ភ្នំពេញៈ ការផ្គត់ផ្គង់​គ្រឿងបរិក្ខារ​ផ្នែករ​វេជ្ជសាស្ត្រ​ពី​កម្ពុជា​កំពុង​ជួយ​ប្រទេស​កំពុងអភិវឌ្ឍន៍​នានា​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​​ការរាលដាល​នៃ​ COVID-19​។ ​នេះ​​បើ​តាម​ការផ្សាយ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ (ADB) ​ពី​ថ្ងៃ​ទី​ ៩ ​កក្កដា ឆ្នាំ​ ២០២០ ដែល​ភ្នំពេញប៉ុស្តិ៍​ទទួល​កាលពី​ចុង​សប្ដាហ៍​។

របាយការណ៍​ព័ត៌មាន​របស់​ធនាគារ​នេះ​បាន​លើកឡើង​ថា​ជា​ការឆ្លើយតប​បន្ទាន់​ចំពោះ​​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សកល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរាតត្បាត​ COVID-19 ​ក្រុម​ជំនាញ​ការផ្នែក​សុខាភិបាល​នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ និង​ការប្រែប្រួល​អាកាសធាតុ​ (SDCC) ​នៃ​ធនាគារ​នេះ​បាន​កៀរគរ​មូលនិធិ​សម្រាប់​ជំនួយ​បច្ចេកទេស​ (TA) ​ស្តីពី​ការគាំទ្រ​​ថ្នាក់​តំបន់​ដើម្បី​ដោះស្រាយ​ការផ្ទុះ​ជំងឺ​នេះ​នូវ​ទឹកប្រាក់​ ៤៨,៣ ​លាន​ដុល្លារ​ នៅ​ដើម​ឆ្នាំ ២០២០​។

ទន្ទឹម​នឹង​នេះ ADB ក៏បាន​ទទួល​សំណើ​ពី​បណ្តា​សមាជិក​ដែលជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដើម្បី​ប្រើ​ជំនួយ​បច្ចេកទេស​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ដែល​ត្រូវការ​ជា​ចាំបាច់​សម្រាប់​ពង្រឹង​សមត្ថភាព​ប្រព័ន្ធ​សុខាភិបាល​ក្នុង​ការការពារ ការរកឃើញ និង​ព្យាបាល​ករណី​ COVID-19 ​ផងដែរ​។

គិត​ត្រឹម​ចុង​ខែ​មិថុនា​ឆ្នាំ​នេះ ADB តាមរយៈ​នាយកដ្ឋាន​លទ្ធកម្ម​ផលបត្រ និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ (PPFD) ​របស់​ខ្លួន​បាន​ដំណើរការ និង​ផ្តល់​កិច្ចព្រមពៀង​ចំនួន​ ១៥ ​លាន​ដុល្លារ​ ក្រោម​ជំនួយ​បច្ចេកទេស​ជាមួយ​ក្រុម​ផ្គត់ផ្គង់​នានា​នៃ​ឧបករណ៍​ការពារ​​ខ្លួន​ (PPE) ​សម្ភារ​ធ្វើតេស្ត ឧបករណ៍​ធ្វើ​រោគវិនិច្ឆ័យ គ្រឿង​ពិសោធន៍ និង​ បរិក្ខារសំខាន់ៗ​ផ្សេងទៀត​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ​។ ​នេះ​ជា​ការបន្ថែម​លើ​សេវាកម្ម​លទ្ធកម្ម​ចំនួន​ ១៦,៧ ​លាន​ដុល្លារ​ ដែល​ត្រូវ​បាន​អនុវត្ត​ដោយ UNICEF ​តាមរយៈ​ជំនួយ​បច្ចេកទេស​ដូចគ្នា​។

