយចាប់ពីថ្នាក់ទី ៧ ដល់ថ្នាក់ទី ៩ ត្រូវបង់ ៨ ៩៥០ និងចាប់ពីថ្នាក់ទី ១០ ដល់ថ្នាក់ទី ១២ ត្រូវបង់ចំនួនចំនួន ៩ ៤២០ ដុល្លារ៕