ភ្នំពេញៈ របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CCHR) ​ដែល​បានចេញ​ផ្សាយ​នៅ​ខែ​នេះ បាន​រកឃើញ​ថា អ្នកស្រឡាញ់​ភេទ​ដូចគ្នា ប្រឈម​នឹង​ការ​រើសអើស​ក្នុង​វិស័យ​ការងារ​ទូទៅ​ដោយសារ​តែ​និន្នាការ​ភេទ អត្តសញ្ញាណ​យេនឌ័រ ការបង្ហាញ​ទំនោរ​យេនឌ័រ និង​លក្ខណៈភេទ​។

បន្ទាប់ពី​ចេញផ្សាយ​របាយការណ៍​នេះ CCHR ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ផងដែរ​កាលពី​ថ្ងៃអាទិត្យ​ដោយ​បញ្ជាក់ថា​៖ «​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ប្រឈម​នឹង​ការរើសអើង​ក្នុង​ការទទួល​បាន​ការងារ​។ ​អ្នកចូលរួម​ផ្តល់​ចម្លើយ​ម្នាក់​ក្នុង​ចំណោម​ ៥ ​នាក់​បាន​លើកឡើង​ថា ពួកគាត់​ធ្លាប់​ត្រូវ​បាន​បដិសេធ​ការងារ​ដោយសារ​តែ​និន្នាការ​ភេទ​ និង​អត្តសញ្ញាណ​យេនឌ័រ​របស់​ពួកគាត់​»​។

សេចក្តី​ថ្លែងការណ៍​នេះ​បញ្ជាក់ថា លទ្ធផល​នៃ​របាយការណ៍​នេះ​ធ្វើឡើង​តាមរយៈ​ការស្រាវជ្រាវ​ឯកសារ និង​ចុះ​ស្រាវជ្រាវ​ផ្ទាល់​ដោយ​សម្ភាស​ស្ត្រី​ស្រ​ឡាញ់​ស្ត្រី បុរស​ស្រឡាញ់​បុរស អ្នក​ស្រឡាញ់​ទាំង​ ២ ​ភេទ អ្នក​ប្តូរ​យេនឌ័រ និង​អ្នក​ដែល​មិន​កំណត់​អត្តសញ្ញាណ​ (​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​) ​ចំនួន​ ១១៨ ​នាក់ ​ក្នុង​ខេត្ត​ចំនួន​ ៧ និង​តំណាង​រដ្ឋាភិបាល​ ១ ​រូប​ផងដែរ​។

ក្នុង​ចំណោម​អ្នក​ដែល​ត្រូវបាន​សម្ភាស​ ៦៥ ​ភាគរយ ​បាន​រាយការណ៍​ថា ពួកគេ​ត្រូវបាន​បដិសេធ​ការងារ​ដោយសារ​និន្នាការ​​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ​ហើយ​ករណីនេះ​កើតឡើង​ជាច្រើន​ដង​។ ​ពួកគាត់​មិន​បាន​ប្តឹង​​ ឬ​រាយការណ៍​អំពី​ការរើសអើង​នេះ​ទេ ព្រោះ​ពុំ​ដឹង​ត្រូវ​រាយការណ៍​ទៅ​នរណា​ ឬ​មិន​រំពឹងថា​នឹង​ទទួលបាន​ការគាំទ្រ​។

សេចក្តី​ថ្លែងការណ៍​បន្ថែម​ថា អ្នក​ត្រូវបាន​សម្ភាស​ ២៥ ​ភាគរយ​ បាន​រាយការណ៍​ថា ពួកគាត់​បាន​លាក់បាំង​និន្នាការ​ភេទ និង​អត្តសញ្ញាណ​យេឌ័រ​នៅពេល​សម្ភាស​ការងារ ហើយ​ចំនួន​ជាង​ពាក់កណ្តាល​បាន​ធ្វើ​ដូច្នេះ ព្រោះ​មិន​រំពឹង​ថា ពួកគេ​នឹង​ត្រូវ​បានជ្រើសរើស​យក​ឱ្យ​ធ្វើ​ការងារ​។

