ភ្នំពេញ៖ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​អនុម័ត​​ផ្តល់​ហិរញ្ញប្បទាន​​ជាង ២៩ លាន​ដុល្លារ ​ដើម្បី​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការផ្តល់​សេវា​តាមរយៈ​កំណែ​ទម្រង់​សំខាន់ៗ ​ចំពោះ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​វិមជ្ឈការ​នៅ​តាម​តំបន់​ជនបទ​ដែល​ភាគ​ច្រើន​មាន​ពលរដ្ឋ​ក្រីក្រ​រស់នៅ។

ការ​ប្រកាស​ពី​ការ​អនុម័ត​នេះ ធ្វើ​ឡើង​ដើម្បី​បំពេញ​បន្ថែម​លើ​កម្មវិធី​ទី១ នៃ​ការ​អភិវឌ្ឍផ្នែក​សេវា និង​ការ​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​ បន្ទាប់​ពី​កម្ពុជា​បាន​ធ្វើ​កំណែ​ទម្រង់​​វិមជ្ឈការ​កាល​ពី​ឆ្នាំ ២០០១ និង​បន្ត​ដំណើរការ​ដល់​ពេល​បច្ចុប្បន្ន។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ADB ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី ២២​ ខែ​កញ្ញា​​ ឲ្យ​ដឹង​ថា កម្មវិធី​ទី២ នៃ​ការ​អភិវឌ្ឍន៍​ផ្នែក​សេវា និង​ការ​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​នេះ រួម​មាន​ប្រាក់​កម្ចី ផ្តោត​លើ​គោល​នយោបាយ​ចំនួន ២០ លាន​ដុល្លារ ​ក្នុង​ការ​គាំទ្រ​ដល់​វិធីសាស្ត្រ ​ដើម្បី​ពង្រឹង​ផែនការ និង​ការ​គ្រប់គ្រង​សារពើពន្ធ​នៃ​រដ្ឋបាល​មូលដ្ឋាន​ក៏​ដូចជា​រដ្ឋបាល​សាធារណៈ។

ហិរញ្ញប្បទាន​នេះ​ក៏​រួម​បញ្ចូល​ប្រាក់​កម្ចី​អនុវត្ត​គម្រោង​ចំនួន ៩,៣៥ លាន​ដុល្លារ ដើម្បី​ជួយ​កសាង​សាលា​រដ្ឋបាល​មូលដ្ឋាន​ជាតិ ដែល​ជា​​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​សម្រាប់​មន្ត្រី​រាជរដ្ឋាភិបាល​ក្នុង​តំបន់ ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​ក៏​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​នេះ ​ចំនួន ១,៧ លាន​ដុល្លារ​ផង​ដែរ។

លោកស្រី Jhelum Thomas អ្នក​ជំនាញ​ជាន់​ខ្ពស់​ផ្នែក​គ្រប់គ្រង​វិស័យ​សាធារណៈ របស់​ធនាគារ ADB មាន​ប្រសាសន៍​ថា គម្រោង​នេះ​មាន​គោល​បំណង​ជួយ​ដល់​រដ្ឋបាល​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្នុង​ការ​ផ្តល់​នូវ​សេវា​សាធារណៈ​មូលដ្ឋាន​ប្រកប​ដោយ​និរន្តរភាព និង​ប្រសិទ្ធភាព។ គម្រោង​នេះ​ក៏​នឹង​បង្រួម​គម្លាត​តំបន់​ជនបទ និង​ទី​ប្រជុំ​ជន​ឱ្យ​ទទួល​បាន​សេវា​សាធារណៈ​របស់​រដ្ឋ​កាន់​តែ​ប្រសើរ​ផង​ដែរ​។

លោកស្រី​បញ្ជាក់​ថា៖ ​«គម្រោង​នេះ ចាំ​បាច់​ណាស់ ខណៈ​ដែល​ជំងឺ​រាតត្បាត​​កូវីដ ១៩ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​ផ្លាស់​ទី​ពី​ទីក្រុង​ទៅ​ជនបទ​។ ប្រការ​នេះ​នឹង​នាំ​ឱ្យ​មាន​សម្ពាធ​បន្ថែម​ដល់​រដ្ឋបាល​មូលដ្ឋាន​ក្នុង​ការ​ផ្តល់​ជំនួយ​សង្គម ​និង​សេវាកម្ម​ចាំបាច់​ដូច​ជា​ផ្លូវ​ថ្នល់ ការ​ផ្គត់ផ្គង់​ទឹក និង​អនាម័យ ដើម្បី​គាំទ្រ​ដល់​ការ​រីក​ចម្រើន​ប្រកប​ដោយ​បរិយាប័ន្ន និង​សមធម៌»។

បើ​តាម ADB ផលិតផល​ក្នុង​ស្រុក​សរុប​របស់​​កម្ពុជា បាន​កើន​ឡើង ៨,០ ភាគរយ​ជា​រៀង​រាល់​ឆ្នាំ ចាប់​តាំង​ពី ឆ្នាំ ១៩៩៩ ដល់​ឆ្នាំ ២០១៩ ដោយ​បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​មក​នៅ​ត្រឹម ១៣,៥ ភាគរយ ក្នុង​ឆ្នាំ ២០១៤ ខណៈ​កាល​ពី​ឆ្នាំ ​២០០៧ ​មាន​ចំនួន ៤៧,៨ ​ភាគរយ។

