ភ្នំពេញៈ មនុស្ស ១៣ នាក់ក្នុងចំណោមមនុស្ស ៧ ពាន់នាក់ដែលភាគច្រើនជាកុមារបានស្លាប់ដោយសារជំងឺគ្រុនឈាមរាតត្បាតនៅក្នុងរយៈពេល ៧ ខែនៅក្នុងឆ្នាំ ២០១៨ នេះ។ នេះបើតាមលោក លាង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញ។
លោក ឫទ្ធា ថ្លែងថាឆ្នាំ ២០១៨ នេះបើប្រៀបធៀបនឹងឆ្នាំមុន សម្ទុះនៃជំងឺគ្រុនឈាមមានការកើនឡើង ប៉ុន្ដែស្ថិតនៅក្នុងកម្រិតមួយដែលអាជ្ញាធរអាចគ្រប់គ្រងបាន។
លោកបានថ្លែងថា៖ «មិនមានការផ្ទុះឡើងជាទ្រង់ទ្រាយធំទេ គ្រាន់តែមានការកើនឡើងជាងឆ្នាំមុន។ តាមរបាយការណ៍ត្រឹមសប្ដាហ៍ចុងក្រោយនេះមានកើតឡើងជាង ៧ ពាន់ករណីហើយ និងមានករណីស្លាប់ ១៣ នាក់ដែលភាគច្រើនជាកុមារហើយករណីស្លាប់នេះ ព្រោះអាណាព្យាបាលភាគច្រើនគាត់យឺតយ៉ាវបញ្ចូនកូនមកមន្ទីរពេទ្យរដ្ឋដើម្បីទទួលការព្យាបាល»។
លោកបានអះអាងផងដែរថា អាណាព្យាបាលបើដឹងថាកូនមានជំងឺគ្រុនឈាម កុំព្យាយាមសាកល្បងព្យាបាលតាមរយៈថ្នាំ អាស្ពីរីន ឬព្យាបាលនៅមន្ទីរពេទ្យឯកជនឲ្យសោះត្រូវប្រញាប់បញ្ជូនកូនទៅមន្ទីរពេទ្យរដ្ឋក្នុងរយៈពេល ២៤ ម៉ោងដើម្បីទទួលបានការព្យាបាលទាន់ពេល។
តាមរបាយការណ៍ជំងឺគ្រុនឈាម ២៦ សប្ដាហ៍ឆ្នាំ ២០១៨ នេះបានបង្ហាញថាមានជំងឺគ្រុនឈាមកើតឡើងចំនួន ៥២៨៤ ករណីកើនឡើងចំនួន ៣៧០៤ ករណីស្មើនឹង ៧៧ ភាគរយបើធៀបក្នុងឆ្នាំ ២០១៧ ដែលមានតែ ១៥៨០ ករណី។
រហូតមកដល់ពេលនេះស្ថិតិក្នុងឆ្នាំ ២០១៨ បានបង្ហាញឲ្យដឹងថា ៧១ ភាគរយនៃករណីគ្រុនឈាមគឺជាកុមារអាយុពី ៥ ដល់ ១៤ ឆ្នាំដែលភាគច្រើនកំពុងរៀនក្នុងសាលា។ យោងតាមក្រសួងសុខាភិបាលប្រទេសកម្ពុជាទទួលរងគ្រោះដោយការរាតត្បាតក្នុងទ្រង់ទ្រាយធំពីជំងឺគ្រុនឈាមជាប្រចាំរវាង ៣-៥ ឆ្នាំម្តង។
នៅឆ្នាំ ២០១៦ មានអ្នកជំងឺសង្ស័យគ្រុនឈាមចំនួន ១២៨៤៣ ករណី (បើគិតជា អាំងស៊ីដង់ ឬករណីថ្មី គឺ ៧៧.៥% ក្នុងចំណោមប្រជាជន ១០០ ០០០ នាក់) ត្រូវបានរាយការណ៍តាមប្រព័ន្ធរបាយការណ៍កម្មវិធីជាតិក្នុងនោះមានកុមារចំនួន ១៨ នាក់បានស្លាប់ (បើគិតជាអត្រាស្លាប់គឺ ០,១%)។
ស្ថិតិមួយភាគធំនៃករណីឈឺបណ្ដាលមកពីជំងឺគ្រុនឈាមដែលមាននៅក្នុងរបាយការណ៍របស់កម្មវិធីជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះគឺកើតមានលើក្រុមកុមារចាប់ពីអាយុ ៥ ឆ្នាំទៅក្រោម ១០ ឆ្នាំ (២៤៣៤ ករណី ឬ ៣៨,២%) បន្ទាប់មកលើកុមារអាយុពី ១០ ឆ្នាំទៅក្រោម ១៥ ឆ្នាំ (២២៧១ ករណី ឬ ៣៥,៦%) កុមារអាយុក្រោម ៥ ឆ្នាំ (១៣០៥ ករណី ឬ ១០,៧%) និងកុមារអាយុលើសពី ១៥ ឆ្នាំ (៣៦២ ករណីឬ ៥.៦%)៕