ភ្នំពេញៈ នៅក្នុង​រយៈពេល​ ៩ ​ខែ​ក្នុង​ឆ្នាំ​ ២០២០ គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ (​គ.ប.ផ.ក​) ​បាន​បង្ក្រាប​ឱសថ​ខុសច្បាប់ ផលិតផល​វេជ្ជសាស្ត្រ និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​បាន​ជិត ៦០០ ​តោន​។

លោក តាន់ សុខវិជ្ជា ប្រធាន​លេខាធិការដ្ឋាន​នៃ គ.ប.ផ.ក បាន​ថ្លែង​ពីថ្ងៃ​អង្គារ​ក្នុង​កិច្ចប្រជុំ​ស្តីពី​​ «​យន្តការ​អនុវត្តន៍​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ និង​ទិសដៅ​អនុវត្តន៍​បន្ត​» នា​ទីស្តីការ​ក្រសួងមហាផ្ទៃ​ថា ចាប់ពី​ខែមករា​ដល់​ខែកញ្ញា ឆ្នាំ​ ២០២០ ​នេះ គ.ប.ផ.ក បាន​ចុះបង្ក្រាប​ឱសថ​ខុសច្បាប់ ផលិតផល​វេជ្ជសាស្ត្រ និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​ទូទៅ​សរុប​បាន​ចំនួន​ ១៣៤ ​ករណី ស្មើនឹង ៥៩៤,៦៥ ​តោន​។

ក្នុងចំណោម​ការបង្ក្រាប​នោះ​រួមមាន​ឱសថ​ ១៩ ​ករណី​ផលិតផល​វេជ្ជសាស្ត្រ​ប្រឆាំង​នឹង​មេរោគ​កូវីដ​១២​ករណី ផលិតផល​ឧបភោគបរិភោគ ៣៥ ​ករណី ផលិតផល​គ្រឿងសម្អាង​ ២៩ ​ករណី ផលិតផល​ប្រើប្រាស់​ ២០ ករណី និង​ផលិតផល​ថ្នាំជក់ ១៩ ​ករណី​។

បើតាម​លោក តាន់ សុខវិជ្ជា ករណី​បង្ក្រាប​ទាំងនេះ​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​ ១១១ ​ករណី​នៅ​ខេត្តកណ្តាល​ ១១ ​ករណី​ កំពង់ស្ពឺ ២ ​ករណី តាកែវ​ ១ ​ករណី ព្រះសីហនុ​ ២ ​ករណី បាត់ដំបង ១ ​ករណី កំពង់ចាម​ ១ ​ករណី ត្បូងឃ្មុំ​ ៤ ​ករណី និង​ខេត្តស្វាយរៀង​ ១ ​ករណី​។

បើ​តាម​លោក សុខវិជ្ជា ក្នុងករណី​ទាំងនោះ​មាន​អាជីវកម្ម​ ៩ ​ត្រូវ​រកឃើញថា បាន​អនុលោម​តាមច្បាប់ ១០៥ ​ករណី​កិច្ចសន្យា​អប់រំ និង​ ១ ​ករណី​ ផាកពិន័យ​តាម​វិធាន​ក្រសួង​ពាក់ព័ន្ធ​។ ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ ១៣ ​ករណី​ដោយ​ឃាត់ខ្លួន​មនុស្ស​ ២០ ​នាក់ ហើយ​ក្នុងនោះ​កំពុង​បន្ត​នីតិវិធី​ ១១ ​ករណី (​មនុស្ស ១៨ ​នាក់​) និង​តុលាការ​សម្រេច ២ ​ករណី​ដែល​មាន​មនុស្ស​ ២ ​នាក់​ដាក់​ពន្ធនាគារ​។

លោក មៀច សុផាន់ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ថ្លែងថា គ.ប.ផ.ក គឺ​ធ្វើការ​បង្ក្រាប​ឱសថ​ខុសច្បាប់ ផលិតផល​វេជ្ជសាស្ត្រ និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​គឺ​ដើម្បី​ធានា និង​ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ​ជា​ចម្បង​ដោយ​ជំរុញ​ការងារ​ផ្សព្វផ្សាយ​អប់រំ​បង្ការ និង​ទប់ស្កាត់​ការអនុវត្ត​កិច្ចប្រតិបត្តិការ​បង្ក្រាប និង​កិច្ចសហប្រតិបត្តិការ សម្របសម្រួល​ជាមួយ​បណ្តា​អន្តរក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​រួម​គ្នា​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​ករណីនេះ​មិនមែន​ជា​សមត្ថកិច្ច​ផ្តាច់មុខ​របស់​ក្រសួង ឬ​ស្ថាប័ន​ណាមួយ​តែឯង​នោះ​ទ្បើយ​។

លោក​បាន​បន្តថា​៖ «​ទោះបី​ជា​បច្ចុប្បន្ននេះ​ការងារ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ផលិតផល​ក្លែងក្លាយ​ទទួល​បាន​ជោគជ័យ​យ៉ាងណាក៏ដោយ ក៏​បទល្មើស​នេះ​កំពុង​រីករាលដាល​ពី​ ១ ​ថ្ងៃ​ទៅ ​១ ​ថ្ងៃ និង​កើតឡើង​ស្ទើរតែ​គ្រប់​ទីកន្លែង ហើយ​ត្រូវបាន​សកលលោក​ចាត់ទុក​ជា​បទល្មើស​ឧក្រិដ្ឋ​ឆ្លងដែន​ដែលមាន​លក្ខណៈ​ជា​អង្គការ​ចាត់តាំង​»​។

លោក សុផាន់ណា បាន​ដឹកនាំ​អង្គប្រជុំ​ពិភាក្សា ដើម្បី​ប្រមូលធាតុ​ចូល​ផ្សេងៗ ដែល​តំណាង​អន្តរក្រសួង​ស្ថាប័ន​នានា និង​មន្ត្រី​ជំនាញ​ចូលរួម​ជា​មតិយោបល់ ដើម្បី​បញ្ចូល​ក្នុង​យន្តការ​អនុវត្ត ទិសដៅ​បន្ត និង​បញ្ចូល​ក្នុង​ការងារ​ផែនការ​សកម្មភាព ៥ ​ឆ្នាំ គឺ​ពី​ឆ្នាំ​ ២០២០ ដល់​ឆ្នាំ ២០២៥ របស់ គ.ប.ផ.ក​។

ប្រធាន​សហព័ន្ធ​វិនិយោគ​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កម្ពុជា​លោក ឡី សុភាព ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា ការពង្រឹង​នូវ​ការបង្ក្រាប​ករណី​ផលិតផល​ក្លែងក្លាយ​នេះ​ជា​សកម្មភាព​មួយ​ដ៏ល្អ​សម្រាប់​ឱ្យ​ជនខិលខូច​រាងចាល និង​ឈប់​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​បែបនេះ​បន្តទៀត​។

លោក​បញ្ជាក់ថា៖ «​យើង​គួរតែ​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ការលុបបំបាត់​នូវ​ផលិតផល​ក្លែងក្លាយ ហើយ​ខ្ញុំ​សូម​អំពាវនាវ​ទៅដល់​មនុស្ស​គ្រប់គ្នា​ត្រូវ​ភ្ញាក់រឭក និង​ត្រូវ​ស្រឡាញ់​ជីវិត​ខ្លួនឯង​។ គ្រប់ភាគី​ដែល​ពាក់ព័ន្ធ ពិសេស​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកប្រើប្រាស់​ផ្ទាល់​ត្រូវតែ​ចូលរួម​ទាំងអស់​គ្នា​»៕

វីដេអូ៖