ភ្នំពេញៈ លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហបុរី​ថ្មី ដែល​ត្រូវ​ចូលមក​កាន់តំណែង​នៅ​កម្ពុជា ដោយ​ឯកអគ្គរដ្ឋទូត​រូបនេះ បង្ហាញ​ការចាប់​អារម្មណ៍​លើ​កិច្ចការងារ​គ្រប់គ្រង​សំរាម ទឹកស្អាត និង​ការពង្រឹង​សមត្ថភាព​មន្ត្រី​នៅ​កម្ពុជា​។

ជំនួប​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​ ២៦ ខែ ឧសភា ឆ្នាំ​ ២០២១ នៅ​ទីស្តីការ​ក្រសួង​ក្នុង​ឱកាស​ដែល លោកស្រី Teo Lay Cheng ទើបតែ​ត្រូវបាន​បំពេញ​បេសកកម្ម​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​នៅ​កម្ពុជា​។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួងបរិស្ថាន​។

ក្នុង​ឱកាស​នោះ លោកស្រី Teo Lay Cheng ថ្លែងថា លោកស្រី ពិតជា​ចង់​សិក្សា​ស្វែងយល់​បន្ថែម​នូវ​លទ្ធភាព​ក្នុងការ​ពង្រឹង​កិច្ចសហការ​រវាង​ប្រទេស​ទាំង​ ២ ឱ្យ​កាន់តែ​ប្រសើរ ជាពិសេស​លើ​កិច្ចការងារ​គ្រប់​គ្រប​សំរាម ទឹកស្អាត​និង​ការពង្រឹង​សមត្ថភាព​មន្ត្រី​នៅ​កម្ពុជា​។

លោកស្រី​សង្ឃឹមថា​៖ «​នៅពេល​ខាងមុខ​នេះ​អាច​នឹងមាន​ការរៀបចំ​ទស្សនកិច្ច​ផ្លូវការ កម្រិត​បច្ចេកទេស និង​កម្រិត​នយោបាយ ដើម្បី​ចែករំលែក​បទពិសោធ​រវាង​កម្ពុជា និង​សិង្ហបុរី​លើ​វិស័យ​សំខាន់ៗ​នានា ជាអាទិ៍ បរិស្ថាន នគរូបនីយកម្ម​ និង​ទូរគមនាគមន៍​ព្រមទាំង​ដើម្បី​រឹតចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ ២ ​ផងដែរ​»​។

ជា​ការឆ្លើយតប លោក សាយ សំអាល់ បានលើកឡើង​ក្នុង​ជំនួប​នោះ​ថា កម្ពុជាស្វាគមន៍​ជានិច្ច និង​អបអរសាទរ​ចំពោះ​វត្តមាន​ឯកអគ្គរដ្ឋទូត​សិង្ហបុរី ដែល​ត្រូវ​រដ្ឋាភិបាល​ប្រទេស​សិង្ហបុរី​ផ្តល់នូវ​សេចក្តី​ទុកចិត្ត​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។

ក្រៅពីនេះ​លោក​ សាយ សំអាល់ ក៏បាន​លើកឡើង​ពី​សក្តានុពល​ដែល​សិង្ហបុរី បាន​សហការ​ និង​គាំទ្រ​កម្ពុជា​នាពេល​កន្លងមក ដោយមាន​ការបណ្តុះបណ្តាល​ធនធានមនុស្ស លើ​វិស័យ​អប់រំ​សិក្សាធិការ​តាមរយៈ​ការផ្តល់​អាហារូបករណ៍ ផ្លាស់ប្តូរ និង​ចែករំលែក​បទពិសោធ​គ្នា​ទៅវិញ​ទៅមក​។

ជាក់ស្តែង​លោក​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល​សិង្ហបុរី​ទើបតែ​បានផ្តល់​អាហារូបករណ៍​ដល់​មន្ត្រី​ជា​យុវជន​បន្តវេន​ ៤ ​នាក់ ​ទៅ​សិក្សា​នៅ​សាលា​គោលនយោបាយ​លីក្វាន់យូ សម្រាប់​ក្រសួងបរិស្ថាន​ផងដែរ​»​។

លោក​ នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ប្រាប់ ​ភ្នំពេញប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៧ ឧសភា ថា កម្ពុជា​ និង​សិង្ហបុរី​ធ្លាប់មាន​កិច្ចសហប្រតិបត្តិការ​ល្អ លើ​ផ្នែក​វិស័យ​បរិស្ថាន​ដោយ​ក្នុងនោះ​ក្រសួង​បរិស្ថាន​បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ ជាពិសេស​លើ​ការងារ​បណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ការពង្រឹង​សមត្ថភាព​របស់​មន្ត្រី​ក្រសួង​បរិស្ថាន​។

បន្ថែម​ពីនេះ លោក​បន្តថា កម្ពុជា​ និង​សិង្ហបុរី​ក៏​ធ្លាប់បាន​ផ្លាស់ប្តូរ​បទពិសោធ​គ្នា​ជាច្រើន​លើ​វិស័យ​បរិស្ថាន​ជាពិសេស​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកជំនាញ និង​ក្រុមហ៊ុន​មកពី​សិង្ហបុរី​មក​កម្ពុជា ខណៈ​អ្នកជំនាញ​ទាំងនោះ បាន​ចែករំលែក​បទពិសោធ​ និង​មាន​គម្រោង​វិនិយោគ​ជាច្រើន​ដូចជា​ការកែច្នៃ​សំណល់​ផ្ទះបាយ​នៅ​តាម​គេហដ្ឋាន និង​សាលារៀន​ឱ្យ​ទៅ​ជា​ជីកំប៉ុស​ក្នុង​តម្លៃថោក​សម្រាប់​ប្រើប្រាស់​ក្នុង​ការដាំ​ដំណាំ​នៅតាម​សាលារៀន និង​តាម​ផ្ទះ ក៏ដូចជា​ការផ្លាស់ប្តូរ​បទពិសោធ​លើ​ការគ្រប់គ្រង​សំណល់​រាវ​ទឹក​កខ្វក់​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ក្រសួងបរិស្ថាន​កម្ពុជា ពិតជា​រីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ផ្នែក​បច្ចេកទេស​នេះ និង​ត្រៀមខ្លួន​សម្រាប់​ការសហការ​។ ក្រសួងបរិស្ថាន​ជឿជាក់ថា កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​បរិស្ថាន ជាមួយ​ប្រទេស​សិង្ហបុរី​នឹង​នាំមក​នូវ​បច្ចេកវិទ្យា​ថ្មី និង​ការបង្កើន​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ទាំង​ផ្នែក​ភាព​ជា​អ្នកដឹកនាំ និង​ផ្នែក​បច្ចេកទេស​ដែល​នឹង​ជាការ​ចូលរួម​ពង្រឹង​សមត្ថភាព​ធនធានមនុស្ស​កម្ពុជា​ក្នុង​វិស័យ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​»៕