ភ្នំពេញៈ ការឃ្លាំមើល​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​នៅក្នុង​សវនាការ​សាលា​ឧទ្ធរណ៍ រកឃើញ​ថា​ភាគច្រើន​ចៅក្រម​ជំនុំជម្រះ​បាន​ប្រាប់​ពី​ការចោទប្រកាន់​ដល់​ជនជាប់ចោទ ប៉ុន្តែ​មាន​សំណុំរឿង​ខ្លះ​ចៅក្រម​ប្រាប់​ពី​ការចោទប្រកាន់​មិន​ពេញលេញ និង​មិនបាន​ប្រាប់​ទាល់តែ​សោះ​។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) កាលពី​ថ្ងៃ​ចន្ទ​បាន​ចេញ​ព្រឹត្តិបត្រ​ព័ត៌មាន​ស្ដីពី​សិទ្ធិ​ទទួល​បាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​ដោយ​ផ្ដោត​សំខាន់​លើ​សិទ្ធិ​ទទួល​បាន​ការពន្យល់​ប្រាប់​ពី​សិទ្ធិ​របស់​ជនជាប់ចោទ​នៅក្នុង​សវនាការ​នៅ​សាលាឧទ្ធរណ៍​។ CCHR បាន​ដាក់​ភ្នាក់ងារ​សង្កេតការណ៍​នៅ​សាលាឧទ្ធរណ៍​ចាប់ពី​ថ្ងៃទី​ ១ ខែ​មករា ឆ្នាំ​ ២០១៩ ដល់​ខែ​មេសា ឆ្នាំ​ ២០២០ ​ដោយ​បាន​ឃ្លាំមើល​ការកាត់ក្ដី​សំណុំ​រឿង​ចំនួន​ ២៧៣​។

ក្នុង​ចំណោម​សំណុំរឿង​ទាំងនេះ CCHR បាន​ឃ្លាំ​មើលថា តើ​ចៅក្រម​បាន​ប្រាប់ និង​ពន្យល់​អំពី​សិទ្ធិ​របស់​ជនជាប់ចោទ​ដែរឬទេ​។ សិទ្ធិ​របស់​ជនជាប់ចោទ​ដែល​ចៅក្រម​ត្រូវ​ពន្យល់​ប្រាប់​ដល់​ជនជាប់ចោទ​រួមមាន សិទ្ធិ​ទទួល​បាន​ការពន្យល់​ប្រាប់ សិទ្ធិ ការយល់ដឹង​ពី​ប្រភេទ និង​មូលហេតុ​នៃ​ការចោទប្រកាន់​សិទ្ធិ​មាន​មេធាវី សិទ្ធិ​ការពារ​ខ្លួន​ដោយផ្ទាល់​ខ្លួន និង​សិទ្ធិ​នៅ​ស្ងៀម​។

របាយការណ៍​របស់ CCHR លើកឡើង​ថា​៖ «​នៅក្នុង​អំឡុងពេល​នៃ​ការសង្កេត​ការណ៍​សវនាការ CCHR បាន​រកឃើញ​ថា ភាគច្រើន​ចៅក្រម​បាន​ប្រាប់​អំពី​ការចោទប្រកាន់​ដល់​ជន​ជាប់ចោទ និង​ពន្យល់​អំពី​ប្រភេទ​នៃ​ការចោទប្រកាន់​ដល់​ជន​ជាប់ចោទ​ដែលមាន​សំណុំរឿង ១៩៦ ឬ ៧២ ​ភាគរយ​ក្នុង​ចំណោម​សំណុំរឿង​ទាំងអស់​»​។

CCHR បន្តថា​៖ «​ទោះ​យ៉ាងនេះ​ក្ដី​ក្នុង​ចំណោម​សំណុំរឿង​ចំនួន ៦៤ (២៣%) ​ចៅក្រម​បាន​ត្រឹមតែ​ពន្យល់​ផ្នែក​ខ្លះ​អំពី​បទ​ចោទប្រកាន់​ដល់​ជនជាប់ចោទ​តែប៉ុណ្ណោះ​ហើយ​ក្នុង​ចំណោម​សំណុំរឿង​ចំនួន​ ៣១ (៥%) ​ចៅក្រម​មិនបាន​ប្រាប់​អំពី​ការចោទប្រកាន់​ដល់​ជនជាប់ចោទ​ឡើយ​»​។

ចៅក្រម​បាន​ប្រាប់​ទៅ​ជន​ជាប់ចោទ​អំពី​សិទ្ធិ​មាន​មេធាវី​ការពារ ឬ​ការពារ​ក្ដី​ដោយ​ខ្លួនឯង​ចំនួន ៣០ ​សំណុំរឿង ឬ​ស្មើនឹង ១១ ភាគរយ​។ ប៉ុន្តែ​មាន​សំណុំរឿង ២០ ដែល​ចៅក្រម​មិន​បាន​ប្រាប់​ដល់​ជនជាប់ចោទ​អំពី​សិទ្ធិ​មាន​មេធាវី​ការពារ ឬ​ការការពារ​ខ្លួន​ដោយ​ខ្លួនឯង​។

