ភ្នំពេញៈ លោក អើមីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រ​ខាងកើត​ប្រចាំ​កម្ពុជា​ដែល​ទើប​តែងតាំង​ថ្មី កាលពី​ម្សិលមិញ​បាន​សន្យា​នឹង​បន្ត​ពង្រីក​​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា​ឲ្យ​កាន់តែ​រឹងមាំ​ និង​ចង់ឃើញ​អ្នកវិនិយោគ​ពី​កម្ពុជា​ទៅ​វិនិយោគ​នៅ​ទីម័រ​ខាងកើត​។

ការបង្ហាញ​បេសកកម្ម​ការទូត​របស់​លោក ឡូប៉េស បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ទ្វេភាគី​កាលពី​ម្សិលមិញ​ជាមួយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​នៅ​វិមាន​រដ្ឋសភា រាជធានី​ភ្នំពេញ​។

ទំព័រ​ហ្វេសប៊ុក​របស់​លោក ហេង សំរិន បាន​ចុះផ្សាយ​ដោយ​ស្រង់​សម្ដី​លោក ឡូប៉េស ថា​៖ «​ឯកឧត្តម​សន្យាថា នឹង​ខិតខំ​បំពេញ​បេសកកម្ម​ការទូត​ឲ្យ​ទទួល​បាន​ជោគជ័យ​នៅក្នុង​ការពង្រឹងពង្រីក ទំនាក់ទំនង​ប្រទេស​ទាំង​ ២ ​ឲ្យ​កាន់តែ​រឹងមាំ​ឡើង​»​។

ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ​បាន​ដកស្រង់​សម្ដី លោក ឡូប៉េស ថា​ប្រទេស​ទីម័រ​ខាង​កើត​ សម្បូរ​ដោយ​ធនធាន​ធម្មជាតិ​ដែល​ទាមទារ​ឲ្យ​មាន​ការវិនិយោគ​ពី​បរទេស​បន្ថែម​ទៀត ហើយ​បច្ចុប្បន្ន​ប្រទេស​នេះ​កំពុង​មាន​អ្នកវិនិយោគ​ពី ឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក និង​ប្រទេស​ជាច្រើន​ទៀត ប៉ុន្តែ​មិនទាន់​មាន​អ្នកវិនិយោគ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​នៅឡើយ​។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​បាន​បញ្ជាក់​ថា គោលបំណង​សំខាន់​នៅក្នុង​ជំនួប​នេះ​គឺ​គ្រាន់តែ​ជា​ការសម្ដែង​ការគួរសម​គ្នា និង​បាន​ពិភាក្សា​អំពី​សេដ្ឋកិច្ច និង​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ ២ ចាប់តាំងពី​ប្រទេស​ទីម័រ​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​ ២០០២ ​មក ប៉ុន្តែ​អគ្គរដ្ឋទូត​ទីម័រ​ពុំ​បាន​បញ្ជាក់​អំពី​វិស័យ​ណាខ្លះ​ដែល​ចង់ឃើញ​ឱ្យ​អ្នកវិនិយោគ​ពី​កម្ពុជា​ទៅ​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​ខ្លួន​នោះទេ​។

លោក​ថា​៖ «​គាត់​ (​ឡូប៉េស​) ​គ្រាន់តែ​បញ្ជាក់ថា នៅក្នុង​ប្រទេស​គាត់​មាន​តែ​អ្នកវិនិយោគ​មកពី​ប្រទេស​មួយ​ចំនួន​ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី អូស្ដ្រាលី និង​សហរដ្ឋអាមេរិក ប៉ុន្តែ​អត់មាន​កម្ពុជា អ៊ីចឹង​សុំ​ឱ្យ​កម្ពុជា​ទៅ​វិនិយោគ​នៅ​ប្រទេស​គាត់​»​។

លោក ឡេង ប៉េងឡុង បន្ថែម​ថា​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ទទួល​យក​ការអញ្ជើញ​ពី​លោក Ermenegildo Kupa Lopes ដើម្បី​ធ្វើដំណើរ​ទៅ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ទីម័រ​ក្នុង​ពេលវេលា​សមស្រប​ណាមួយ​នៅពេល​ខាងមុខ ខណៈ​នៅក្នុង​ជំនួប អគ្គរដ្ឋទូត​​ទីម័រ​ក៏បាន​កោតសរសើរ​កម្ពុជា​ដែល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​១៩​ បាន​ល្អ​ប្រសើរ​។

ចំណែក​លោក ហេង សំរិន បាន​បញ្ជាក់ថា ប្រទេស​ទាំង​ ២ ​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​គ្នា​បន្ថែម​ទៀត​លើ​វិស័យ​ទេសចរណ៍ កសិកម្ម និង​ធនធាន​មនុស្ស ហើយ​រដ្ឋសភា​កម្ពុជា​នៅតែ​បន្ត​គាំទ្រ​រដ្ឋសភា​​ទីម័រ​ខាង​កើតជា​សមាជិក​ពេញសិទ្ធិ​ទី​ ១១ របស់​អាយប៉ា​ (AIPA) និង​អាស៊ាន​នៅ​ថ្ងៃ​អនាគត​។

កាលពី​ថ្ងៃទី​ ២៧ ​ខែ​ឧសភា​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ក្នុង​ជំនួប​ជាមួយ​លោក ឡូប៉េស បាន​ឲ្យ​ដឹងថា កម្ពុជា​ចង់​ឱ្យ​ទីម័រ​បញ្ជូន​ក្រុមហ៊ុន​ទិញ​អង្ករ​របស់​ខ្លួន​មក​បោះ​ទីតាំង​នៅ​កម្ពុជា ដើម្បី​រៀបចំ​ឲ្យ​មាន​ឃ្លាំង រោងចក្រ មាន​កន្លែង​សម្ងួត និង​មាន​បណ្ដាញ​ទិញ ទិញ​អង្ករ​ដើម្បី​ធ្វើការ​នាំ​ចេញ​ទៅ​ប្រទេស​ទីម័រ​ខាងកើត​៕