កំពង់ចាមៈ ជនសង្ស័យ​ជា​ឪពុក​ដែល​ចាប់​រំលោភ​កូនស្រី​បង្កើត​អាយុ​ ៦ ​ឆ្នាំ​ត្រូវ​បាន​នគរបាល​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ចាម​កាលពី​ម្សិលមិញ បន្ទាប់ពី​ចាប់​ខ្លួន​នៅ​ភូមិ​ជាំជ្រៃ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ​កាលពី​យប់​ថ្ងៃទី​ ១២ ​ខែ​ឧសភា​។

លោក ហេង វុទ្ធី ស្នងការរង​នគរបាល​ខេត្ត​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​នោះ ឈ្មោះ ជិញ ព្រួញ អាយុ​ ៣៧ ​ឆ្នាំ ឯ​កូនស្រី​រងគ្រោះ​ឈ្មោះ ជ.ច.ថ អាយុ​ ៦ ​ឆ្នាំ រស់នៅ​ភូមិ-ឃុំ កើតហេតុ​ខាង​លើ​។

លោក​ប្រាប់​ថា​៖ «​ជនសង្ស័យ​ខ្ញុំ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ចាម​ហើយ​កាលពី​ព្រឹក​មិញ​ (​ថ្ងៃ​ចន្ទ​) ​ប៉ុន្តែ​បើ​តាម​ខ្ញុំ​ដឹង​ជា​នីតិវិធី​តុលាការ​គឺ​ជនសង្ស័យ​ត្រូវ​ឆ្លងកាត់​ការ​សួរ និង​ចោទប្រកាន់​របស់​ព្រះរាជអាជ្ញា​សិន បន្ទាប់មក​ទើប​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចោទប្រកាន់​ចុង​ក្រោយ​...»​។

លោក ញ៉ែម ថុល នាយ​នគរបាល​ប៉ុស្តិ៍​ចំការអណ្តូង​បាន​ប្រាប់​ថា​លោក​ដឹង​ថា ជនសង្ស័យ​មាន​កូន​ ២ ​នាក់ ប៉ុន្តែ​មិន​ដឹង​ថា​កូន​បងប្រុស​ ឬ​ស្រី​ទេ ឯ​កូនស្រី​រងគ្រោះ​អាយុ​ ៦ ​ឆ្នាំ ហើយ​បើ​តាម​សាក្សី​ថា ជនសង្ស័យ​ជា​មនុស្ស​សតិ​មិន​ល្អ​។ លោក​បន្ត​ថា​៖ «​នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ​មិនមែន​លើ​ផ្ទះ​គ្មាន​មនុស្ស​នៅ​ទេ​គឺ​មាន​ប្រពន្ធ និង​បងថ្លៃ​នៅ​ទី​នោះ​ទាំងអស់​គ្នា ប៉ុន្តែ​បែរ​ជា​ជនសង្ស័យ​ហ៊ាន​ធ្វើ​បែប​នេះ​»​។

លោក​បាន​បន្ត​ថា​ក្រោយពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួច ក្មេង​រងគ្រោះ​បាន​ស្រែក​ធ្វើឲ្យ​អ្នក​ក្នុង​ផ្ទះ​ឆោឡោ​ហើយ​ក្រោយ​ក្មេង​ប្រាប់​ទើប​ពួកគេ​រាយការណ៍​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ឃាត់​ខ្លួន​ជនសង្ស័យ​ភ្លាមៗ​តែ​ម្ដង​។

លោក សន ជ័យ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ហៅ​កាត់​ថា​ (ANSA) ​យល់​ឃើញ​ថា​បើ​យើង​មើល​មួយ​ជ្រុង​ករណី​បែប​នេះ​វា​ជា​ទិដ្ឋភាព​មួយ​មិន​ដែល​កើត​មាន​ទេ ហើយ​វា​ជា​រឿង​មួយ​ហួស​ពី​ការគិត ហួស​ពី​ការយល់ នៅក្នុង​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​ដូចជា​កម្ពុជា​។

លោក​បញ្ជាក់​ថា​៖ «​វិបត្តិ​សីលធម៌​សង្គម​គឺ​វា​ចុះ​ដល់​កម្រិត​មួយ​សម្រាប់​បុគ្គល​មួយ​ចំនួន ហើយ​វា​អាច​កើតឡើង​ដោយសារ​មនុស្ស​នោះ​ស្រវឹង​ ឬ​ត្រូវ​បាន​គេ​ដាក់​បន្ទុក​ថា ជា​មនុស្ស​សេព​គ្រឿងញៀន​។ ដើមហេតុ​ដូចជា​មិន​ទាន់​មាន​ការសន្និដ្ឋាន​ ឬ​ការ​ស៊ើបអង្កេត​ណា​មួយ​ឲ្យ​ស៊ីជម្រៅ​ទេ​»៕