របាយការណ៍​នេះ​គូសបញ្ជាក់​​ថា​ «​ក្រុមហ៊ុន​ Medtecs ​ជា​អ្នកផ្គត់ផ្គង់​មួយ​ក្នុង​ចំណោម​អ្នកផ្គត់ផ្គង់​ដែល​បាន​ជ្រើសរើស​តាមរយៈ​ដំណើរការ​លទ្ធកម្ម​ប្រកប​ដោយ​ភាព​ប្រកួតប្រជែង​ធ្វើឡើង​ដោយ​ PPFD ហើយ​ត្រូវ​បានផ្តល់​កិច្ចសន្យា​ក្នុង​ទឹកប្រាក់​ ៥ ​លាន​ដុល្លារ ដើម្បី​ផលិត​ឈុត​គម្រប​ស្បែកជើង និង​សម្ភារ​ការពារ រ៉ូបការពារ ដើម្បី​ចែកចាយ​ដល់​បុគ្គលិក​សុខាភិបាល​ជួរមុខ​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន ១១»​។

ក្រុមហ៊ុន​នេះ​បាន​ដំណើរការ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​ ១៩៩៩ ​និង​មាន​បុគ្គលិក​ចំនួន​ ៥ ៥០០ ​នាក់​ នៅ​រោងចក្រ​ក្នុង​ខេត្ត​កំពង់ចាម​ដែល​ប្រមាណ​ ៨២ ​ភាគរយ​ជា​ស្ត្រី​។ ​រោងចក្រ​នេះ​បាន​ផ្តល់​ការងារ​ប្រកប​ដោយ​ស្ថិរភាព​​ដល់​ពលរដ្ឋ​កម្ពុជា​នៅ​ទីនោះ​ និង​រួមចំណែក​ដល់​សេដ្ឋកិច្ច​ក្នុង​​តំបន់​ដែល​មាន​សារៈសំខាន់ ជាពិសេស​ខណៈ​កម្ពុជា​កំពុង​រងឥទ្ធិពល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​បង្កដោយ COVID-19​។

របាយការណ៍​របស់​ ADB ​បាន​​បញ្ជាក់​ថា​៖ «​ក្រុមហ៊ុន​បាន​ចំណាយ​ពេល​ប្រមាណ​ ១ ​ខែ​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ PPE ​សកល​សម្រាប់​ផលិតកម្ម​វាយនភណ្ឌ​សរុប​ជិត​ ១,២ ​លាន​ឈុត​។ ​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​​សមត្ថភាព​ផលិត​ប្រចាំខែ​នូវ​រ៉ូប​ការពារ​ ៨ ​លាន​ឈុត​ការពារ​ ២,៥ ​លាន និង​គម្រប​ស្បែកជើង​ ៤ ​លាន​។ ទំនិញ​បាន​ឆ្លងកាត់​​ការត្រួតពិនិត្យ​ដោយ​ភាគី​ទី​ ៣ ​ឯករាជ្យ ហើយ​បាន​ចាប់ផ្តើម​​បញ្ជូន​ពី​កម្ពុជា​នៅ​ចុង​ខែ​មិថុនា​ទៅ​ប្រទេស​គោលដៅ​ផ្សេងៗ​»​។

លោក Jesper Pedersen អ្នកឯកទេស​ជំនាញ​លទ្ធកម្ម​​របស់​ ADB បាន​ថ្លែងថា​៖ «​ទំនិញ​ដំបូង​ដែល​បាន​ទិញ​ក្រោម​គោលការណ៍​ណែនាំ​ស្តីពី​លទ្ធកម្ម​បន្ទាន់​របស់​ ADB ​សម្រាប់​ឆ្លើយតប​នឹង​ COVID-19 ត្រូវបាន​ផលិត​ក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​ជា​ប្រទេស​ត្រូវ​ប្រើ​ផលិតផល​ទាំងនោះ​ដែរ​។ ​ADB ​មាន​សេចក្តី​រីករាយ​ដែល​បាន​ចូលរួម​ចំណែក​​ក្នុង​ការធ្វើ​លទ្ធកម្ម​ដោយផ្ទាល់​ និង​ជួយ​សម្រួល​ដល់​ការកៀរគរ​ការផ្គត់ផ្គង់​សម្រាប់​តម្រូវការ​​បន្ទាន់​ពី​ប្រភព​នានា​ក្នុង​សកលលោក និង​ទៅកាន់​ប្រទេស​កំពុង​​អភិវឌ្ឍន៍​ផ្សេងៗ​»៕