ភ្នំពេញៈ នៅក្នុង​រយៈពេល​ ៤ ​ខែ​​ឆ្នាំ​ ២០២០ មន្ត្រី​ឧទ្យានុរក្ស និង​ប្រជាសហគមន៍​ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​ល្បាត​ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​ខេត្ត​ទាំង​ ៤ នៃ​តំបន់​ដែនជម្រក​សត្វព្រៃ ព្រៃឡង់​បាន​ចំនួន​ ៥១១ ​លើក និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ចំនួន​ ៣៩៩ ​ករណី​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ដោយយោង​លើ​របាយការណ៍​ស្តីពី​ការគ្រប់គ្រង និង​អភិរក្ស​តំបន់​ដែនជម្រក​សត្វព្រៃ ព្រៃឡង់​របស់​ក្រសួងបរិស្ថាន​ថា បទល្មើស​កាប់​ឈើ និង​ទន្ទ្រាន​ដីព្រៃ​ខុសច្បាប់​ចំនួន​ ៣២ ​ករណី ​ត្រូវ​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ដំណើរការ​នីតិវិធី ហើយ​បានធ្វើ​កិច្ចសន្យា អប់រំ​ណែនាំ​ចំនួន​ ៤២ ​ករណី​ ដែលមាន​មនុស្ស​ពាក់ព័ន្ធ​ជិត ១០០ នាក់​។

លោក​ថ្លែងថា ក្នុង​ការចុះ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃឡង់​លើ​ទំហំ​ផ្ទៃដី​ជាង​ ៤៣ ម៉ឺន​ហិកតា ​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង​ក្រចេះ មន្ត្រី​ឧទ្យានុរក្ស និង​ប្រជាសហគមន៍ តំបន់​ការពារធម្មជាតិ​បាន​រឹបអូស​វត្ថុតាង​ជាច្រើន​ក្នុង​នោះ រួមមាន​រឹបអូស​រណារយន្ត​បាន​ចំនួន​ ១៩៣ គ្រឿង​ រថយន្ត​ ២ ​គ្រឿង គោយន្ត​ ៣៤ គ្រឿង ម៉ូតូ ២៥ ​គ្រឿង និង​រឹបអូស​ឈើ​ដែល​ជនល្មើស​កាប់បំផ្លាញ​បាន​ ១៧៩ ​ម៉ែត្រគុប និង​ឈើហុប​ និង​ឈើ​ដុំ​ ១៦៥ ​កំណាត់​។

លោក​ថ្លែងថា​នៅក្នុង​អំឡុង​នៃ​ការទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​រយៈពេល​ ៤ ​ខែ​ ដើមឆ្នាំ​ ២០២០ ​នេះ​កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​ក៏បាន​បំផ្លាញ​រុះរើ​រោងអនាធិបតេយ្យ​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​បាន​ចំនួន​ ៣៤ រោង និង​បាន​ដកហូត​កាំភ្លើង​កែច្នៃ​ដែល​ប្រើប្រាស់​សម្រាប់​ការ​បរបាញ់​សត្វ​ខុសច្បាប់​បាន​ចំនួន​ ២៩ ​ដើម និង​បាន​ដោះ​អន្ទាក់​ចាប់​សត្វព្រៃ​បាន​ចំនួន ៧២៤ ​អន្ទាក់​។

លោក​ នេត្រ ភក្ត្រា បញ្ជាក់ថា​៖ «​នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ឧទ្យានុរក្ស​ និង​សហគមន៍​នៃ​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ការការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ព្រៃឡង់​ឲ្យ​បាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​»​។

លោក​បន្តថា ទោះបី​ជា​មានការចុះ​ទប់ស្កាត់​ និង​បង្ក្រាប​ទាំងយប់​ទាំង​ថ្ងៃ​ពី​សំណាក់​មន្ត្រី​ឧទ្យានុរក្ស និង​សមាជិក​នៃ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ក៏​បទល្មើស​ធនធាន​ធម្មជាតិ​ទ្រង់ទ្រាយ​តូច ដូចជា​ការលបលួច​កាប់​ឈើ ការទន្ទ្រាន​រាន​យក​ដី ធ្វើជា​កម្មសិទ្ធិ​ការបរបាញ់ និង​ការដាក់​អន្ទាក់​សត្វព្រៃ នៅតែ​បន្ដ​កើតមាន​។

បើតាម​លោក​ ភក្ត្រា មាន​កត្តា​ផ្សេងៗ​ដែល​ជំរុញ​ឲ្យ​មាន​បទល្មើស​ទាំងនេះ​កើតឡើង​ក្នុង​នោះ​មាន​កត្ដា​ជីវភាព​របស់​ប្រជាសហគមន៍ ដែល​ធ្លាប់តែ​ពឹង​អាស្រ័យ​ទៅលើ​ផល អនុផល​ព្រៃឈើ និង​ការទាក់ទាញ និង​ការញុះញង់​ពី​សំណាក់​ក្រុម​ឈ្មួញ​ទុច្ចរិត គួបផ្សំ​នឹង​ចំនួន​មន្ដ្រី​ឧទ្យានុរក្ស​ដែល​បាន​ឈរជើង​នៅក្នុង​តំបន់​នោះ​នៅ​មាន​កម្រិត​នៅឡើយ​។

