បាត់ដំបងៈ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) កាលពី​ល្ងាច​ថ្ងៃទី​ ២៧ ខែមិថុនា​ បាន​នាំខ្លួន​ឧកញ៉ា សង ថន ដែល​កាន់កាប់​ដី​ប្រមាណ​ ៥ ​ពាន់​ហិកតា ឬ​ស្មើ ១ ភាគ ៤ នៃ​ផ្ទៃដី​ក្នុងស្រុក​គាស់ក្រឡ​ទាំងមូល​ទៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ​រឿង​ដីធ្លី​នៅ​ស្រុក​នេះ​។

ស្របពេល​ជាមួយ​គ្នា​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បានចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង​លោក ម៉ៅ សុចាន់ ជា​អភិបាល​នៃ​គណៈអភិបាលស្រុក​គាស់ក្រឡ​ផងដែរ​ដែល​សង្គម​ស៊ីវិល​ដាក់​ការសង្ស័យថា ករណីនេះ​អាច​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​គ្នា​នឹង​រឿង​ដែល ACU បាន​រកឃើញ​។

ភ្នំពេញ ប៉ុស្តិ៍ បាន​ព្យាយាម​ទាក់ទង​លោក ឱម យ៉ិនទៀង ប្រធាន ACU និង​លោក យ៉ិនទៀង ពុទ្ធារិទ្ធ ជំនួយការ​ផ្ទាល់​របស់​លោក​ដើម្បី​បញ្ជាក់​បន្ថែម​អំពី​ករណីនេះ ប៉ុន្តែ​ទូរស័ព្ទ​ចុច​ចូល​ មិន​មាន​អ្នកទទួល ខណៈ​លោក នួន បូផល ​អនុប្រធាន ACU បាន​បដិសេធ​ផ្តល់​បទសម្ភាស​។

លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា លោក​បាន​ដឹងថា ACU បាន​នាំខ្លួន​លោក​ឧកញ៉ា​រូបនេះ​ទៅ​សាកសួរ ករណី​ពុករលួយ​ក្នុង​រឿង​ជម្លោះដីធ្លី​តាមរយៈ​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​លោក​មិន​ដឹងថា ឧកញ៉ា​រូបនេះ​ត្រូវ​បាន​បញ្ចូន​ទៅ​ទីណា​នោះទេ ព្រោះនេះ​គឺជា​សមត្ថកិច្ច​របស់ ACU ខណៈ​ដែល​ខេត្ត​ក៏​កំពុង​ស៊ើបអង្កេត​ករណី​ជម្លោះ​ដីធ្លី​នេះ​ដូចគ្នា​។

លោក​ថា​៖ «​នេះ​ជា​ការស្រាវជ្រាវ​របស់​អង្គភាព ដែល​បាន​រកឃើញ ប៉ុន្តែ​ជាក់ស្តែង​កន្លងមក និង​បច្ចុប្បន្ន​នៅក្នុង​រឿងនេះ វា​មាន​ករណី​ទំនាស់​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​។ ខេត្ត​កំពុង​ធ្វើការ​វាស់វែង​ដី​ខ្លះ ជូន​ប្រជាពលរដ្ឋ ហើយ​តាម​ជាក់ស្តែង (​សង ថន​) គាត់​បាន​កាន់កាប់​ដី​ធំ​នៅក្នុង​ស្រុក​នេះ​»​។ លោក ងួន រតនៈ ថ្លែង​ថា ឧកញ៉ា សង ថន បាន​កាន់កាប់​ដី​ប្រមាណ ៥ ពាន់​ហិកតា​ ឬ​ស្មើ​ ១ ​ភាគ​ ៤ ​នៃ​ផ្ទៃដី​ក្នុង​ស្រុក​គាស់ក្រឡ​ទាំងមូល​។

ចំណែក​ករណី​ដកតំណែង​លោក ម៉ៅ សុចាន់ ជា​អភិបាល​នៃ​គណៈអភិបាលស្រុក​គាស់ក្រឡ​លោក រតនៈ មិន​អាច​បញ្ជាក់​បានទេ​ថា មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ករណី​ឧកញ៉ា សង ថន ​នោះ​ឬ​អត់ ប៉ុន្តែ​លោក​ថា ការដក​តំណែង​មន្ត្រី​ណាមួយ​របស់​មន្ត្រី​រដ្ឋាភិបាល គឺជា​រឿង​ធម្មតា​។

លោក ស៊ីម គូ ពលរដ្ឋ​ម្នាក់​ដែល​កំពុងមាន​ជម្លោះ​ជាមួយ​ឧកញ៉ា សង ថន ក្នុងចំណោម​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា វា​ជា​រឿង​យុត្តិធម៌ ដែល​ពលរដ្ឋ​អាច​នឹង​ទទួល​បាន​បើ​លោក សង ថន ពិតជា​ត្រូវបាន​ស្រាវជ្រាវ​ពី​ករណី​ពុករលួយ​រឿង​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ​ពិតមែន​។

