
ពលរដ្ឋយកឯកសារបញ្ជាក់អត្តសញ្ញាណមកតវ៉ានៅប៉ុស្ដិ៍នគរបាល។ ហុង មិនា
ភ្នំពេញៈ ១៧ គ្រួសារបានប្រមូលផ្ដុំគ្នានៅក្នុងសាលាខណ្ឌមានជ័យ ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញធ្វើការតវ៉ាអំពីអត្តសញ្ញាណ ជនជាតិខ្មែរក្រោយពីទទួលបានព័ត៌មាន ដែលអាជ្ញាធរ បានបញ្ចូលឈ្មោះពួកគាត់ជាជនអន្ដោប្រវេសន៍វៀតណាម។
អ្នកស្រី ឃាង ឆេងណាត អាយុ ៣៧ ឆ្នាំ ដែលបច្ចុប្បន្នកំពុងរស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជាពលរដ្ឋម្នាក់ក្នុងចំណោម ១៧ គ្រួសារនោះ បានបង្ហាញឯកសារដែលបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នកស្រីនៅចំពោះមុខអាជ្ញាធរដោយមានសៀវភៅគ្រួសារ អត្ដសញ្ញាណប័ណ្ណ លិខិតបញ្ជាក់ទីលំនៅជាជនជាតិខ្មែរ និងសញ្ជាតិខ្មែរ និងប័ណ្ណបោះឆ្នោត និងការទទួលស្គាល់របស់អាជ្ញាធរមូលដ្ឋាន។
អ្នកស្រីបានឲ្យដឹងថា៖ «ខ្ញុំទើបតែដឹងថា គ្រួសារខ្ញុំត្រូវបានខាងខណ្ឌគេបញ្ចូលឈ្មោះជាជនអន្ដោប្រវេសន៍វៀតណាមក្នុងឆ្នាំ ២០១៨ ពេលកូនខ្ញុំត្រូវរៀបចំឯកសារដាក់ឡើងថ្នាក់ទី ៩ នៅអនុវិទ្យាល័យចាក់អង្រែក្រោម ហើយខាងសាលាគេឲ្យបញ្ជាក់ឯកសារបញ្ជាក់ថ្មី។ ខ្ញុំក៏ទៅធ្វើឯកសារថ្មី ទើបខាងខណ្ឌមានជ័យគេប្រាប់ខ្ញុំថា ខ្ញុំជាប់ឈ្មោះជាជនអន្ដោប្រវេសន៍វៀតណាម ហើយខាងខណ្ឌក៏បានប្រាប់ឲ្យខ្ញុំមកបញ្ជាក់ឯកសារឡើងវិញនៅប៉ុស្ដិ៍ និងសង្កាត់ដែលខ្ញុំរស់នៅ ដោយឲ្យបញ្ជាក់ថា គ្រួសារខ្ញុំជាជនជាតិខ្មែរ។ ខ្ញុំក៏មកបញ្ជាក់ មេប៉ុស្ដិ៍ និងចៅសង្កាត់ចាក់អង្រែក្រោម ក៏បានបញ្ជាក់ឲ្យខ្ញុំទាំងអស់ថា ពិតជាប្រជាពលរដ្ឋខ្មែរ ខ្ញុំក៏យកឯកសារបញ្ជាក់នោះទៅខាងខណ្ឌម្ដងទៀត ប៉ុន្ដែខាងខណ្ឌនៅតែមិនទទួល និងថា ខ្ញុំជាជនអន្ដោប្រវេសន៍ គេមិនបញ្ជាក់ឯកសារអ្វីឲ្យទេ»។
អ្នកស្រី ឆេងណាត បានឲ្យដឹងទៀតថា បន្ទាប់ពីមិនបញ្ជាក់ឯកសារផ្សេងៗឲ្យពួកគាត់ហើយ អាជ្ញាធរខណ្ឌមានជ័យបានឲ្យពួកគាត់ទៅពិនិត្យឈ្មោះឡើងវិញ នៅឯនាយកដ្ឋានអន្ដោប្រវេសន៍ និងសុំឯកសារពីនាយកដ្ឋានអន្ដោប្រវេសន៍ទៅ។
អ្នកស្រីបន្ដថា៖«ខាងអន្ដោប្រវេសន៍ពេលខ្ញុំទៅសួរគេៗថា បើយើងជាប់ជាអន្ដោប្រវេសន៍វៀតណាមគឺត្រូវមានបង្កាន់ដៃបញ្ជាក់អន្ដោប្រវេសន៍ ប៉ុន្ដែយើងមិនមានបង្កាន់ដៃអន្ដោប្រវេសន៍អីទេ ព្រោះយើងជាប្រជាជនខ្មែរ មានតែសៀវភៅគ្រួសារ និងអន្ដសញ្ញាណប័ណ្ណជាសញ្ជាតិខ្មែរ»។
លោកស្រី សុខ ហាន អាយុ ៧៤ ឆ្នាំ ដែលមានបញ្ហានេះដែរ បានថ្លែងទាំងទឹកភ្នែកថា៖ «ខ្ញុំមករស់នៅទីនេះតាំងពីសង្គមរាស្ដ្រនិយម តាំងពីសម័យសម្ដេចឪមក ហើយមកដាក់ខ្ញុំជាជនអន្ដោប្រវេសន៍ ខ្ញុំមិនយល់ព្រមឲ្យគេដាក់ខ្ញុំជាអន្ដោប្រវេសន៍ទេ»។
