
ទីតាំងអង្គភាពប្រឆាំងអំពើពុករលួយនៅតាមមហាវិថីព្រះនរោត្តម នាពេលបច្ចុប្បន្ន។ ហេង ជីវ័ន
ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា មានឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលជិត ២ ម៉ឺនច្បាប់ ដែលស្ថាប័ននេះបានទទួលពីមន្ត្រីនៅក្រសួង ស្ថាប័ន និងខេត្តមួយចំនួនក្នុងរយៈពេល ១០ ថ្ងៃ នៃការចាប់ផ្តើមទទួលពាក្យកាលពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០ ដល់ថ្ងៃទី ១០ ខែមករា ក៏ប៉ុន្តែមន្ត្រីបានអះអាងថា មានអ្នកជាប់កាតព្វកិច្ចប្រមាណ ៣០ ភាគរយទៀតនៅមិនទាន់បានមកដាក់ពាក្យ។
យោងតាមសេចក្តីជូនដំណឹងរបស់ ACU ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី ១០ ខែមករា ឱ្យដឹងថា ក្នុងចំណោមនោះមានស្ថាប័នចំនួន ១ និងខេត្តចំនួន ៩ បានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០ ភាគរយរួមមាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកែប ខេត្តតាកែវ និងខេត្តស្វាយរៀង។
លោក ចេង ប៊ុនឃៀង ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលបានឱ្យដឹងកាលពីម្សិលមិញថា ជុំវិញការប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះគឺនៅលល់បុគ្គលមានកាតព្វកិច្ចចំនួនជាង ៨ ពាន់នាក់ ដែលស្មើនឹង ៣០ ភាគរយប៉ុណ្ណោះ ដែលមិនទាន់បានមកដាក់ពាក្យ ប៉ុន្តែលោកថា មិនជាបញ្ហាទេ ព្រោះមានរយៈពេលយូរដើម្បីមកបំពេញកាតព្វកិច្ចនេះ។
លោកបានបន្តថា៖ «យោងតាមច្បាប់ប្រឆាំងអំពើពុករលួយបញ្ជាក់ថា ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវធ្វើរយៈពេល ២ ឆ្នាំម្តង។ សម្រាប់ឆ្នាំនេះ អ្នកដែលមានកាតព្វកិច្ចត្រូវមកដាក់ពាក្យប្រកាសទ្រព្យសម្បត្តិ និងបំណុលមានរយៈពេល ១ ខែពេញ គឺចាប់ពីថ្ងៃទី ១ ខែមករា រហូតដល់ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២១។ ប៉ុន្តែចំពោះបុគ្គលដែលជាប់រវល់បេសកកម្ម ឬក៏មានជំងឺជាទម្ងន់ យើងក៏ពិនិត្យមើលដែរឱ្យមានការពន្យារ»។
បើតាមលោក ចេង ប៊ុនឃៀង បុគ្គលសាធារណៈដែលមានកាតព្វកិច្ចក្នុងការមកដាក់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលជាសមាជិករដ្ឋសភា ព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាល។ ប៉ុន្តែបើនិយាយជារួម គឺជាបុគ្គលដែលទទួលបានការតែងតាំងពីអនុក្រឹត្យ និងព្រះរាជក្រឹត្យឡើងទៅ។
ក៏ប៉ុន្តែលោក ចេង ប៊ុនឃៀង បានបង្ហាញសុទិដ្ឋិនិយមថា ការដាក់ពាក្យប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះនឹងចប់ទៅតាមផែនការដែលបានគ្រោងទុក ព្រោះមានបុគ្គលមួយចំនួនបានដាក់ពាក្យប្រកាសតាំងពីខែធ្នូ ឆ្នាំ ២០២០ មកម្ល៉េះ ព្រោះគាត់បំពេញ និងអនុវត្តបានយ៉ាងពេលលេញស្របទៅតាមច្បាប់ប្រឆាំងអំពើពុករលួយ។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាបានឱ្យដឹងកាលពីម្សិលមិញថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុលមានចែងនៅក្នុងច្បាប់ជាធរមាន និង ជាកាតព្វកិច្ចដែលស្ថាប័ន និងបុគ្គលពាក់ព័ន្ធត្រូវបំពេញដើម្បីឱ្យស្របតាមច្បាប់ប្រឆាំងអំពើពុករលួយ។
បើតាម លោក ប៉ិច ពិសី កន្លងមកនេះ ACU បានអនុវត្តពីតួនាទីរបស់ខ្លួនបានត្រឹមត្រូវ និងមានប្រសិទ្ធភាពក្នុងការជំរុញដំណើរការប្រកាស ទ្រព្យសម្បត្តិ និងបំណុលទៅច្បាប់ជាធរមាន និងសម្ងាត់។ ការប្រកាសនេះនឹងធ្វើឱ្យមានភាពជឿជាក់កាន់តែខ្ពស់ថែមទៀត។
លោកបានបញ្ជាក់ថា៖ «តាមការសង្កេតរបស់ខ្ញុំកន្លងមក ឃើញថាការអនុវត្តនេះ គឺល្អ និងមានប្រសិទ្ធភាព។ យើងសូមលើកទឹកចិត្ត និងស្វាគមន៍ចំពោះការដឹកនាំរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការជំរុញក្នុងការប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះ»។
ទោះបីជាយ៉ាងណាលោក ពិសី បានជំរុញឱ្យមានការលើកទឹកចិត្តក្នុងការកែសម្រួលលើបទដ្ឋានគតិយុត្តមួយចំនួនពាក់ព័ន្ធនឹងការប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះដោយឱ្យមកធ្វើជាសាធារណៈវិញ ព្រោះមានប្រទេសច្រើនណាស់ ដែលត្រូវបានប្រកាសជាធារណៈ ដើម្បីឱ្យពលរដ្ឋបានដឹងព័ត៌មានរបស់បុគ្គល និងមន្ត្រីសាធារណៈ។
ប្រទេសកម្ពុជា បានដាក់ឱ្យមានការអនុវត្តប្រកាសទ្រព្យសម្បត្តិ និងបំណុលតាំងពីឆ្នាំ ២០១១ មកទល់ឆ្នាំ ២០២១ នេះគឺមានចំនួន ៦ លើកហើយ ដែលមានបុគ្គលជាប់កាតព្វកិច្ចជាង ២៥ ០០០ នាក់៕
វីដេអូ៖