លោក​ថា ដំបូង​ឡើយ តំបន់​នេះ​គឺជា​ដីព្រៃ​មិនមាន​មនុស្ស​រស់នៅ​នោះទេ​ ប៉ុន្តែ​ក្រោយមក​បន្ទាប់ពី​រដ្ឋាភិបាល​បាន​បង្កើតជា​ស្រុក​ក៏​មាន​ពលរដ្ឋ​ដែល​មិនមាន​ដី​សម្រាប់​បង្កបង្កើនផល​បាន​មក​រស់នៅ និង​កាន់កាប់​ដី​ជា​បន្តបន្ទាប់​សម្រាប់​ចិញ្ចឹមជីវិត​។

លោក​បន្តថា ស្រាប់តែ​មាន​ឈ្មោះ សង ថន រូបនេះ​រួមមាន​មន្ត្រី​ដែនដី អះអាង​ថា​ពលរដ្ឋ​រំលោភ​ដី​លោក​ សង ថន ទៅវិញ​។ «​ដី​នេះ​គឺជា​ដី​សម្បត្តិ​របស់​រដ្ឋ​ដែល​ខ្ញុំ​តាំងពី​ដើម​មក​រស់នៅ​ស្រុក​គាស់ក្រឡ​នេះ​ដែលជា​តំបន់​សម្បទាន​សង្គមកិច្ច​សម្រាប់​ប្រជាពលរដ្ឋ ហើយ​ក៏​បាន​ដូរ​មក​ជា​ស្រុក​គាស់ក្រឡ​កាលពី​ឆ្នាំ ២០០២​។ ពលរដ្ឋ​ក៏បាន​ចូលមក​រស់នៅ​ពេល​គ្មាន​ដី​បង្កបង្កើនផល​ហ្នឹង​ជា​យូរ​ឆ្នាំ​ហើយ​។ ប្រជាពលរដ្ឋ កាប់ឆ្ការ​បណ្តើរ ​ដាំដុះ​បណ្តើរ ស្រាប់តែ​ឧកញ៉ា សង ថន ​ហ្នឹង​ក៏​បាន​កាយ​ក្រវាត់​ព័ទ្ធ​យក​តែ​ម្តង​»​។

លោក យិន ម៉េងលី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ខេត្ត​បាត់ដំបង​រំពឹងថា ករណី​នេះ ACU នឹង​រក​យុត្តិធម៌​ជូន​ជនស្លូតត្រង់​។ «​ឥឡូវនេះ ខ្ញុំ​បាន​ទទួល​សារ​ជាច្រើន​ពី​ប្រជាពលរដ្ឋ ដែល​មាន​ជម្លោះដីធ្លី​នេះ គាត់​បង្ហាញ​នូវ​ក្តីសប្បាយ​រីករាយ​។ ចំពោះ​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​វិញ​ខ្ញុំ​មិនទាន់​ដឹង​ច្បាស់​ថា ACU ​លោក​មាន​ឯកសារ​ច្បាស់លាស់​ប៉ុនណា​ដែរ ព្រោះ​ករណី​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបអង្កេត​។ ក៏ប៉ុន្តែ​យើង​ចង់​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អនុវត្ត​ទៅតាម​ច្បាប់​ដែល​កំណត់ ហើយ​បើសិន​ជា​រកឃើញថា អ្នកណា​មាន​កំហុស មាន​ភ័ស្តុតាង យើង​ធ្វើ​ទៅ​តាមផ្លូវ​ច្បាប់​ទៅ​»​។

បន្ថែម​ពីនេះ លោក ម៉េងលី សង្ស័យ​ថា ករណី​ដកតំណែង​អភិបាលស្រុក​គាស់ក្រឡ​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រព្រឹត្ត​អំពើពុករលួយ រឿង​ដីធ្លី​របស់​ឧកញ៉ា សង ថន​។ លោក​អះអាង​យ៉ាង​ដូច្នេះ​ព្រោះតែ​ការដកតំណែង​នេះ​បាន​កើតឡើង​ស្រប​ពេល​តែមួយ​។ ​ម្យ៉ាង​លោក​អភិបាលស្រុក​រូបនេះ​ទើប​តែ​បាន​ឡើង​កាន់​តំណែង​បាន​ ២ ឆ្នាំ​ប៉ុណ្ណោះ ដែល​តាម​ច្បាប់ បើ​គ្មាន​កំហុស​ធ្ងន់ធ្ងរ​ទេ លុះត្រា​ផុត​អាណត្តិ​ទើប​មាន​ការបញ្ចប់​មុខតំណែង​៕

វីដេអូ៖