ប្រជាពលរដ្ឋទាំង ១៧ គ្រួសារ ដែលបានបង្ហាញមុខនៅក្នុងសាលាខណ្ឌ គ្រួសារនីមួយៗសុទ្ធតែមានសៀវភៅគ្រួសារ និងអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
លោក ហោ យៀវ មេភូមិរកា បានអះអាថា ប្រជាពលរដ្ឋទាំង ១៧ គ្រួសារពិតជាប្រជាជនខ្មែរនិងមានសញ្ជាតិខ្មែរពិតប្រាកដមែន។
លោកបានបន្ដថា៖ «ខ្ញុំមិនគាំទ្រទេ ព្រោះវាអត់ត្រូវ ពួកគាត់ជាប្រជាជនខ្មែរ ពួកគាត់រស់នៅទីនេះ តាំងពីក្រោយរំដោះមក»។
លោក វុឌ្ឍ ផូសារវ័ន្ដ ម៉េប៉ុស្ដិ៍ចាក់អង្រែក្រោម បានឲ្យដឹងកាលពីម្សិល-មិញដែរថា ក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋានបានស្រង់ឈ្មោះប្រជាពលរដ្ឋទាំង ១៧ គ្រួសារនៅក្នុងបញ្ជីស្ថិតិប្រជាពលរដ្ឋ គឺបានបញ្ជាក់ហើយថា ពួកគាត់ ជាប្រជាពលរដ្ឋខ្មែរមានសញ្ជាតិខ្មែរច្បាស់លាស់។
លោក មា សុភាព អភិបាលរងខណ្ឌមានជ័យបានអះអាងថា រឿងនេះមិនមែនជាសមត្ថកិច្ចរបស់អាជ្ញាធរទេ វាជាសមត្ថកិច្ចជំនាញ របស់ប៉ូលិសអន្ដោប្រវេសន៍។
លោក សុភាព ថ្លែងថា៖ «យើង គឺយើងទទួលតែទិន្នន័យ ដើម្បីយកមកធ្វើការ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋទេ។ ឯចំពោះបញ្ហាប្រជាពលរដ្ឋទាំងនោះ ជាប់អន្ដោប្រវេសន៍ ឬមិនអន្ដោប្រវេសន៍ វាគឺជាសមត្ថកិច្ចជំនាញរបស់នគរបាលអន្ដោប្រវេសន៍»។
លោក កែវ សារិន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងកាលពីម្សិលមិញថា ការជាប់ឈ្មោះជាអន្ដោប្រវេសន៍ មិនមែនជាប់តែផ្នែកពន្ធនោះទេ ប៉ុន្ដែគឺបានជាប់ដោយការចុះទៅធ្វើជំរឿន ដោយបានស្រាវជ្រាវពីប្រវត្ដិ ពង្សសាវតាររបស់ពួកគាត់ច្បាស់លាស់ទើបជាប់ឈ្មោះជាអន្ដោប្រវេសន៍បាន។
លោកបានបន្ដថា៖ «ទោះជាយ៉ាងណាក្ដី ការអះអាងរបស់ប្រជាពលរដ្ឋ គឺពួកគាត់បានអះអាងបែបនេះ ប៉ុន្ដែជារួមនៅពេលដល់ដំណាក់កាល គេដកហូតឯកសារ ដោយឲ្យពួកគាត់បង្ហាញខ្លួនមកនោះ គឺគេនឹងឲ្យគាត់តវ៉ា បើគាត់ជាខ្មែរ គឺត្រូវមានសាក្សីបញ្ជាក់ មានឯកសារបញ្ជាក់ ថាគាត់ជាខ្មែរ គាត់មានពង្សាវតារជាខ្មែរ មកពីណា តពីណាមកបែបនេះ»។
លោកបានបន្ថែមថា៖ «ធម្មតាអ្នកដែលត្រូវគេដកឯកសារ អ្នកខ្លះចេះតែអះអាងថា ជាខ្មែរបែបនេះហើយ ប៉ុន្ដែការងារនេះ ក៏យើងមិនទាន់ដឹងយ៉ាងណាដែរ ទាល់តែអ្នកទទួលបន្ទុកជំរឿននោះបានគាត់ដឹងច្បាស់។ យើងរាល់ថ្ងៃនេះ កំពុងធ្វើយុទ្ធនាការចុះដកហូតឯកសារ មិនប្រក្រតីដែលជនបរទេសកាន់កាប់។ ដែលហៅថា ក្រុមចម្រុះចុះដកហូតឯកសារកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងប្រើប្រាស់កាន់កាប់»៕