ភ្នំពេញៈ លោក Patrick Murphy ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកបានមកដល់កម្ពុជាហើយកាលពីយប់ថ្ងៃពុធ ដោយលោករំពឹងថានឹងធ្វើឲ្យទំនាក់ទំនងរវាងអាមេរិក និងកម្ពុជាកាន់តែរឹងមាំ។

លោក Murphy បានថ្លែងនៅពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថា៖ «អស្ចារ្យណាស់ដែលបានត្រឡប់មកកម្ពុជាសាជាថ្មី។ ចាប់ពីពេលខ្ញុំមកដល់ទីនេះភ្លាម ខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅ ហើយខ្ញុំទន្ទឹងរង់ចាំការពង្រឹងទំនាក់ទំនងអាមេរិក និងកម្ពុជា»។

លោកស្រី Emily Zeeberg អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាបានថ្លែងតាមអ៊ីមែលកាលពីម្សិលមិញថា លោកឯកអគ្គរដ្ឋទូត Murphy បានចាប់ផ្ដើមប្រជុំជាច្រើននៅឯស្ថានទូតសហរដ្ឋអាមេរិកដោយជួបជាមួយបុគ្គលិកជនជាតិខ្មែរ និងអាមេរិកដ៏ល្អៗទាំងអស់។

លោកស្រីថ្លែងបន្តថា៖ «អាទិភាពរបស់លោកឯកអគ្គរដ្ឋទូតរួមមានការពង្រឹងទំនាក់ទំនងអាមេរិក-កម្ពុជា និងគាំទ្រដល់ប្រជាជនកម្ពុជា។ លោកឯកអគ្គរដ្ឋទូត Murphy ទន្ទឹងរង់ចាំបង្ហាញសារតាំងរបស់លោកនាពេលឆាប់ៗនេះ ហើយមានការទំនាក់ទំនងជាមួយអាជ្ញាធររដ្ឋាភិបាល សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅកម្ពុជា»។

យោងតាមសារនៅលើបណ្ដាញ Twitter លោក Murphy បានស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទក្រោមអធិបតីភាពលោក David Hale អនុរដ្ឋលេខាធិការផ្នែកកិច្ចការនយោបាយនៃក្រសួងការបរទេសអាមេរិក។

លោក Patrick Murphy ថ្វាយបង្គំព្រះសង្ឃ។ រូបថត សហការី

កាលពីថ្ងៃសុក្រសប្ដាហ៍មុនលោកបានបង្ហោះសារស្វាគមន៍ដោយបញ្ជាក់ថា លោកបានធ្វើដំណើរមកកម្ពុជាច្រើនដងរួចមកហើយ។ ក្នុងដំណើរលើកនេះ លោកនឹងប្ដេជ្ញាពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការនៃប្រទេសទាំង ២ លើការអភិវឌ្ឍ ពាណិជ្ជកម្ម សុខភាពសាធារណៈ ការអនុវត្តច្បាប់ ការថែរក្សាវប្បធម៌ និងការផ្លាស់ប្ដូររវាងមនុស្ស និងមនុស្ស។

លោកបានថ្លែងនៅពេលនោះថា៖ «ខ្ញុំប្ដេជ្ញាជួយឲ្យប្រទេសយើងទាំង ២ ពង្រឹងទំនាក់ទំនងលើបញ្ហាទាំងនេះ និងទំនាក់ទំនងផ្សេងទៀត ហើយនិងគាំទ្រដល់កម្ពុជាមួយដែលមាន ឯករាជ្យ វឌ្ឍនភាព និងប្រជាធិបតេយ្យ»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងកាលពីម្សិលមិញថា លោក Murphy ទើបតែមកដល់ហើយលោកមិនទាន់បង្ហាញសារតាំងនៅឡើយ។

ទោះយ៉ាងណាលោកថ្លែងថា៖ «ក្ដីរំពឹងរបស់យើងគឺថា គាត់ជាអ្នកការទូតប្រកបដោយវិជ្ជាជីវៈ គាត់មានភារកិច្ចពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការល្អរវាងប្រទេសទាំង ២។ ខ្ញុំមិនអាចអត្ថាធិប្បាយច្រើនជាងនេះទេដោយសារតែគាត់មិនទាន់បានបង្ហាញសារតាំងទៅព្រះមហាក្សត្រ»។ លោកបន្តថា ក្រសួងការបរទេសជាអ្នករៀបចំកិច្ចការបង្ហាញសារតាំងនេះ។

លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា វាលឿនពេកសម្រាប់លោកក្នុងការបញ្ចេញមតិអំពីលោក Murphy ដោយសារលោកមិនទាន់មានសកម្មភាពអ្វីនៅឡើយ។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានថ្លែងកាលពីម្សិលមិញថា សហរដ្ឋអាមេរិកថ្មីៗនេះបានបញ្ចេញសំឡេងក្នុងការទាមទារឲ្យមានការកែប្រែស្ថានការណ៍នៅកម្ពុជា និងកែប្រែទំនាក់ទំនងរវាងកម្ពុជានឹងចិន។

លោកបានថ្លែងថា៖ «ទោះយ៉ាងណាឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកដែលជាអ្នកការទូតមានបទពិសោធច្រើន ប្រហែលជាមិនទទួលបានផ្លែផ្កាច្រើនទេ ប្រសិនបើអាមេរិកមិនត្រៀមខ្លួនប្រើការទូតបែបបង្ខិតបង្ខំ ហើយមិនទទួលបានជោគជ័យក្នុងការធ្វើឲ្យចិន បន្ធូរចំណងដ៏តឹងរបស់ខ្លួនមកលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»៕