លោក ភក្ដ្រា ថ្លែង​ថា​កម្លាំង​មាន​សមត្ថកិច្ច​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ការតាំង​ចិត្ត​ខ្ពស់​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​យ៉ាង​ម៉ឺងម៉ាត់​ប្រឆាំង​នឹង​បទល្មើស​ធនធានធម្មជាតិ​ដែល​កើតឡើង​ស្រប​តាម​ច្បាប់​នានា​។

លោក​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងបរិស្ថាន និង​ដៃគូ​អភិវឌ្ឍន៍​បាន​យក​ចិត្ដ​ទុកដាក់​ខ្ពស់​លើ​ការរៀបចំ និង​ពង្រឹង​យន្ដការ​គ្រប់គ្រង​ការផ្ដល់​មធ្យោបាយ ឧបករណ៍​សម្ភារ ក៏​ដូចជា​ការជួយ​លើកស្ទួយ​ជីវភាព​របស់​ប្រជាសហគមន៍​មូលដ្ឋាន​បន្ថែមទៀត​តាមរយៈ​ការបង្កើត​មុខរបរ​ថ្មី បង្កើត​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន​បង្កើន​ចំណូល​ការជំរុញ​ទេសចរណ៍​ធម្មជាតិ​ជាដើម ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការងារ​គ្រប់គ្រង​ការពារ​ និង​អភិរក្ស​តំបន់​ព្រៃឡង់​។

លោកស្រី ថី តំណាង​បណ្ដាញ​សហគមន៍​ព្រៃឡង់​ប្រចាំ​ខេត្ដ​ក្រចេះ​បាន​ឲ្យ​ដឹងថា ទោះបី​មន្ដ្រី​ឧទ្យានុរក្ស និង​សហគមន៍​បាន​រួមគ្នា​ទប់ស្កាត់​ការកាប់​ទន្ទ្រាន​រុករាន​ដីព្រៃ​ និង​ការកាប់​ឈើ​បាន​ជាច្រើន​ករណី​ក៏ដោយ ក៏​នៅតែ​មាន​ករណី​ពលរដ្ឋ​ចំណាកស្រុក​មកពី​ខេត្ដ​ផ្សេងៗ​កំពុងមាន​សកម្មភាព​លួច​ចូលទៅ​ទន្ទ្រាន​រុករាន​យក​ដីព្រៃ​ក្នុង​តំបន់​ព្រៃឡង់​ទៅ​ធ្វើជា​កម្មសិទ្ធិ និង​មាន​ករណី​កាប់​ឈើ​ក្នុង​ព្រៃឡង់​ទ្រង់ទ្រាយ​តូច​នៅឡើយ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​យើង​ឃើញ​មាន​ពលរដ្ឋ​ជាច្រើន ពួកគាត់​មកពី​ខេត្ដ​ផ្សេងៗ​ចូលមក​ទន្ទ្រាន​កាប់​រុន​រាន​ដីព្រៃ​នៅតាម​ខេត្ដ ក្នុង​តំបន់​ព្រៃឡង់​នៅឡើយ​។ ចំពោះ​ករណី​កាប់​ឈើ​ក៏មាន​ដូចគ្នា ទោះបី​ជា​កាប់​លក្ខណៈ​ទ្រង់ទ្រាយ​តូច ដឹក​ដោយ​ម៉ូតូ និង​គោយន្ត​កន្រៃ្ត​ក៏ដោយ ប៉ុន្ដែ​បើ​មិន​ទប់ស្កាត់​សកម្មភាព​នេះ និង​ធ្វើឲ្យ​ព្រៃឈើ​ក្នុង​ព្រៃឡង់​បាត់បង់​មិនខាន​។ ដូច្នេះ​ទោះបី​សកម្មភាព​តូចតាច​ក៏​ត្រូវតែ​ទប់ស្កាត់​ឲ្យ​បានដែរ​»​។

បើតាម​លោក​ ភក្ត្រា បច្ចុប្បន្ន​ក្រសួងបរិស្ថាន​បាននិង​កំពុង​សហការ​អនុវត្ត​គម្រោង​ការពារ​ និង​អភិរក្ស​តំបន់​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​ជាមួយ​គម្រោង​ព្រៃឡង់​បៃតង គាំទ្រ​ថវិកា​ដោយ USAID របស់​អាមេរិក​សម្រាប់​រយៈពេល​ ៥ ​ឆ្នាំ​ (២០១៨-២០២៣) ក្នុង​ទំហំ​ទឹកប្រាក់ ២១ ​លាន​ដុល្លារ​។

លោក​បន្តថា គម្រោង​ព្រៃឡង់​បៃតង​មាន​គោលបំណង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ការអភិរក្ស ជីវចម្រុះ​ និង​ស្ថានភាព​ប្រព័ន្ធ​អេកូឡូស៊ី ព្រម​ទាំង​បង្កើត​ឲ្យ​មាន​​និរន្តរភាព​ និង​សមធម៌​នៃ​កាលានុវត្តភាព​ផ្នែក​សេដ្ឋកិច្ច ជីវភាព​សហគមន៍ និង​ទុន​ធម្មជាតិ​សម្រាប់​ការវិនិយោគ​ឡើងវិញ​នៅក្នុង​ដែនជម្រក​សត្វព្រៃ «​ព្រៃឡង់​» ​និង​តំបន់​ការពារ​ធម្មជាតិ ជុំវិញ​តំបន់​ព្រៃឡង់​៕