ភ្នំពេញៈ រយៈពេល ១០ ខែឆ្នាំនេះសំណុំរឿងបទល្មើសជលផលនៅទូទាំងប្រទេសមានចំនួន ២ ២៧៩ ករណី ក្នុងនោះបទល្មើសជលផលក្នុងដែនសមុទ្រមាន ១៨៧ ករណី។ តួលេខនេះមានការថយចុះ ៣១២ ករណី បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍របស់រដ្ឋបាលជលផលកាលពីថ្ងៃចន្ទ ការធ្លាក់ចុះនៃចំនួនបទល្មើសជលផលដ៏គួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំនេះ គឺដោយសារក្រុមឆ្មាំទន្លេ [មន្ត្រីជលផល] និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាសហគមន៍នេសាទបានរួមសហការគ្នាល្អក្នុងការចុះល្បាតឃ្លាំមើល និងទប់ស្កាត់បទល្មើសជាប្រចាំ។
របាយការណ៍បង្ហាញថា ក្នុងចំណោមសំណុំរឿងបទល្មើសជលផលទាំង ២ ២៧៩ ករណីនេះ មាន ១៤១ ករណី ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់។ ក្នុងនោះជនសង្ស័យចំនួន ៧ នាក់ក្នុងចំណោម ១៨១ នាក់ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ចន្លោះពី ១ ឆ្នាំដល់ ៥ ឆ្នាំពាក់ព័ន្ធបទល្មើសប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់ក្នុងតំបន់ដែនអភិរក្សធនធានជលផល»។
រីឯសំណុំរឿង ១០១ ករណីទៀត ត្រូវបានផាកពិន័យអន្តរការណ៍ដែលគិតជាប្រាក់សរុប ២៣០ ៦៦២ ០០០ រៀល ឬស្មើ ៥៧ ៦៦៥ ដុល្លារ។ សំណុំរឿងរឹបអូស និងបំផ្លាញចោលវត្ថុតាងនៃបទល្មើស ២ ០៣៧ ករណីក្នុងនោះវត្ថុតាងដែលរួមមាន របាំងស្បៃមុង និងសាច់អួនប្រវែង ៧៨៥ ៤៥៧ ម៉ែត្រ លូស្បៃមុង និងសាច់អួន ១៣ ០៤០ មាត់ បង្គោល ឬចម្រឹង ៣៥៦ ៦៧៩ ដើមសម្រាស់ទំហំ ៧៥ ៥៣០ ម៉ែត្រក្រឡា លបកន្ទុយកណ្តុរ ៤ ៥០៨ គ្រឿង ឧបករណ៍ឆក់ត្រីចំនួន ៣២៧ គ្រឿង។
ជាមួយគ្នានេះសមត្ថកិច្ចរដ្ឋបាលជលផលក៏បានលែងត្រីចម្រុះប្រភេទដែលរឹបអូសបានពីបទល្មើស ៣៧ ១៧៧ គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញផងដែរ។
លោក លី ឡា ប្រធានខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងប្រាប់ពីម្សិលមិញថា ថ្វីដ្បិតបទល្មើសនេសាទក្នុងឆ្នាំនេះធ្លាក់ចុះគួរឱ្យកត់សម្គាល់ ប៉ុន្តែបរិមាណត្រីទឹកសាបក្នុងឆ្នាំនេះក៏អាចនឹងប្រែប្រួលធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ ព្រោះរបបទឹកទន្លេមេគង្គជន់ឡើងយឺតខុសប្រក្រតី។
លោកបានថ្លែងថា៖ «ជាទូទៅបឹងទន្លេសាបទទួលប្រភពទឹកពីទន្លេមេគង្គដើម្បីពង្រីកវិសាលភាព និងសក្ដានុពលរបស់ខ្លួនក្នុងការផ្ដល់ទីជម្រក និងអាហារដ៏សម្បូរបែបសម្រាប់ធនធានជលផលគ្រប់ប្រភេទរស់នៅ និងបង្កាត់ពូជ។ ប៉ុន្តែឆ្នាំនេះរបបទឹកទន្លេមេគង្គមានការប្រែប្រួលខុសពីធម្មតាដោយមានការជន់ឡើងយឺត។ ពិសេសក្នុងរដូវត្រីពងកូនទឹកទន្លេមានកម្រិតតិចតួចបំផុត ដែលមិនបង្កលក្ខណៈងាយស្រួលសម្រាប់ត្រីធ្វើចលនាបំផ្លាស់ទី និងពងកូននោះទេ»៕