ដោយឡែក​ក្នុង​អំឡុងពេល​បំពេញការងារ​ ៣៦ ​ភាគរយ​ នៃ​អ្នក​ត្រូវបាន​សម្ភាស​បាន​និយាយថា ពួកគេ​ធ្លាប់​រង​ការរើសអើង និង​ការសម្លុត ដូចជា ការ​បៀតបៀន​តាមរយៈ​ពាក្យ​សម្ដី និង​ការហៅ​ឈ្មោះ​នៅ​កន្លែង​ធ្វើ​ការងារ​ដោយសារ​និន្នាការ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ​ពី​មនុស្ស​ទូទៅ​ ៦១ ​ភាគរយ​ ពី​សហការី​មាន​ ៤៥ ​ភាគរយ និង​យូរៗ​ម្តង​ពី​នយោជក ៦ ​ភាគរយ​។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា CCHR ស្នើឱ្យ​មាន​ការកែប្រែ​ច្បាប់ និង​គោលនយោបាយ​នានា​ដើម្បី​ហាមប្រាម​ឱ្យ​បាន​ជាក់លាក់​ទៅលើ​ការរើសអើង​នៅ​កន្លែង​ធ្វើការ​ដោយសារ​មូលហេតុ​ទាំងអស់​នេះ ដើម្បី​ធានា​ឱកាស​ស្មើគ្នា​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។ CCHR ក៏បាន​អំពាវនាវ​ដល់​សាធារណជន និង​នយោជក​ក្នុង​វិស័យ​ឯកជន​ឱ្យ​ «​អនុវត្ត​ស្តង់ដា​ប្រតិបត្តិ​សម្រាប់​ធុរកិច្ច​»​ដើម្បី​ដោះស្រាយ​ការរើសអើង​នេះ និង​បង្កើត​គោលនយោបាយ​ដែល​គ្មាន​ការរើសអើង​ដើម្បី​ធានា​ឱកាស​ការងារ​ស្មើភាព​គ្នា​នៅ​កន្លែង​ធ្វើការងារ​។

លោកស្រី​ ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ CCHR សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​របាយការណ៍​នេះ​ដោយ​បង្វែរ​សំណួរ​ទៅ​ឱ្យ​លោក​ នួន ស៊ីដារ៉ា អ្នកសម្របសម្រួល​គម្រោង​និន្នាការ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ​នៃ​ CCHR​។

លោក នួន ស៊ីដារ៉ា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា CCHR ​កំពុង​ធ្វើការ​ជាមួយ​អង្គការ​ដៃគូ និង​ក្រសួង​ពាក់ព័ន្ធ​ជុំវិញ​អនុសាសន៍​ក្នុង​ការបង្កើត​ឱ្យ​មាន​គោលនយោបាយ និង​ច្បាប់​ប្រឆាំង​នឹង​ការរើសអើង​ការស្រឡាញ់​ភេទ​ដូចគ្នា​។ ប្រសិន​បើ​ច្បាប់ ឬ​គោលនយោបាយ​នេះ​អាច​កើតឡើង​គឺ​អាច​ចូលរួម​ការពារ​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​ហើយ​សង្គម​​នឹង​ទទួល​បាន​សមភាព​។

លោក ស៊ីដារ៉ា បាន​បញ្ជាក់​​ថា​៖ «​ឥឡូវនេះ​ ទី​១ ខាង​អង្គការ​ដៃគូ​យើង​កំពុង​ធ្វើ​ម៉េច​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ហើយ​​ ទី​២ ​យើង​ធ្វើ​ពី​លើ​មកវិញ គឺ​ធ្វើការ​ជាមួយ​ក្រសួង​ជាមួយ​អ្នក​ដែល​ពាក់ព័ន្ធ អ្នក​ដែល​ធ្វើ​សេចក្តី​សម្រេចចិត្ត​ហ្នឹង​ធ្វើ​ម៉េច​ជំរុញ​ឱ្យ​ច្បាប់​ស្តីពី​ការ​រើសអើស​បង្កើតឡើង​ដោយ​រាជរដ្ឋាភិបាល​គឺ​អនុសាសន៍​ហ្នឹង​ទទួល​យក​ហើយ​»​។

លោក​បន្តថា អង្គការ​របស់​លោក​កំពុង​ធ្វើការ​ជាមួយ​អង្គការ​ដៃគូ​ដើម្បី​ចូលរួម​ត្រួតពិនិត្យ​មើលថា ក្រសួង​សាមី​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ធ្វើការ​ដល់​ណា​ហើយ​ចង់ដឹងថា តើ​ចំណុច​ណា​ធ្វើ​បាន និង​ចំណុច​ណា​ធ្វើ​មិន​បាន ហើយ​នឹង​យក​របក​គំហើញ​​នៃ​ការស្រាវជ្រាវ​នេះ​ដើម្បី​ធ្វើការ​ជាមួយ​ក្រសួង​ការងារ ក្រសួង​ពាក់ព័ន្ធ​នានា និង​សហគ្រាស និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មិនអាច​ទាក់ទង​ដើម្បី​សុំ​ការបញ្ជាក់​បាន​ទេ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​៕