
អ្នកជំនាញដោះមីនរបស់មជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា CMAC បានបំផ្ទុះគ្រាប់បែកចង្កោមដែលត្រូវបានទម្លាក់ដោយយន្តហោះអាមេរិក។ AFP
ភ្នំពេញៈ យ៉ាងហោចណាស់មានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៣ ម៉ឺនគ្រាប់ត្រូវបានមជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា (CMAC) ដោះចេញពីផ្ទៃដីជាង ៧៥ គីឡូម៉ែត្រការ៉េក្នុងរយៈពេល ១០ ខែឆ្នាំនេះ ខណៈបង្កាត់កូនសុនខហិតមីនបាន ៦៧ ក្បាល។ នេះបើតាមលោក ហេង រតនា ប្រធាន CMAC កាលពីម្សិលមិញ។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្ដិការឆមាសទី ២ ឆ្នាំ ២០១៨ នៅមជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជាពីម្សិលមិញលោក ហេង រតនា បានថ្លែងថានៅឆ្នាំនេះ CMAC មានផែនការធ្វើឲ្យសម្រេចបាន ១១៦ គីឡូម៉ែត្រការ៉េលើដីមានមីន ខណៈ ១០ ខែឆ្នាំនេះធ្វើបានជាង ៧៥ គីឡូម៉ែត្រការ៉េ ប៉ុន្តែលោករំពឹងថានឹងសម្រេចផែនការត្រឹម ២ ខែទៀត។
លោក រតនា បានបន្ដថា៖ «យើងសម្រេចបានជាង ៧៥ គីឡូម៉ែត្រការ៉េ ប៉ុន្ដែយើងជឿថាយើងនឹងអាចសម្រេចផែនការនេះបាន ១០០ ភាគរយ ព្រោះបើប្រៀបធៀបនឹងផែនការ ១០ ខែឆ្នាំមុនយើងសម្រេចបាន ៩៧ ភាគរយនៃផែនការរួចហើយ។ អ៊ីចឹងដូចជាមិនមានបញ្ហាសម្រាប់ ២ ខែចុងក្រោយឆ្នាំ ២០១៨ នេះទេ»។
ទោះយ៉ាងណាលោកបានថ្លែងដែរថា ទិន្នផលការងារក្នុងរដូវវស្សាមានការធ្លាក់ចុះដោយសារមានភ្លៀងធ្លាក់ពិបាកធ្វើដំណើរ ប៉ុន្ដែចូលដល់ខែ ១០-១២ នឹងទទួលបានលទ្ធផលល្អឡើងវិញ។
លោកបានបញ្ជាក់ថា៖ «អ៊ីចឹងយើងសង្ឃឹមថា ក្នុងឆ្នាំ ២០១៨ នេះផែនការយើងក្នុងការកម្ចាត់មីនជាង ១០០ គីឡូម៉ែត្រការ៉េ យើងអាចធ្វើបាន»។
បើតាមលោក រតនា កិច្ចប្រតិបត្ដិការរបស់ CMAC បានពឹងផ្អែកលើជំនួយអន្ដរជាតិជាង ៨០ ភាគរយដែលជាការគាំទ្រចំពោះបេសកកម្មនេះ។
លោកថា៖ «យើងត្រូវការគម្រោងថ្មីៗ ម្ចាស់ជំនួយថ្មីៗបន្ថែមទៀតដើម្បីគាំទ្រថវិកាដល់កិច្ចសហប្រតិបត្ដិការរបស់យើង ហើយខ្ញុំមើលទំនោរនៅក្នុងឆ្នាំ ២០១៩ ខាងមុខស្ថានភាពជំនួយនឹងប្រសើរជាងឆ្នាំ ២០១៨»។
ដោយឡែកនៅឆ្នាំ ២០១៩ ខាងមុខលោក រតនា បានបង្ហាញថា CMAC នឹងមានគម្រោងថ្មីៗប្រហែល ៣០ ក្នុងនោះគម្រោងថ្មីៗចំនួន ៥ នឹងអាចចាប់ផ្ដើមបាននៅដើមឆ្នាំក្រោយដោយមានថវិកាប្រមាណពី ១៤ ទៅ ១៥ លានដុល្លារ។
លោកបានបញ្ជាក់ថា៖ «យើងនឹងស៊ីញ៉េជាមួយម្ចាស់ជំនួយក្នុងសប្ដាហ៍នេះ ហើយខ្ញុំនឹងចុះហត្ថលេខាទទួលជំនួយខ្លះៗ ដែលមានប្រមាណ ១២ លានដុល្លារដែលយើងនឹងទទួលបាននាដើមឆ្នាំក្រោយនេះ។ គម្រោងជំនួយបន្ដបន្ទាប់ទៀត យើងនឹងបន្ដចរចាជាមួយគ្នា ហើយបើអ្វីៗទទួលបានតាមផែនការយើងគិតថា យើងអាចទទួលបានជំនួយពី ១៦ ទៅ ១៨ លានដុល្លារសម្រាប់ឆ្នាំ ២០១៩»។
