ស្ទឹងត្រែងៈ នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ស្ទឹងត្រែង​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង​នៅ​ថ្ងៃ​សុក្រ​នេះ​ បន្ទាប់ពី​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​ ៣ ​មករា​តាម​បណ្តឹង​របស់​ម្តាយមីង​ក្មេង​រងគ្រោះ​ក្រោយពី​ជនសង្ស័យ​ចាប់​កូនបង្កើត​រំលោភ​សេពសន្ថវៈ​បាន​សម្រេច​ ២ ​ដង​។

លោក​ ដួង ស៊ីវត្ថា ​នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ស្ទឹងត្រែង​ប្រាប់ពី​ថ្ងៃ​ម្សិលមិញ​ថា​៖ «​យើង​បញ្ជូន​គាត់​ទៅ​តុលាការ​ខេត្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​បន្ត​ទៀត​»​។

លោក ស៊ីវត្ថា ប្រាប់​បន្ត​ថា​ក្មេង​រងគ្រោះ​អាយុ​ ១២ ​ឆ្នាំ​រីឯ​ជនសង្ស័យ​ជា​ឪពុក​ឈ្មោះ​ គង់ ភារម្យ​អាយុ​ ៤៩ ​ឆ្នាំ​មាន​លំនៅ​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង​។

លោក​ប្រាប់​តាម​សម្តី​ក្មេង​រងគ្រោះ​ថា ​បើ​យោង​តាម​ចម្លើយ​ក្មេងស្រី​រងគ្រោះ​និយាយ​ថា​ករណី​នេះ​បាន​កើតឡើង​ក្នុង​អំឡុង​ខែ​មិថុនា​ឆ្នាំ​ ២០១៧ ​ដោយ​នៅ​ពេល​មួយ​ដែល​នាង​មិន​ចាំ​ថ្ងៃ​ខែ​គឺ​នៅ​ពេល​ម្តាយ​នាង​ទៅ​ខេត្ត​កំពង់ចាម​។ ​ឪពុក​របស់​នាង​បាន​ចាប់​នាង​រំលោភ​រហូត​បាន​សម្រេច​ហើយ​នៅ​ថ្ងៃ​បន្ទាប់​ឪពុក​នោះ​ក៏​ធ្វើ​សកម្មភាព​បាន​សម្រេច​ម្តង​ទៀត​។ ​រឿង​នេះ​ក្មេងស្រី​រងគ្រោះ​បាន​និយាយ​ប្រាប់​ម្តាយ​ដែរ ប៉ុន្តែ​ម្តាយ​មិន​អើពើ​។ ប៉ុន្តែ​នៅ​មុន​ថ្ងៃ​ទី​ ២ ធ្នូ ឆ្នាំ​ ២០១៨ ​ក្មេង​រងគ្រោះ​បាន​ទៅ​ផ្ទះ​ម្តាយមីង​នៅ​ខេត្ត​កំពង់ចាម​ហើយ​នាង​និយាយ​រឿងរ៉ាវ​នេះ​ប្រាប់​ហើយ​ម្តាយមីង​ក៏​នាំ​នាង​ទៅ​ប្តឹង​សមត្ថកិច្ច​នៅ​ទី​នោះ ប៉ុន្តែ​ដោយសារ​រឿង​នេះ​កើត​នៅ​ខេត្ត​ស្ទឹងត្រែង​ទើប​សមត្ថកិច្ច​ណែនាំ​ឲ្យ​ត្រឡប់​មក​ប្តឹង​នៅ​ស្រុក​ថា​ឡាបរិវ៉ាត់​វិញ​។

លោក​ សែម ស៊ីថា ​អធិការ​នគរបាល​ស្រុក​ថា​ឡាបរិវ៉ាត់​អះអាង​ថា​តាម​ការ​សួរចម្លើយ​ជា​បឋម​ជនសង្ស័យ​បាន​សារភាព​ហើយ​ថា​គេ​ពិត​ជា​បាន​រំលោភ​កូនស្រី​ខ្លួនឯង ព្រោះ​តែ​ស្រវឹងស្រា​ហើយ​គិត​ថា​ជា​ប្រពន្ធ​របស់​ខ្លួន​នៅ​ពេល​នោះ​៕