ភ្នំពេញៈ ឯកអគ្គរដ្ឋទូតនៃប្រទេសរុស្ស៊ីប្រចាំកម្ពុជាលោក Anatoly Borovik ប្រកាសពីកិច្ចសហការជាមួយកម្ពុជា ដើម្បីសិក្សាពីលទ្ធភាពដែលអាចនឹងផ្តល់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលផលិតបាននៅប្រទេសខ្លួនមកឱ្យប្រទេសកម្ពុជា ខណៈដែលប្រទេសនេះស្វាគមន៍រាល់វ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO)។
ការថ្លែងបែបនេះពេលលោកប្រាប់អ្នកកាសែតពីម្សិលមិញ ក្រោយពីលោកឯកអគ្គរដ្ឋទូតដឹកនាំមន្ត្រីទូតចូលរួមក្នុងសវនាការ និងផ្តល់អំណោយដែលរួមមានអង្ករ ២ តោន ទឹកសុទ្ធ ២១ យួរ និងមី ៧៥ កេស ជូនកាកបាទក្រហមកម្ពុជាសម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នាទីស្នាក់ការកាកបាទក្រហមកម្ពុជា។
លោក Anatoly Borovik បានថ្លែងដូច្នេះថា៖ «យើងកំពុងតែពិភាក្សាធ្វើកិច្ចសហប្រតិបត្តិការក្នុងការផ្តល់វ៉ាក់សាំងផលិតនៅប្រទេសរុស្ស៊ី ព្រោះប្រទេសកម្ពុជាបានបញ្ជាក់ពីចំណាប់អារម្មណ៍ចំពោះវ៉ាក់សាំងថ្មីដែលបានផលិតនៅប្រទេសរុស្ស៊ី។ យើងនឹងរៀបចំទំនាក់ទំនងរវាងមន្ត្រីជំនាញខាងវិទ្យាសាស្ត្ររបស់យើងទាំង ២ ដើម្បីពិភាក្សាបញ្ហានេះដោយលម្អិត»។
ក្រៅពីអះអាងយ៉ាងដូច្នេះលោក Anatoly ក៏បានផ្តាំផ្ញើ និងបង្ហាញការរំលែកទុក្ខមកកាន់ប្រជាពលរដ្ឋខ្មែរដែលកំពុងរងគ្រោះដោយសារទឹកជំនន់ផងដែរ។ លោករំពឹងថាកម្ពុជានឹងអាចស្តារហេដ្ឋារចនាសម្ព័ន្ធដែលបានខូចខាតយ៉ាងដំណំដោយសារគ្រោះទឹកជំនន់ឱ្យបានឡើងវិញឆាប់រហ័សផងដែរ។
លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណដល់ប្រទេសរុស្ស៊ីដែលបានផ្តល់អំណោយសប្បុរសធម៌ជូនដល់កម្ពុជា និងបានប្រកាសប្តេជ្ញាជួយដល់កម្ពុជាក្នុងការផ្តល់ជាវ៉ាក់សាំងការពារជំងឺកូវីដ១៩។ ទោះយ៉ាងណាលោកស្រីរំពឹងថា កម្ពុជា និងរុស្ស៊ីនឹងពិភាក្សាឱ្យបានលម្អិតបន្ថែមទៀត ដើម្បីទទួលបានវ៉ាក់សាំងការពារកូវីដ ១៩ ពីរដ្ឋាភិបាលរុស្ស៊ីមកជួយដល់ប្រជាពលរដ្ឋកម្ពុជា។
លោកស្រីថ្លែងថា៖ «ការផ្តល់វ៉ាក់សាំងនេះគឺពាក់ព័ន្ធនឹងផ្នែកសុខាភិបាលទេ។ ប៉ុន្តែលោក Anatoly Borovik ក៏បានគូសបញ្ជាក់ដែរអំពីបញ្ហានេះព្រោះថា ប្រទេសទាំង ២ មានសមិទ្ធផលរួមគ្នាដូចជា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាដើម ហើយវាជាកន្លែងដែលទទួលព្យាបាលជំងឺកូវីដ ១៩។ អ៊ីចឹងប្រទេសរុស្ស៊ីកំពុងតែពិនិត្យក្នុងការជួយនេះ»។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ក្រសួងមិនទាន់ទទួលបានព័ត៌មានលម្អិតជុំវិញកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលរុស្ស៊ីជុំវិញការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩មកកម្ពុជានៅឡើយទេ។
ប៉ុន្តែលោកស្រីថា៖ «ទោះជាប្រទេសណាក៏ដោយ ប្រសិនបើវ៉ាក់សាំងណាមួយមានការទទួលស្គាល់ជាផ្លូវការពីសុវត្ថិភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់លើមនុស្សដោយអង្គការសុខភាពពិភពលោក នោះកិច្ចសហការជាមួយបណ្តាប្រទេសដែលមានបំណងជួយកម្ពុជាក្នុងការទទួលបានវ៉ាក់សាំងមកប្រើប្រាស់ដើម្បីការពារជំងឺកូវីដ ១៩ គឺជាការល្អប្រសើរ»។
តាមការគិត និងការប៉ាន់ស្មានទុកជាមុនរបស់អ្នកបច្ចេកទេសនៃអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ក្នុងរង្វង់ប្រហែលជាពាក់កណ្តាលឆ្នាំ ២០២១ អាចនឹងមានវ៉ាក់សាំងមួយចំនួនក្នុងចំណោមវ៉ាក់សាំងពី ៨ ទៅ ៩ ប្រភេទដែលអាចយកមកប្រើប្រាស់បានដើម្បីការពារជំងឺកូវីដ ១៩ នៅទូទាំងពិភពលោក។
ជាមួយនឹងការប៉ាន់ប្រមាណនេះអង្គការ WHO អង្គការ ហ្គាវី (GAVI) និងកម្មវិធីជាតិចាក់ថ្នាំបង្ការរបស់ក្រសួងសុខាភិបាលក៏បានមូលមតិគ្នាដើម្បីរៀបចំធ្វើផែនការអភិវឌ្ឍន៍នូវផែនការមួយដែលហៅថា Deployment Plan សម្រាប់ធ្វើការពិនិត្យមើល គ្រប់គ្រង ការបែងចែករួមគ្នា និងការមើលថា តើក្រុមណាដែលត្រូវទទួលនូវវ៉ាក់សាំងមុនគេនៅកម្ពុជា។ នេះបើតាមលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល។
បើតាមអ្នកនាំពាក្យរូបនេះបើក្នុងករណីដែលអង្គការ WHO ប្រកាសទទួលស្គាល់វ៉ាក់សាំងនោះគឺកម្ពុជានឹងទទួលបានពីអង្គការសុខភាពពិភពលោកមួយនេះក្នុងរង្វង់ ៣ ភាគរយនៃចំនួនប្រជាជនសរុប ឬស្មើប្រមាណជាង ៣ លាននាក់។
កាលពីថ្ងៃទី ២១ ខែតុលា កម្ពុជាមិនបានរកឃើញករណីវិជ្ជមានវីរុសកូវីដ ១៩ ថ្មីនោះទេ ហើយក៏មិនមានករណីជាសះស្បើយនោះដែរ។ តួលេខឆ្លងសរុបទូទាំងប្រទេសមានចំនួន ២៨៦ ករណី ហើយអ្នកបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៦ នាក់។ នេះបើតាមសេចក្តីជូនព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល៕