លោក រតនា ឲ្យដឹងថាតាមរយៈជំនួយថ្មីៗក្នុងឆ្នាំ ២០១៩ នឹងផ្ដល់លទ្ធភាពឲ្យ CMAC អាចបន្ដរំដោះផ្ទៃដីបានចាប់ពី ១១០ ទៅ ១២០ គីឡូម៉ែត្រការ៉េ។
ទន្ទឹមនឹងនេះលោក រតនា បានប្រៀបធៀបការដោះមីនរបស់កម្ពុជាទៅនឹងពិភពលោកថា កម្ពុជានៅតែមានភាពរឹងមាំ និងម្ចាស់ការខាងបច្ចេកទេស និងប្រភពធនធានដែលរដ្ឋាភិបាលបានចូលរួមជាមួយប្រទេសជាដៃគូ ហើយមានប្រទេសខ្លះបានមករៀនសូត្រពីកម្ពុជាលើបទពិសោធនៃការកម្ចាត់មីននេះផងដែរ។
លោក រតនា បានបំភ្លឺដែរថា កាលពីមុនមានការយល់ច្រឡំថា នៅឆ្នាំ ២០២៥ កម្ពុជានឹងគ្មានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀតដែលនេះគឺជាការផ្ដល់ព័ត៌មានខុស។
ប៉ុន្តែលោកថា ការពិតយុទ្ធសាស្ដ្រដល់ឆ្នាំ ២០២៥ គឺធ្វើយ៉ាងម៉េចកម្ចាត់មីនប្រឆាំងមនុស្សឲ្យអស់ពីកម្ពុជា ព្រោះនេះជាលក្ខខណ្ឌនៃអនុសញ្ញាអន្ដរជាតិ អូតាវ៉ា ហើយក៏ជាកាតព្វកិច្ចរបស់រដ្ឋភាគីដែលបានឯកភាពគ្នានៅប្រទេសម៉ូហ្សំប៊ិកកន្លងមក។
លោកបញ្ជាក់ថា៖ «នេះជាគោលដៅដែលរាជរដ្ឋាភិបាលប្រឹងប្រែង ប៉ុន្ដែយើងមិនអាចធ្វើអ្វីៗព្រមគ្នាក្នុងពេលតែមួយបានទេ ដូចជាគ្រាប់បែកចង្កោមរបស់សហរដ្ឋអាមេរិកដែលបានទម្លាក់នៅកម្ពុជាមានទំហំធំធេងណាស់យើងមិនអាចធ្វើក្នុងឆ្នាំ ២០២៥ ឲ្យហើយដូចគ្នាជាមួយធនធានដែលយើងមាននេះទេ»។
លោក រតនា ឲ្យដឹងថាបញ្ហាគ្រាប់បែកគីមីដែល CMAC ទើបជួបប្រទះគឺមិនទាន់អាចដោះស្រាយបាននៅឡើយទេ ព្រោះប្រទេសកម្ពុជាបានជួបប្រទះសង្គ្រាមស៊ីវិលដែលបង្កឲ្យមានសំណល់អាវុធយុទ្ធភណ្ឌគ្រប់ប្រភេទនៅគ្រប់កន្លែង។
លោកបានបន្ដថា៖ «ប៉ុន្ដែបញ្ហានេះ យើងនឹងដោះស្រាយនៅរយៈពេលក្រោយជាបន្ដបន្ទាប់អាចយូរឆ្នាំទៅមុខទៀត។ ដូច្នេះហើយបានជារាជរដ្ឋាភិបាលមើលឃើញបញ្ហានេះ គឺជាបញ្ហាវែងសម្រាប់យើង អ៊ីចឹងយើងកសាងកម្លាំង សម្រាប់ធ្វើការងារនេះ»។
តាមរបាយការណ៍បច្ចុប្បន្ន CMAC បានរំដោះដីដែលមានមីនឲ្យពលរដ្ឋបានប្រមាណជាង ១៥០០ គីឡូម៉ែត្រការ៉េស្មើនឹងប្រមាណជាង ១ ម៉ឺនហិកតា ដែលផ្ទៃដីនេះបច្ចុប្បន្នប្រជាពលរដ្ឋបាននិងកំពុងយកទៅប្រើប្រាស់ និងបង្កបង្កើនផល។
ទាក់ទងនឹងការដោះមីននេះលោក ហេង រតនា ក៏បានឲ្យដឹងដែរថា CMAC បានបង្ហាត់សត្វឆ្កែបាន ៦៧ ក្បាលផងដែរដោយមានភាពវៃឆ្លាតក្នុងការជួយការងារជាមួយ CMAC។
លោកបានបញ្ជាក់ថា៖ «នៅឆ្នាំនេះយើងមានមោទនភាពខ្លាំងផងដែរ ដោយយើងបង្កាត់កូនសុនខបាន ៦៧ ក្បាលហើយសុនខយើង គឺឆ្លាត និងមានសមត្ថភាពខ្ពស់ដែលកំពុងស្ថិតនៅកន្លែងហ្វឹកហ្វឺន។ ចំណែកកូនសុនខកាលពីឆ្នាំមុន ពេលនេះបានចេញទៅប្រតិបត្ដិការខ្លះហើយ»៕