ភ្នំពេញៈ ប្រទេស​ ៤៥ នៅ​លើ​ពិភព​លោក បាន​ធ្វើ​សេចក្តីថ្លែង​ការណ៍​រួមគ្នាមួយ​ថ្កោល​ទោស​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី ២១ ខែ​មីនា​នេះ​ ស្តីពី​បញ្ហា​សិទ្ធិ​មនុស្ស​ ក្នុង​សន្និបាត​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ខណៈតំណាង​កម្ពុជា យល់​ថាពួកគេ​កំពុង​ «ជ្រៀត​ជ្រែក​កិច្ច​ការផ្ទៃក្នុង​» របស់​ខ្លួនហើយ​ថា​ «មិន​មាន​ភាព​ស្មោះត្រង់»។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​អាន​ដោយ​តំណាង​ប្រទេស​ញូវហ្សេឡែន តំណាង​ឲ្យ​ប្រទេស​ ៤៥ នោះ​ បាន​លើក​ឡើង​ពីការ​ចាប់​ខ្លួនមេដឹកនាំ​គណបក្ស​ប្រឆាំង​ដ៏ធំ​នៅ​កម្ពុជា គឺលោក កឹម សុខា​ និង​ការ​រំលាយ​គណបក្សសង្គ្រោះជាតិ​ ក៏​ដូច​ជា​ការ​កាត់​បន្ថយ​នូវ​សិទ្ធិ​សេរី​ភាព​សារព័ត៌មាន​និង​អង្គការ​សង្គម​ស៊ីវិល​ទូទាំង​ប្រទេស​កម្ពុជា​ផងដែរ។

សេចក្តី​ថ្លែង​ការណ៍​ សរសេរ​ថា ៖ «ដោយសារយើង​​ជិត​ដល់​ពេល​បោះ​ឆ្នោតសកល​ថ្ងៃ​ទី​ ២៩ ខែ​កក្កដា ឆ្នាំ​នេះ អ្វី​ដែល​យើង​មាន​សុទិដ្ឋិនិយម​កាលពីមុន​មក​ គឺ​ត្រូវ​បាន​ជំនួស​ដោយការ​ព្រួយ​បារម្ភ​ដ៏ខ្លាំង​អំពី​ការ​ធ្លាក់​ចុះ​យ៉ាង​ធ្ងន់​ធ្ងរ​នា​ពេល​ថ្មីៗ​នេះ​នូវ​សិទ្ធិ​ស៊ីវិល​និង​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​»។

ក្រុម​ប្រទេស​ទាំង​នេះ​ មើល​ឃើញ​ថា ដំណើរ​ការ​បោះ​ឆ្នោត​ដែល​ បាន​កាត់​ផ្តាច់​បក្ស​ប្រឆាំង​ទៅហើយ​នោះ «មិន​អាច​ចាត់​ទុក​ថា​មាន​ភាព​ស្របច្បាប់​នោះ​ទេ»។

ប្រទេស​ទាំង ៤៤ ទៀត​ រួម​បញ្ចូល​ទាំង​ប្រទេស​កាណា​ដា ប្រទេស​អាល្លឺ​ម៉ង់ ប្រទេ​ស​បារាំង ប្រទេស​ហូឡង់​ ប្រទេស​ស៊ុយ​អែត សហ​រដ្ឋ​អាមេរិក និងចក្រភព​អង់​គ្លេស​ជាដើម​។ មិន​មាន​ប្រទេស​ក្នុង​តំបន់​អាស៊ីអគ្នេយ៍ បាន​ចូលរួម​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​កម្ពុជា​នោះ​ទេ។

ទោះ​បី​យ៉ាង​ណា លោក ណី សំអុល ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ​ នៅទីក្រុង​ហ្សឺ​ណែវ បាន​រិះគន់​នូវ​សេចក្តីថ្លែង​ការណ៍​នោះ និង​ថាជារឿង «អយុត្តិធម៌​» នៅ​កម្ពុជា​ព្រោះ​ក្រុម​ប្រទេស​ទាំង​នោះ បាន​ប៉ុន​ប៉ង​ខុស​បែប​បទ​រៀបចំ​ឲ្យ​មានការ​ពិភាក្សា​អន្តរ​កិច្ច​ប្រជុំ​ទាក់​ទិន​នឹង​កម្ពុជា​ មុន​កិច្ច​ប្រជុំ​ទៀង​ទាត់​មួយ​ក្នុង​ខែ​មិថុនា ​។

នេះ​ក៏​ដោយសារ​ថា កម្ពុជា​នឹង​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ នៅ​ខែ​កក្កដា​ ខាង​មុខ​នេះ ហើយ​ក្រុម​ប្រទេស​ទាំង​នេះ ត្រូវ​បាន​លោក​ឯក​អគ្គ​រាជ​ទូត​ ឆ្លើយតប​ថា «ចង់​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ររបប​» ដោយសារ​ពួកគេ​មាន​មនុស្ស​ដែល​គេ​សន្មត​ទុក​ថា​ជា​អ្នក​ឈ្នះ​មុន​ទៅហើយ​។

លោក​បន្ត​ថា ៖ «ពួកគេ​គ្មាន​ការ​អៀន​ខ្មាស​ក្នុង​ការ​ជ្រៀត​ជ្រែក​កិច្ចចូល​ទៅក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​កម្ពុជា​ទេ» ៕