ភ្នំពេញៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR បង្ហាញថា ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងសហគមន៍មានការថយចុះ ដោយនាំមកវិញនូវការ ទទួលស្គាល់ជាវិជ្ជមាន ក្នុងកម្រិតខ្ពស់ ប៉ុន្តែពួកគេនៅខ្វះការទទួលបានការការពារផ្នែកច្បាប់សំខាន់ៗ ដែលទាមទារឲ្យមានកំណែទម្រង់ច្បាប់នៅកម្ពុជា។
របាយការណ៍ដែលចេញផ្សាយស្របពេលពិភពលោកចូលរួមអបអរទិវាអន្ដរជាតិប្រឆាំងនឹងការរើសអើងទៅលើអ្នកស្រឡាញ់ភេទដូចគ្នា កាលពីថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ បានបង្ហាញអំពីរបកគំហើញសំខាន់ៗរបស់របាយការណ៍ស្រាវជ្រាវ ដោយយោងទៅនឹងរបាយការណ៍ស្រាវជ្រាវ ក្នុងឆ្នាំ ២០១៧ ដែលមានឈ្មោះថា «គ្រួសារឥន្ទធនូកម្ពុជា»។
របាយការណ៍ លើកឡើងថា ទោះបីជាមាននិន្នាការនៃការទទួលស្គាល់ខ្លះៗក៏ដោយក៏ការស្រាវជ្រាវរបស់ CCHR បានបង្ហាញពីលក្ខណៈនៃការបដិសេធ និងការរើសអើងនៃក្របខ័ណ្ឌច្បាប់ដែលធ្វើឲ្យគ្រួសារឥន្ទធនូកម្ពុជាខ្វះការការពារផ្នែកច្បាប់សំខាន់ៗ ក្នុងផ្នែកជាច្រើននៃជីវិតគ្រួសារ រួមមាន សិទ្ធិរៀបអាពាហ៍ពិពាហ៍ សិទ្ធិស្មុំកូនពេញលេញ និងសិទ្ធិទទួលស្គាល់យេនឌ័រតាមផ្លូវច្បាប់។
របាយការណ៍នេះបញ្ជាក់ថា៖ «៨៨% នៃគូស្រករ ដែលត្រូវបានសម្ភាស អះអាងថា ការរើសអើងនឹងអាចកាត់បន្ថយ ប្រសិនបើពួកគេត្រូវបានអនុញ្ញាតឲ្យរៀបការជាមួយដៃគូស្របច្បាប់។ ការមិនរាប់បញ្ចូលបុគ្គលអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងចំណងនៃអាពាហ៍ពិពាហ៍ គឺផាត់ពួកគេចេញពីមូលដ្ឋានគ្រឹះសង្គមកម្ពុជា»។
ជាមួយនឹងការលើកឡើងពីបញ្ហាទាំងនេះ របាយការណ៍ក៏បានបញ្ចូលនូវការផ្ដល់ជាអនុសាសន៍ជូនចំពោះរាជរដ្ឋាភិបាលដើម្បីធានានូវសិទ្ធិស្មើគ្នានៃគ្រួសារឥន្ទធនូកម្ពុជា ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា ដោយស្នើឲ្យរដ្ឋាភិបាល ធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ក្រមរដ្ឋប្បវេណី និងបង្កើតច្បាប់មួយចំនួន ដើម្បីផ្តល់ឱកាសឲ្យជនស្រឡាញ់ភេទដូចគ្នា អាចទទួលបានការការពារតាមផ្លូវច្បាប់ ក្នុងជីវិតគ្រួសាររបស់ពួកគេបានពេញលេញ។
លោក កែវ សារិទ្ធ វ័យជាង ៣០ ឆ្នាំ ដែលជាអ្នកស្រឡាញ់ភេទដូចគ្នា បាននិយាយថា ពិតណាស់ នៅកម្ពុជា ការរើសអើងសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា មានកាន់តែតិចទៅៗ ព្រោះតែពលរដ្ឋទទួលបានការយល់ដឹងកាន់តែច្រើនជុំវិញបញ្ហានេះ។ តែយ៉ាងណា លោក ថា ចំពោះបញ្ហាសិទ្ធិទទួលបានការការពារតាមផ្លូវច្បាប់ នៅមិនទាន់ល្អប្រសើរនៅឡើយនោះទេ។
លោកថា៖ «ការពារតាមផ្លូវច្បាប់ហ្នឹងសម្រាប់ខ្ញុំគឺ ៥០/៥០ វាអត់ពេញជា ១០០ ភាគរយទេ។ កន្លែងខ្លះវាមានច្បាប់ តែពិបាកសម្រាប់ការអនុវត្ត ព្រោះដូចជាការរៀបការអ៊ីចឹង យើងសុំមេឃុំ មេភូមិ ដើម្បីការបាន តែការទទួលស្គាល់ធំដូចជា ផ្លូវច្បាប់ មានលិខិតស្នាមគឺមិនមានទេ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ថ្លែងកាលពីម្សិលមិញថា កន្លងទៅ រដ្ឋាភិបាល បានគាំទ្រចំពោះការស្រឡាញ់ភេទដូចគ្នា និងបានជំរុញដោយធ្វើយ៉ាងណា ដើម្បីកុំឲ្យមានការរើសអើង និងសម្រួលឲ្យកាន់តែមានភាពងាយស្រួលដល់អ្នកស្រឡាញ់ភេទដូចគ្នា ដូចជាការទុកដាក់ទ្រព្យសម្បត្តិរួមគ្នា និងការអនុគ្រោះតាមផ្លូវច្បាប់មួយចំនួន។
តែយ៉ាងណាសម្រាប់ការកែប្រែច្បាប់នោះ លោកអះអាងថា វាអាស្រ័យទៅលើការពិនិត្យមើលនូវភាពចាំបាច់នៃច្បាប់ ហើយក៏ត្រូវធ្វើយ៉ាងណាឲ្យស្របទៅតាមប្រពៃណី ទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរជាមុនផងដែរ។
លោកបន្តថា៖ «វាជារឿងថ្មីមួយសម្រាប់ការរៀបចំប្រទេសយើង តាមគតិយុត្តដោយយើងខំប្រឹងប្រែងដើម្បីជួយដល់សង្គមរបស់យើងដូច្នេះសង្គមស៊ីវិលគួរតែប្រើប្រាស់បំណង និងការចង់សម្រេចរបស់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យមានច្បាប់ការពារ គឺគួរតែរៀបចំ គួរតែធ្វើយ៉ាងម៉េច ឲ្យអ្នកច្បាប់គេទទួលស្គាល់ហើយចូលរួមក្នុងរឿងហ្នឹង»។
បើតាម CCHR កាលពីឆ្នាំ ២០១៦ អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា មានប្រមាណ ១ លាន ៤ សែន នាក់ខណៈដែលពួកគេកាន់តែច្រើនឡើងៗ ហ៊ានបង្ហាញអត្តសញ្ញាណថា ពួកគេ កំពុងស្រឡាញ់ភេទដូចគ្នា ដោយគ្មានលាក់លៀម៕