ប៉ុន្តែ ADB នៅ​តែ​មើល​ឃើញ​ថា ពលរដ្ឋ​កម្ពុជា​ជាង ៧០ ភាគរយ នៅ​តែ​រស់នៅ​ជាមួយ​ចំណូល​តិច​ជាង ៣ ដុល្លារ ក្នុង ​១ ​ថ្ងៃ ហើយ​ការ​ទទួល​បាន​សេវា​មូលដ្ឋាន​ក៏​មិន​ទាន់​មាន​ភាព​ស្មើ​គ្នា​ ខណៈ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ នៅ​តែ​ប្រឈម​ហានិភ័យ​ធ្ងន់ធ្ងរ។

ADB រំ​ពឹង​ថា ការ​ផ្តល់​ហិរញ្ញប្បទាន​នេះ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​គ្រប់គ្រង​ចំណូល និង​ចំណាយ​ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ក្នុង​មូលដ្ឋាន និង​ដោះស្រាយ​នូវ​កង្វះ​ខាត​នៃ​ជំនាញ​សម្រាប់​​រយៈពេល​វែង​របស់​មន្ត្រី​រដ្ឋបាល​មូលដ្ឋាន។

លោក មាស សុខសេនសាន អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្វាគមន៍​ចំពោះ​ការ​អនុម័ត​​ផ្តល់​ហិរញ្ញប្បទាន​នេះ ដោយសារ​តែ​វា​មាន​សារៈប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​​ជា​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​​សម្រេច​ឱ្យ​បាន​នូវ​​ការ​ធ្វើ​កំណែ​ទម្រង់​វិមជ្ឈការ​។

លោក​បាន​បញ្ជាក់​ថា៖ «ជំហរ​របស់​ក្រសួង​សេដ្ឋកិច្ច មើល​ឃើញ​ដូច​គ្នា​ទៅ​នឹង​ការ​លើក​ឡើង​​របស់ ADB ក៏​ដូច​ជា​ផល​ដែល​យើង​បាន​ព្រមព្រៀង​ហ្នឹង។ ​គោល​បំណង​របស់​យើង គឺ​រួម​គ្នា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ផ្តល់​សេវា​តាមរយៈ​កំណែ​ទម្រង់​សំខាន់ៗ ចំពោះ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​វិមជ្ឈការ»។

លោក ប៉ា ច័ន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​​ប្រជាធិបតេយ្យ​កម្ពុជា បាន​​សាទរ​ចំពោះ​ការ​ផ្តល់​ហិរញ្ញប្បទាន​របស់ ​ADB នេះ​ដែល​លោក​ថា នឹង​ក្លាយ​ជា​កម្លាំង​ចលករ​បន្ថែម​ទៀត ដើម្បី​ជួយ​ទៅ​ដល់​ដំណើរការ​កែ​ទម្រង់​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់​ក្រោម ក៏​ដូច​ជា​ការ​ផ្តល់​សេវា​ទៅ​ដល់​ប្រជាពលរដ្ឋ។

បើ​តាម​លោក​ ច័ន្ទ​រឿន ក្នុង​អំឡុង​ពេល​វិបត្តិ​កូវីដ ១៩ ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​កាត់​បន្ថយ​ថវិកា​ជា​ច្រើន ដែល​ធ្វើ​ឱ្យ​វិស័យ​នេះ អាច​នឹង​ជួប​ប្រទះ​នូវ​ការ​ខ្វះខាត ហើយ​ដំណើរការ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​នឹង​មាន​ភាព​យឺតយ៉ាវ​។

លោក ច័ន្ទរឿន បញ្ជាក់​ថា៖ «ជា​ការ​ពិត​ប្រទេស​កម្ពុជា បើ​​ទោះបី​ជាមួយ​រយៈ​ក្រោយ​ចំណូល​ថវិកា​រដ្ឋ​ពឹង​ផ្អែក​លើ​ចំណូល​របស់​រដ្ឋ​​ខ្លួន​ឯង បាន​ពី​ការ​ប្រមូល​ពន្ធ និង​វិស័យ​ដទៃ​ទៀត​ក្តី ​ក៏​ប៉ុន្តែ​កម្រិត​ថវិកា​ដែល​យើងយ​កមក​ប្រើ​នៅ​ក្នុង​រដ្ឋបាល​ថ្នាក់​ក្រោម​ហ្នឹង​នៅ​មាន​កម្រិត​នៅ​ឡើយ​។ បើសិន​មាន​តែ​គោល​នយោបាយ​ក្នុង​ការ​កែ​ទម្រង់​ តែ​មិន​មាន​គោល​នយោបាយ​ផ្នែក​ហិរញ្ញវត្ថុ​ក៏​ការ​កែ​ទម្រង់​អត់​ទៅ​លឿន និង​មិន​មាន​ប្រសិទ្ធភាព​ដែរ​»៕