ភ្នំពេញៈ ក្រុមការងារ​តាមដាន​អំពី​ការដោះស្រាយ​មតិយោបល់ ឬ​សំណូមពរ​របស់​មហាជន​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​បញ្ជាក់ថា ក្នុង​ខែ​កក្កដា និង​ខែសីហា​កន្លង​ទៅ​នេះ​ក្រុមការងារ​បានទទួល​មតិយោបល់ និង​សំណូមពរ​របស់​មហាជន​ចំនួន​ ៣៣៧ ​ករណី​ ក្នុង​នោះ​បាន​ដោះស្រាយ​ចំនួន​ ៦៨ ​ករណី​ និង​កំពុង​ដោះស្រាយ​ចំនួន​ ១៨០ ​ករណី​។

លោក ជា សុគន្ធា ប្រធាន​ក្រុមការងារ​តាមដាន​អំពី​ការដោះស្រាយ​មតិយោបល់ ឬ​សំណូមពរ​របស់​មហាជន​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក ស ខេង បាន​ថ្លែងប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ២០ ខែកញ្ញា​ ថា ខមមិន និង​សារ​ដែល​មហាជន​បាន​ផ្ញើ​មកពី​តាម​បណ្ដា​​រាជធានី​-​ខេត្ដ​នោះ ភាគច្រើន​ជា​ករណី​សន្ដិសុខ​សណ្ដាប់ធ្នាប់​ក្នុង​នោះ​ក៏មាន​ករណី​បញ្ហា​វិវាទ​ដីធ្លី​មួយ​ចំនួន​ផងដែរ​។

លោក​ថ្លែងថា​៖ «​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​វិវាទ​ដីធ្លី យើង​បាន​បញ្ជូនទៅ​ដោះស្រាយ​នៅ​អាជ្ញាធរ​ដែនដី​ដែល​ពាក់ព័ន្ធ ព្រោះ​ការងារ​នេះ​មាន​ការលំបាក​ក្នុង​ការដោះស្រាយ​។ ប៉ុន្ដែ​ការងារ​លើ​ករណី​សន្ដិសុខ​សណ្ដាប់ធ្នាប់​យើង​បាន​ដោះស្រាយ​ទាន់ពេលវេលា និង​ទទួលបាន​លទ្ធផល​ល្អ​»​។

លោក​បញ្ជាក់ថា ទាក់ទង​ទៅនឹង​បញ្ហា​វិវាទ​ដីធ្លី ក្រុម​ការងារ​មិន​ទទួល​ដោះស្រាយ​ទេ ពីព្រោះ​ការដោះស្រាយ​គឺ​អាស្រ័យ​ទៅ​លើ​អាជ្ញាធរ​ដែនដី​នៅ​កន្លែង​ដែល​កើតមាន​បញ្ហា​វិវាទ​ដីធ្លី​នោះ​។

លោក​ថ្លែងថា​៖ «​ក្រុមការងារ​យើង បាន​ដកស្រង់​សំណូមពរ​របស់​មហាជន​ពី​ហ្វេសប៊ុក​សម្ដេច​ក្រឡាហោម​មក ទើប​គោរព​រាយការណ៍​ជូនទៅ​សម្ដេច​ក្រឡាហោម [​ស ខេង​] ទើប​សម្ដេច​ចាត់​បន្តទៅ​មន្ដ្រី​ជំនាញ ដើម្បី​ចាត់​បន្តទៅ​អាជ្ញាធរ​តាម​រាជធានី-ខេត្ត ដើម្បី​ដោះស្រាយ​លើ​ករណី​វិវាទ​ដីធ្លី​នោះ​»​។ លោក​ឲ្យ​ដឹងថា ក្នុងពេល​អនុវត្ដ​នីតិវិធី មាន​ករណី​មួយចំនួន​ជា​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ក្រុម​ការងារ​បាន​អនុវត្ត​ទៅតាម​ផ្លូវ​តុលាការ​ចំពោះ​ជនល្មើស​ផងដែរ​។

