ភ្នំពេញៈ មនុស្សយ៉ាងតិច ៩ នាក់បានស្លាប់ និង ៤ នាក់ទៀតបានរងរបួសក្នុងករណីរន្ទះបាញ់ក្នុងត្រីមាសទី ១ ដើមឆ្នាំនេះ ប៉ុន្តែករណីនេះមិនទាន់រាប់បញ្ចូលក្នុងក្របខ័ណ្ឌទូទាំងប្រទេសនោះទេ។ នេះបើតាមមន្ត្រីនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក កែវ វី កាលពីម្សិលមិញ។
លោកថ្លែងថាយោងតាមរបាយការណ៍ដែលទទួលបានពីបណ្ដាខេត្តចំនួន ៧ រួមមាន ព្រៃវែង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ កោះកុង និង ក្រចេះ ករណីរន្ទះបាញ់ដែលចាប់ផ្ដើមតាំងពីដើមខែមករាមកដល់ថ្ងៃម្សិលមិញបានបង្កឲ្យមនុស្សយ៉ាងតិច ៩ នាក់ស្លាប់ និង ៤ នាក់ទៀតរងរបួសព្រមទាំងបានសម្លាប់សត្វពាហនៈ ៣ ក្បាលផងដែរ។
លោក កែវ វី បានបញ្ជាក់ថា៖ «ករណីនេះគឺភាគច្រើនកើតឡើងនៅពេលរសៀល ឬព្រលប់ ខណៈប្រជាកសិករកំពុងមមាញឹកក្នុងការងារភ្ជួររាស់ ដកស្ទូង និងមើលថែទាំ កៀងគោ ក្របី ពីស្រែត្រឡប់មកផ្ទះវិញ ដែលកិច្ចការទាំងនេះមិនអាចឲ្យពួកគាត់ស្ដាប់តាមការណែនាំដើម្បីបន្ថយនូវហានិភ័យពីបាតុភូតរន្ទះបាញ់នេះបាន»។
កាលពីម្សិលមិញលោក ជា ហេង អធិការស្រុកពាមជរ ខេត្តព្រៃវែងក៏បានថ្លែងស្រដៀងគ្នានេះផងដែរ ជុំវិញវិធានការការពារ និងកាត់បន្ថយគ្រោះថ្នាក់ពីករណីរន្ទះបាញ់។ លោកថ្លែងថាការផ្សព្វផ្សាយអប់រំពីរបៀបការពារគ្រោះថ្នាក់ក្នុងករណីនេះអាជ្ញាធរបានណែនាំឲ្យអ្នកភូមិមានការប្រុងប្រយ័ត្ននៅពេល មេឃរកកល់ភ្លៀងដែលនាំឲ្យមានខ្យល់ និងរន្ទះកើតឡើង។
លោកបានបញ្ជាក់ថា៖ «យើង ហាមពលរដ្ឋកុំឲ្យចាកចេញពីផ្ទះ និងកុំប្រើប្រាស់ទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀតពេលមេឃរកកល់ភ្លៀង ឬកំពុងភ្លៀងខ្យល់ខ្លាំងព្រោះធ្វើឲ្យប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតដោយបាតុភូតរន្ទះបាញ់ ប៉ុន្តែវាពិបាកនឹងឲ្យពលរដ្ឋយើងអនុវត្តតាមខ្លាំងណាស់ដោយសារភាគច្រើនវាបានកើតឡើងនៅពេលរសៀល និងព្រលប់ពេលប្រជាកសិករកំពុងមមាញឹកលើការងារបង្កបង្កើនផល»។
លោកបានបន្តថាកាលពីថ្ងៃពុធ វេលាម៉ោង ៥ និង ៤៥ នាទីល្ងាច បុរសម្នាក់ឈ្មោះ ដូង សារ៉ាត់ អាយុ ៥០ ឆ្នាំត្រូវរន្ទះបាញ់ស្លាប់ ខណៈគាត់កំពុងកៀងគោនៅវាលស្រែដែលមានចម្ងាយប្រមាណ ៨០០ ម៉ែត្រពីផ្ទះរបស់គាត់នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែងក្នុងពេលមេឃកំពុងភ្លៀងខ្យល់។
ចំណែកលោក ប៉ាវ គឹមហួត អធិការរងស្រុកចិត្របុរី ខេត្តក្រចេះបានថ្លែងថា ពេលខ្លះអ្នកភូមិនៅយល់ដឹងតិចតួចពីបាតុភូតរន្ទះបាញ់នេះ ដោយពួកគាត់យល់ថា ការស្នាក់ក្នុងផ្ទះ ឬបន្ទប់ក្រោមផ្ទះពេលមានភ្លៀងខ្យល់ និងផ្គររន្ទះ គឺមិនមានបញ្ហា បើទោះជាគាត់ស្ដាប់វិទ្យុ ឬទស្សនាទូរទស្សន៍ក្ដី។
លោកបានពន្យល់ថា៖ «ការពិតទោះជាយើងនៅកន្លែងណាក្ដី ឲ្យតែយើងប្រើប្រាស់វត្ថុចម្លងវិទ្យុសកម្មក្នុងពេលមេឃកំពុងភ្លៀងខ្យល់គឺយើងនឹងត្រូវប្រឈមគ្រោះថ្នាក់ពីរន្ទះបាញ់គ្រប់ពេល។ ជាក់ស្ដែងករណីរន្ទះបាញ់ នៅយប់ថ្ងៃអង្គារកន្លងទៅនេះបានបង្កឲ្យកុមារីអាយុ ៤ ឆ្នាំម្នាក់ស្លាប់ និងម្ដាយរបស់នាងរងរបួសដោយសារបើកទូរទស្សន៍មើលក្នុងពេលកំពុងមានភ្លៀងខ្យល់ខ្លាំង»។
បើតាមលោក គឹម ហួត កុមារីដែលស្លាប់ក្នុងយប់នោះឈ្មោះ ស្រួច ស្រីពេជ្រ រស់នៅភូមិក្រសាំង ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ ចំណែកម្ដាយរបស់នាងឈ្មោះ ជឿន សៃ អាយុ ២៩ ឆ្នាំត្រូវរបួសឆេះរោលជើងម្ខាង៕