ភ្នំពេញៈ ក្នុងរយៈពេលមួយសប្ដាហ៍កន្លងមកនេះកម្លាំងនគរបាលចរាចរណ៍បានត្រួតពិនិត្យនិងចាប់ឃាត់ធ្វើការអប់រំណែនាំដោយបង្ខំឲ្យពាក់មួកសុវត្ថិភាពចំពោះអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរតាមម៉ូតូ ដែលមិនពាក់មួកសុវត្ថិភាពនៅទូទាំងប្រទេសបានចំនួនជិត ២ ម៉ឺននាក់។នេះបើយោងតាមទិន្នន័យរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
យុទ្ធនាការពង្រឹងការពាក់មួកសុវត្ថិភាពឲ្យបាន ១០០ ភាគរយ នៅទូទាំងប្រទេសនេះ គឺជាផ្នែកមួយនៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលយុទ្ធនាការនេះមានរយៈពេលមួយខែ ដោយចាប់ផ្ដើមពីថ្ងៃទី ២២ ខែ កក្កដា ដល់ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៩។
លោក ហ៊ឹម យ៉ាន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានថ្លែងថា ក្នុងអំឡុងពេលនៃយុទ្ធនាការនេះ អ្នកបើកបរនិងអ្នករួមដំណើរតាមម៉ូតូ ដែលមិនពាក់មួកសុវត្ថិភាព មិនត្រូវបានកម្លាំងនគរបាលចរាចរណ៍ចាប់ផាកពិន័យនោះទេ ប៉ុន្តែពួកគេត្រូវបានតម្រូវឲ្យស្វែងរកទិញមួកសុវត្ថិភាពឲ្យបានគ្រប់គ្នាយកមកពាក់ នៅចំពោះមុខសមត្ថកិច្ចជំនាញជាមុនសិន ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត។
លោកបញ្ជាក់ថា៖ «ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ចំនួនអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរតាមម៉ូតូដែលត្រូវបានកម្លាំងនគរបាលចរាចរណ៍យើងចាប់បង្ខំឲ្យពាក់មួកសុវត្ថិភាពមានចំនួនជិត ២ ម៉ឺននាក់»។
លោកបន្ថែមថា៖ «អ្នកបើកបរម៉ូតូ ចាំបាច់ត្រូវតែមានមួកសុវត្ថិភាព ហើយត្រូវតែពាក់វាឲ្យបានត្រឹមត្រូវ មុនពេលចេញដំណើរ។ មិនតែប៉ុណ្ណោះ ត្រូវតែមានការយល់ដឹងពីច្បាប់បើកបរឲ្យបានច្បាស់លាស់»។
ខណៈដែលចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានប្រមាណជា ៦ នាក់ ក្នុងមួយថ្ងៃ អ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានថ្លែងថា ការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវអាចជួយកាត់បន្ថយបានច្រើននូវហានិភ័យនៃរបួសផ្នែកក្បាលធ្ងន់ធ្ងរ នៅពេលជួបគ្រោះថ្នាក់ចរាចរណ៍។
លោក គង់ រតនៈ នាយកស្ដីទីវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្លែងថា មួកសុវត្ថិភាព មិនអាចជួយឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរតាមម៉ូតូ គេចផុតពីគ្រោះថ្នាក់ចរាចរណ៍នោះទេ ប៉ុន្តែវាអាចជួយកាត់បន្ថយនូវហានិភ័យនៃរបួសផ្នែកក្បាលធ្ងន់ធ្ងរនៅពេលមានករណីគ្រោះ ថ្នាក់ចរាចរណ៍កើតឡើង។
លោកបញ្ជាក់ថា៖ «ការពាក់មួកសុវត្ថិភាព មិនមែនជាការ បង្ការមិនឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ចាប់ផាកពិន័យ ឬអប់រំណែនាំនោះទេ តែវាជាការការពារសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងការកាត់បន្ថយនូវរបួសផ្នែកក្បាលធ្ងន់ធ្ងរ ពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង»។
លោក រតនៈ បន្តថា តាមការសិក្សាស្រាវជ្រាវកន្លងមក ៧០ ភាគរយ នៃជនរងគ្រោះ ដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា គឺដោយសារមានរបួសផ្នែកក្បាលធ្ងន់ធ្ងរ ហើយពួកគេភាគច្រើន មិនពាក់មួកសុវត្ថិភាព។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ រួមទាំងអ្នកថ្មើរជើងផងដែរ ត្រូវមានការយល់ដឹងអំពីច្បាប់ចរាចរណ៍ឲ្យបានច្បាស់លាស់ទាំងអស់គ្នា។ ជាពិសេស មន្ត្រីអនុវត្តច្បាប់ ត្រូវប្រកាន់ភ្ជាប់នូវតួនាទី និងត្រូវពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងប្រកបដោយ គុណភាព។
ចំណែកលោក គង់ វណ្ណា ប្រធានកម្មវិធីពង្រឹងសុវត្ថភាពចរាចរណ៍នៅតាមសហគមន៍មូលដ្ឋានថ្លែងថា យុទ្ធនាការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ដែលធ្វើឡើងក្នុងរយៈពេលខ្លី ឬតាមរដូវកាលដូចក្នុងមួយរយៈកាលកន្លងមកនេះ វាមិនអាចធ្វើឲ្យប្រសើរឡើងបាននោះទេ។
លោកថ្លែងថា៖ «ការអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ត្រូវដើរទន្ទឹមគ្នាជាមួយការពង្រឹងការអនុវត្តច្បាប់ជាប្រចាំនិងប្រកបដោយប្រសិទ្ធភាពគុណភាព និងតម្លាភាព»។
លោកថា៖ «ដើម្បីឲ្យការអនុវត្តច្បាប់មានប្រសិទ្ធភាព សមត្ថកិច្ចពាក់ព័ន្ធត្រូវដាក់ពង្រាយកម្លាំងនៅច្រកផ្លូវដើមទី ដោយត្រូវហាមឃាត់ការបន្តដំណើរទៅមុខជាដាច់ខាត ចំពោះអ្នកបើកបរ ឬអ្នករួមដំណើរតាមម៉ូតូទាំងឡាយណាដែលមិនពាក់មួកសុវត្ថិភាព»៕