CCHR បាន​លើកឡើង​ទៀត​ថា មាន​សំណុំរឿង​ចំនួន​ ១៧៩ ដែល​ចៅក្រម មិនចាំបាច់​ប្រាប់​ពី​សិទ្ធិ​មាន​មេធាវី ដោយសារ​តែ​ជនជាប់ចោទ​មាន​មេធាវី​ការពារ​ស្រាប់​។ សំណុំរឿង​ចំនួន ១៤២ ដែល​ចៅក្រម​ខកខាន​មិន​បាន​ប្រាប់​ពី​សិទ្ធិ​នៅ​ស្ងៀម​របស់​ជនជាប់ចោទ​។ នេះ​បើ​តាម​ព្រឹត្តិបត្រ​របស់ CCHR ដដែល​។

CCHR បញ្ជាក់ថា​៖ «​ដោយ​ផ្អែកលើ​តួលេខ​ខាងលើ​បង្ហាញ​យ៉ាងច្បាស់​ថា មាន​ចំនួន​សំណុំ​រឿងតិច​នៅឡើយ​ដែល​ចៅក្រម​បាន​ប្រាប់ និង​ពន្យល់​ពេញលេញ​ដល់​ជនជាប់ចោទ​អំពី​សិទ្ធិ​របស់​ពួកគេ​។ ហេតុដូចនេះ​សិទ្ធិ​របស់​ជនជាប់ចោទ​មិនទាន់​ត្រូវ​បាន​គោរព​ពេញលេញ​នៅ​ឡើយ​ទេ ហើយ​ការអនុវត្ត​របស់​តុលាការ​បែប​នេះ​គឺ​មិន​បាន​អនុលោម​ទៅតាម​បទដ្ឋាន​ជាតិ និង​អន្តរជាតិ ដែល​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ទទួល​បាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​នៅឡើយ​»​។

CCHR បានលើកឡើង​នូវ​អនុសាសន៍​ចំនួន ៤ ចំណុច​ដល់​ចៅក្រម​នៅតាម​តុលាការ​នានា​ទូទាំង​ប្រទេស​កម្ពុជា រួមមាន​ការប្រាប់ និង​ពន្យល់​សិទ្ធិ​ដល់​ជនជាប់ចោទ​ប្រាប់​សិទ្ធិ​ទាំងអស់​ដែល​ជនជាប់ចោទ​មាន​ក្នុង​សវនាការ ជំនុំជម្រះ​ឲ្យ​បាន​ពេញលេញ និង​ដោយ​សេរី និង​អនុវត្ត​ពេញលេញ​ដល់​សិទ្ធិ​ទទួល​បាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​ផ្អែក​លើ​បទដ្ឋាន​ជាតិ​ និង​អន្តរជាតិ និង​ការអនុវត្ត​ល្អៗ​នៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​។

លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​មិន​អាច​អត្ថាធិប្បាយ​លើ​ករណី​ជាក់ស្ដែង​នៅ​សាលាឧទ្ធរណ៍​បាន​ទេ មាន​តែ​មន្ត្រី​គ្រប់គ្រង​នៅ​​ទីនោះ​ទេ ដែល​អាច​ពន្យល់​បកស្រាយ​លើ​ការលើកឡើង​របស់ CCHR​។ ទោះយ៉ាងណា​លោក​ថ្លែង​ជា​រួម​ថា តាម​លោក​ពិនិត្យ​មើល​របាយការណ៍​របស់ CCHR ហាក់​ដូចជា​មិនមាន​​អ្វី​ខុសពី​របាយការណ៍​ដែល អង្គការ​នេះ​ធ្លាប់​ចេញ​ពី​មុន​ទេ​។

លោក​ថ្លែងថា​៖ «​សម្រាប់​ក្រសួង​គឺ​យើង​មាន​ការបណ្ដុះបណ្ដាល​សមត្ថភាព​ចៅក្រម​យើង​ច្បាស់លាស់​ណាស់​ពាក់ព័ន្ធ​នឹង​របៀប​សរសេរ​សាលក្រម ការអនុវត្ត​ការការពារ ក៏ដូចជា​សិទ្ធិ​របស់​ជនជាប់ចោទ តាម​​នីតិវិធី​ក្រមព្រហ្មទណ្ឌ​ក៏ដូចជា​នីតិវិធី​ក្រមរដ្ឋប្បវេណី ដែល​មាន​ជា​ធរមាន​។ ក្រៅពី​ការបណ្ដុះបណ្ដាល ចៅក្រម​ក៏​ទទួល​បាន​ជាប់​ជាប្រចាំ​ដែរ​ពាក់ព័ន្ធ​នឹង​ការងារ​ទាំងអស់​នេះ​។ អ៊ីចឹង​បើ​របាយការណ៍​គាត់​លើក​មក​ថា មាន​ចំណុច​ខ្វះខាត​ទាល់តែ​ទាក់ទង​ទៅ​ស្ថាប័ន​ដែល​អនុវត្ត​ផ្ទាល់​ទើប​អាច​ធ្វើការ​សន្និដ្ឋានបាន​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង​លោក ជូ ប៊ុនរីន អគ្គលេខាធិការ​នៃ​អគ្គលេខាធិកា​រដ្ឋបាល​សាលាឧទ្ធរណ៍​បានទេ​៕