តាមរយៈ​របាយការណ៍​បូកសរុប​ស្ដីពី​ការទទួល​មតិយោបល់ ឬ​សំណូមពរ​របស់​មហាជន​ដែល​បាន​ខមមិន និង​ផ្ញើ​សារ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក ស ខេង បាន​បង្ហាញថា ក្នុង​ខែ​កក្កដា ឆ្នាំ​ ២០២០ ក្រុម​ការងារ​បាន​ទទួល ខមមិន និង​សារ​ពី​មហាជន​ចំនួន​ ១៩១ ​នាក់ ​ក្នុង​នោះ​បាន​ដោះស្រាយ​ចំនួន ៣១ ​ករណី និង​កំពុង​ដោះស្រាយ​ចំនួន​ ៧១ ​ករណី​។ ចំណែក​ខែ​សីហា ឆ្នាំ​ ២០២០ ក្រុមការងារ​បាន​ទទួល​ការផ្ញើ​សារ​ចំនួន ១៤៦ ​ករណី​ បាន​ដោះស្រាយ និង​បាន​ឆ្លើយតប​ទៅ​ម្ចាស់​គណនី​ហ្វេសប៊ុក​វិញ​ចំនួន​ ៣៧ ​ករណី និង​កំពុង​ដោះស្រាយ​ចំនួន ១០៩ ​ករណី​។

លោក ស ខេង កាលពី​ថ្ងៃទី ២២ ខែ​កក្កដា បាន​បង្កើត​ក្រុមការងារ ១ ​ក្រុម ក្នុង​នោះ​មាន​ប្រធាន អនុប្រធាន និង​សមាជិក​ចំនួន​ ១១ ​នាក់​។ លោក ស ខេង បាន​ចាត់តាំង​ឲ្យ​លោក ជា សុគន្ធា អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន និង​ជា​នាយករង​ខុទ្ទកាល័យ​លោក​ធ្វើជា​ប្រធាន​ក្រុមការងារ ដើម្បី​តាមដាន​អំពី​ការដោះស្រាយ​មតិយោបល់​​ ឬ​សំណូមពរ​របស់​មហាជន​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក​។

លោក ស៊ឹង សែនករុណា មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក បាន​ចាត់ទុក​ថា វា​គឺជា​ភព្វសំណាង​ទាំង​មេដឹកនាំ​ប្រទេស និង​ប្រជាពលរដ្ឋ​ដែល​កើត​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​នេះ ប្រសិន​បើ​មេដឹកនាំ​ប្រទេស​បាន​ដឹកនាំ​ដោយ​តម្លាភាព និង​គណនេយ្យភាព​។

លោក​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២០ ​កញ្ញា​ ថា​៖ «​ក្រោយពី​ទទួល​បាន​មតិយោបល់ និង​សំណូមពរ​ពី​ប្រជាពលរដ្ឋ​រួចហើយ ក្រុម​ការងារ​ត្រូវតែ​គិតគូរ ព្រោះ​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា តែងតែ​ទន្ទឹងរង់ចាំ​នូវ​ដំណោះស្រាយ​។ ដូច្នេះ​មិនគួរណា​គ្រាន់តែ​ទទួល​ព័ត៌មាន​ហើយ​ធ្វើការងារ​ដោះស្រាយ​ទៅតាម​ដំណើរ​នោះទេ គឺ​ត្រូវ​ធ្វើការ​ពិនិត្យ​លើ​បញ្ហា​អាទិភាព​ និង​មាន​ក្រុមការងារ​អន្តរក្រសួង​ធ្វើការ​ស្រាវជ្រាវ​លើ​បញ្ហា​ទាំងនោះ ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​ទាន់​ពេលវេលា​»​។

លោក ស ខេង កាលពី​ថ្ងៃទី​ ១៧ ​ខែ​កញ្ញា​ បាន​ថ្លែង​លើ​ហ្វេសប៊ុក​របស់លោក​ដោយ​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ខាងលើ​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ព្រះករុណាខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ខ្ពស់​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​អង្គភាព​ចំណុះ​ក្រសួងមហាផ្ទៃ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្នុង​ការឆ្លើយតប​ចំពោះ​មតិយោបល់ កង្វល់ និង​សំណូមពរ​នានា​របស់​មហាជន​ជាមួយ​ក្រុមការងារ​ទំព័រ​ហ្វេសប៊ុក​របស់ខ្ញុំ​ព្រះករុណា​ខ្ញុំ​ក្នុង​ន័យ​រួមគ្នា ដើម្បី​​បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ​»៕

វីដេអូ៖