ឧត្តរមានជ័យ/កំពង់ធំ: មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ឧត្តរមានជ័យ​បាន​បញ្ជូន​ជនសង្ស័យ​ ៣ នាក់​ទៅ​សាលាដំបូង​ខេត្ត​នេះ បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​ឈើ​ចំនួន ១៤,៧៦៦៥ ម៉ែត្រគុប ខណៈ​សាលាដំបូង​ខេត្តកំពង់ធំ​បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់ ជុំវិញ​ការដឹកជញ្ជូន​ឈើ​ចំនួន ១ ០៦១ គីឡូក្រាម​។

លោក សូត្រ ស៊ីសុខឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរមានជ័យ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ៣ ​នាក់​ទៅ​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​កាលពី​ថ្ងៃទី ២៣ ខែ​ឧសភា​ពាក់ព័ន្ធ​ការដឹកជញ្ជូន​ឈើ​ប្រភេទ​លេខ​ ២ ​សរុប ​១៤,៧៦៦៥ ​ម៉ែត្រគុប​។

លោក​បន្តថា មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​នៅ​ថ្ងៃទី​ ២២ ខែ​ឧសភា បាន​ឃាត់​រថយន្ត​ ១ ​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ដែល​ដឹកឈើ​ប្រភេទ​លេខ ២ ស្ថិតនៅ​ភូមិ​អូរគគីរ​កណ្តាល ឃុំ​លំទង ស្រុក​អន្លង់វែង ប៉ុន្ដែ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ទើប​សមត្ថកិច្ច​បាន​រកឃើញ​ឈើ​ប្រភេទ​លេខ​ ២ ​ចំនួន ១០,១១៧ ម៉ែត្រគុប​។

លោក​បន្ថែម​ថា ​នៅ​ថ្ងៃ​ដដែល​នោះ​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​ដោយ​មាន​ការសម្របសម្រួល​ពី​លោក ប៉េង ម៉េងគ័ង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​បាន​ចុះ​ឃាត់​រថយន្ត​ធុន​ធំ​ដឹកឈើ​ប្រភេទ​លេខ​ ២ ​ចំនួន ៤,៦៤៩៥ ​ម៉ែត្រគុប​ ១ ​ករណី​ផ្សេង​ទៀត​ដោយ​ឃាត់​អ្នកបើកបរ និង​អ្នករួមដំណើរ​ ៣ ​នាក់​។

លោក​បញ្ជាក់ថា​៖ «​ឥឡូវនេះ យើង​បាន​យក​វត្ថុតាង​រថយន្ត​ទាំង​ ២ ​គ្រឿង និង​ឈើ​សរុប​ ១៤,៧៦៦៥ ម៉ែត្រគុប​ព្រមទាំង​ជនសង្ស័យ​ទាំង ៣ ​នាក់​មក​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​។ រីឯ​ម្ចាស់​រថយន្ត​មួយគ្រឿង​ដែល​រត់គេចខ្លួន​នោះ សូម​ចូលខ្លួន​មក​ដោះស្រាយ​តាមច្បាប់ បើ​មិន​អ៊ីចឹង​ទេ​ខ្ញុំ​នឹង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​»​។

លោកស្រី ធាម ច័ន្ទពីលីការ ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​ថ្លែង​ពី​ម្សិលមិញ​ថា​៖ «​ខ្ញុំ​មិនទាន់​បានឃើញ​សំណុំ​រឿងនេះ​ទេ ព្រោះ​ម្សិលមិញ​ខ្ញុំ​សម្រាក អ៊ីចឹង​ប្រហែល​នៅ​ថ្ងៃទី​ ២៥ ខែឧសភា ខ្ញុំ​នឹង​ជួយ​រកមើល​សំណុំ​រឿងនេះ​ផ្ដល់​ព័ត៌មាន​ជូន​»​។

ករណី​បទល្មើស​ព្រៃឈើ​នេះដែរ​សាលា​ដំបូង​ខេត្តកំពង់ធំ​បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​បណ្ដោះអាសន្ន​ពី​បទ​ដឹកជញ្ជូន​ និង​ការប្រមូលផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ការអនុញ្ញាត ក្រោយពី​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ២១ ខែឧសភា​នៅ​សង្កាត់​ស្រយ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។

លោក ស៊ិន វិរៈ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ ជុំ តុលា ភេទ​ប្រុស អាយុ​ ២៥ ​ឆ្នាំ រស់នៅ​ឃុំ​ចើងដើង ស្រុក​បារាយណ៍​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកំពង់ធំ សម្រេច​ឃុំ​ខ្លួន​កាលពី​ថ្ងៃទី​ ២២ ខែឧសភា​។ លោក​បញ្ជាក់ថា​៖ «​ជនសង្ស័យ​ម្នាក់​ហ្នឹង​គឺ​ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន ដោយ​ចោទ​ពី​បទ​ដឹកជញ្ជូន​ និង​ប្រមូលផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ការអនុញ្ញាត​»​។

លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ​ថ្លែង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ ជុំ តុលា ភេទ​ប្រុស អាយុ​ ២៥ ​ឆ្នាំ​រស់នៅ​ស្រុក​បារាយណ៍​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​រួចរាល់​ហើយ​។ ជននេះ​ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​ហាយឡេនឌ័រ​បាន​ដឹកឈើ​ប្រភេទ​ធ្នង់​ចំនួន ១១ ​ដុំ​ស្មើនឹង ៥៦៥ គីឡូក្រាម​ជាមួយ​បក្ខពួក​ម្នាក់​ផ្សេងទៀត បើកបរ​រថយន្ត​ម៉ាក ហាយឡែនឌ័រ​ដូចគ្នា​ដោយ​មាន​ដឹកឈើ​ប្រភេទ​ធ្នង់​ចំនួន​ ១០ ​ដុំ​ស្មើនឹង​ ៤៩៦ ​គីឡូក្រាម ប៉ុន្ដែ​បាន​រត់គេច​ខ្លួន​បាត់ស្រមោល​។

លោក​បន្តថា ប្រតិបត្តិការ​នេះ​ត្រូវ​បាន​លោក ឃុន ប៊ុនហូ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​នៅ​ភូមិ​ប៉ូតាអ៊ុន សង្កាត់​ស្រយ៉ូវ ក្រុង​ស្ទឹងសែន​ដោយ​បាន​ឃាត់​ជនសង្ស័យ​ម្នាក់ និង​ឈើ​ទាំង​ ២ ​រថយន្ត​សរុប​ ១ ០៦១ គីឡូក្រាម​តែម្ដង​។ ​«​ជនសង្ស័យ​ម្នាក់​ហ្នឹង យើង​បាន​បញ្ជូន​ទៅ​តុលាការ​រួចហើយ​ហើយ​តុលាការ​ក៏​ឃុំខ្លួន​រួច​ហើយ​ដែរ រីឯ​ឈើ និង​រថយន្ត​ទាំង​ ២ ​គ្រឿង​នេះ យើង​បាន​រក្សាទុក​នៅ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​នោះ​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​»៕