ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីម្សិលមិញបានអនុម័តផ្តល់កម្ចីចំនួន ២៥០ លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាឆ្លើយតបទៅនឹងជំងឺកូវីដ ១៩ តាមរយៈការពង្រឹងប្រព័ន្ធគាំពារសុខភាពក្នុងប្រទេស និងបង្កើនជំនួយសង្គមដល់ប្រជាពលរដ្ឋក្រីក្រដែលងាយរងគ្រោះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB កម្ចីនេះក៏ចូលរួមគាំទ្រសេដ្ឋកិច្ចសម្រាប់អាជីវកម្មដែលរួមមានសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជាផងដែរ។ សេចក្តីប្រកាសដដែលបញ្ជាក់ថា៖ «ការគាំទ្រនេះនឹងជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃជំងឺរាតត្បាតនេះលើសុខភាព សង្គម និងសេដ្ឋកិច្ច»។
ប្រទេសកម្ពុជា ងាយរងគ្រោះខ្លាំងពីផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ ១៩ ដោយសារសេដ្ឋកិច្ចបើកចំហមូលដ្ឋានសេដ្ឋកិច្ចចង្អៀត និងប្រជាពលរដ្ឋចល័តច្រើន។ ADB រំពឹងថាសេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ចុះក្នុងរង្វង់ -៥,៥% ក្នុងឆ្នាំ ២០២០ ដោយសារការថយចុះនៃវិស័យទេសចរណ៍ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរតិចជាងមុន និងការចុះថយនៃសកម្មភាពសំណង់ ហើយហានិភ័យនៃការធ្លាក់ចុះនេះអាចនឹងនាំឲ្យពលរដ្ឋប្រមាណ ១,៣ លាននាក់ទៀតធ្លាក់ក្នុងភាពក្រីក្រ។
កាលពីខែមីនាកម្ពុជាប្រកាសពីដំណើរការឆ្លើយតបស៊ីជម្រៅទៅនឹងជំងឺកូវីដ១៩ ជាមួយនឹងកញ្ចប់ថវិកាវិធានការដំបូងសរុប ៨១៥,៧ លានដុល្លារដែលស្មើនឹង ៣,២% នៃផលិតផលក្នុងស្រុកសរុបរំពឹងទុកសម្រាប់ឆ្នាំ ២០២០។ ទាំងនេះរួមបញ្ចូលនូវការគាំទ្រទៅលើប្រព័ន្ធសុខាភិបាល ដើម្បីត្រៀមបង្ការការកើនឡើងនៃជំងឺកូវីដ ១៩ ហើយសម្រាប់កម្មករ និងសហគ្រាសដែលរួមមានការចាក់បញ្ចូលដើមទុន ១៥០ លានដុល្លារ ដើម្បីគាំទ្រធនាគារដែលផ្តល់កម្ចីដល់អាជីវកម្មខ្នាតតូច និងមធ្យម។
កញ្ចប់ថវិកាគាំទ្រនេះរួមមាន ៣០០ លានដុល្លារ សម្រាប់ការផ្តល់ជំនួយជាសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានក្នុងបញ្ជីទិន្នន័យរបស់រាជរដ្ឋាភិបាល ហើយបញ្ជីទិន្នន័យ (IDPoor) នេះមានបញ្ចូលគ្រួសារក្រីក្រ ២,៤ លានគ្រួសារ និងកំពុងត្រូវបានបញ្ចូលបន្ថែម គ្រួសារដែលរងប៉ះពាល់ដោយជំងឺកូវីដ ១៩ នេះបន្តទៀត។ នេះបើតាម ADB។
លោក MasatsuguAsakawa ប្រធាន ADB ថ្លែងថាកម្ពុជាមានកំណត់ត្រានៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចល្អ។ ប៉ុន្តែលោកថា ជំងឺកូវីដ ១៩ បានគំរាមកំហែងធ្វើឲ្យថយចុះនូវការរីកចម្រើនក្នុងការកាត់បន្ថយភាពក្រីក្រ ជាពិសេសក្នុងចំណោមក្រុមងាយរងគ្រោះ ដូចជាស្ត្រី និងកម្មករចំណាកស្រុក។ «កម្ចីនេះជាផែនការចូលរួមរយៈពេលវែងរបស់ ADB ដែលផ្តោតទៅលើការគាំទ្រការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងនិរន្តរភាពហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា»។
លោកថា កម្មវិធីគាំទ្រការចំណាយ និងឆ្លើយតបសកម្មទៅនឹងជំងឺកូវីដ ១៩ របស់ ADB (ដែលហៅកាត់ថា CARES) ត្រូវបានផ្តល់ថវិកាតាមរយៈជម្រើសឆ្លើយតបនឹងជំងឺកូវីដ ១៩ (ហៅកាត់ថា CPRO) ក្រោមការជ្រោមជ្រែងរបស់ ADB ដើម្បីដោះស្រាយដំណើរសេដ្ឋកិច្ចមិនប្រក្រតី។ CPRO ផ្តួចផ្តើមឡើងតាមរយៈជំនួយរបស់ ADB ដែលត្រូវបានពង្រីករហូតដល់ ២០ ពាន់លានដុល្លារកាលពីថ្ងៃទី ១៣ ខែមេសា សម្រាប់សមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក មាស សុខសេនសាន លោកគឹម សុភៈ និងលោក នុប សុធនវិចិត្រ មិនអាចទាក់ទងសុំអត្ថាធិប្បាយជុំវិញករណីនេះបានទេដោយសារទូរស័ព្ទពុំមានអ្នកទទួល។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលថ្លែងពីម្សិលមិញថា លោកមិនដឹងលម្អិតពីកម្ចីថវិការបស់ ADB ក្នុងពេលនេះទេ។ ប៉ុន្តែលោករៀបរាប់ថា ជារួមការចំណាយរបស់រដ្ឋាភិបាលគឺមាន ២ ប្រភេទ គឺការចំណាយចរន្ត និងការចំណាយក្នុងការអភិវឌ្ឍ។
លោកថា៖ «គេមានការចំណាយទី១ គឺការចំណាយចរន្តគឺយើងមានគ្រប់គ្រាន់មិនមានបញ្ហាអ្វីទេ ដោយសំដៅទៅលើការចាយវាយដល់ប្រាក់ខែអីហ្នឹង។ ដល់ទី២ គឺចំណាយវិនិយោគលើសេវាសាធារណៈអីហ្នឹង គឺចំណាយវិនិយោគខ្លះ ...។ បន្ថែមពីនេះយើងត្រូវការលុយ ដើម្បីទម្លាក់ទៅក្នុងស្ថានភាពណាដែលត្រូវការចាំបាច់សម្រាប់ជួយដល់វិស័យឯកជនឲ្យមានស្ថិរភាពផ្នែកសេដ្ឋកិច្ច កុំឲ្យបិទទ្វារ»៕