ភ្នំពេញៈ អង្គការជនពិការកម្ពុជា CDPO បានប្រកាសគម្រោងសម្រង់ទិន្នន័យពិការភាពនៅកម្ពុជា បន្ទាប់ពីជួបសម្ភាសជនពិការជាង ៤ ០០០ នាក់ ដោយក្នុងនោះជាង ៦០ ភាគរយ រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ និងមិនទទួលបានការអប់រំដែលការរកឃើញនេះត្រូវបានមន្ត្រីចាត់ទុកថាវាជាធាតុចូលមួយជួយឲ្យរដ្ឋាភិបាលរៀបចំគោលនយោបាយមួយឲ្យបានត្រឹមត្រូវសម្រាប់ជួយលើកកម្ពស់ជីវភាពជនពិការ។
គម្រោងសម្រង់ទិន្នន័យពិការភាពនៅកម្ពុជា (DDA) ត្រូវបានអនុវត្តដោយអង្គការ CDPO និងអង្គការចំនួន ១៣ ផ្សេងទៀតគាំទ្រដោយ GIZ ដើម្បីធ្វើការប្រមូលទិន្នន័យពិការភាពជាក់លាក់ជុំវិញពិការភាពខួរក្បាល និងកាយសម្បទាលើជនពិការប្រមាណ ៤ ៣០៤ នាក់ ត្រូវបានជួបសម្ភាសដោយផ្ទាល់ និងតាមទូរស័ព្ទក្នុងរាជធានីខេត្តចំនួន ៨ មានភ្នំពេញ កំពង់ចាម កំពង់ស្ពឺ ត្បូងឃ្មុំ កំពត ក្រចេះ បាត់ដំបង និងប៉ៃលិន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិអង្គការជនពិការកម្ពុជាថ្លែងក្នុងសិក្ខាសាលាកាលម្សិលមិញថា ទិន្នន័យដែលប្រមូលបាននេះគឺសម្រាប់យកទៅប្រើប្រាស់ជាឧបករណ៍មួយក្នុងការស្វែងរកមតិគាំទ្រពីអាជ្ញាធរដែនដី ក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធផ្សេងៗទៀតដើម្បីជួយដោះស្រាយបញ្ហាដែលជនពិការនៅតែបន្តជួបប្រទះ។
លោកបន្តថា កម្មវិធីនេះក៏នឹងជួយឲ្យមានការដោះស្រាយតម្រូវការអាទិភាព និងផ្តល់សេវាចំគោលដៅព្រមទាំងជួយអន្តរាគមន៍ដល់ជនពិការឲ្យបានទាន់ពេលវេលាក្នុងគ្រាមានគ្រោះមហន្តរាយផ្សេងៗ ព្រោះជនពិការទាំងអស់ត្រូវបានបង្ហាញក្នុងផែនទីនៃការកំណត់ទីតាំងច្បាស់លាស់ និងជាក់លាក់តាមប្រព័ន្ធ GPS តាមរយៈសម្រង់ទិន្នន័យដែលមាននៅក្នុងប្រព័ន្ធអ៊ីនធឺណិតរួមមានការបញ្ចូលនូវប្រវត្តិច្បាស់លាស់របស់ជនពិការផងដែរ។
លោកបញ្ជាក់ថា៖ «តាមរយៈជនពិការទាំងជាង ៤ ០០០ នាក់នេះ យើងរកឃើញ ទី១ មានប្រមាណជាង ៦០ ភាគរយរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ ផ្លូវចេញចូលក្នុងការទទួលសេវាកម្ម access device ហ្នឹងគឺថាពួកគាត់ប្រឈមមុខនឹងការធ្វើដំណើរស្ទើរតែ ៥០ ភាគរយ។ ចំណែកការអប់រំ កុមារ (ពិការ) ដែលយើងបានសម្ភាសមានជាង ៦០ ភាគរយ មិនបានចូលរៀន។ អ៊ីចឹងមានន័យថា ការអប់រំសម្រាប់អ្នកទាំងអស់គ្នាហ្នឹង មិនទាន់បានសម្រេចដល់កុមារពិការទេហើយកុមារពិការមិនទាន់បានចូលរៀនមានច្រើននៅឡើយទេ»។
លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងថា ទិន្នន័យថ្មីនេះបានរួមចំណែកមួយដើម្បីជួយដល់ក្រសួងជំនាញក្នុងការស្រង់ទិន្នន័យ និងជីវភាពរបស់ជនពិការផ្ទាល់ដែលវានឹងជួយជាធាតុចូលមួយសម្រាប់ក្រសួង និងអ្នកពាក់ព័ន្ធទាំងអស់ដើម្បីយកទៅផ្សព្វផ្សាយទៅដល់ថ្នាក់ក្រោមជាតិបន្តទៀត។ លោកបន្តថា ជាពិសេសផ្សព្វផ្សាយនៅតាមសហគមន៍ជនពិការផ្ទាល់ និងគ្រួសាររបស់ពួកគេ។
លោកបញ្ជាក់ថា៖ «នៅពេលដែលយើងធ្វើវិសោធនកម្មច្បាប់ស្តីពីការលើកកម្ពស់ជនពិការ និងចេញអនុក្រឹត្យថ្មីខាងមុខនេះ យើងនឹងបញ្ចូលធាតុចូលទាំងអស់នេះ និងពិភាក្សាគ្នាបន្តទៀតពីរបបគោលនយោបាយសម្រាប់ជនពិការនេះ»។
ក្រៅពីការអះអាងយ៉ាងដូច្នេះលោក សុខា ថ្លែងថា កន្លងទៅរដ្ឋាភិបាលបានសម្រេចបាននូវគោលនយោបាយសម្រាប់ជនមានពិការភាពក្រីក្រនៅក្នុងសហគមន៍បានជាង ១ ម៉ឺននាក់រួមទាំងជំរុញឲ្យជនមានពិការភាពបានចូលបម្រើការងារទូទាំងប្រទេសជិត ៦ ពាន់នាក់ និងផ្តល់ប្រាក់ឧបត្ថម្ភជាបន្តបន្ទាប់ផងដែរ។
យោងតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពឆ្នាំ ២០១៤ ប្រជាជនកម្ពុជាចំនួន ១០% បានជួបប្រទះនូវបញ្ហាលំបាកមួយចំនួនក្នុងការបំពេញសមត្ថភាពមុខងារជាមូលដ្ឋាន (ពិការភាព)។ ប៉ុន្តែបើតាមលោក សុខា កម្ពុជាមានជនពិការប្រមាណ ៣១ ម៉ឺននាក់។
លោក មាន វិបុលរតនៈ វ័យ ២៩ ឆ្នាំជាជនពិការម្នាក់ថ្លែងប្រាប់ភ្នំពេញ-ប៉ុស្តិ៍ពីម្សិលមិញថា ការខ្វះការអប់រំ និងការគាំទ្រពីសង្គមគឺរឹតតែធ្វើឲ្យជនពិការធ្លាក់ក្នុងស្ថានភាពក្រីក្រ និងប្រឈមនឹងបញ្ហាលំបាក។
លោករំពឹងថា សម្រង់ទិន្នន័យពិការភាពនេះនឹងនាំឲ្យអ្នកពាក់ព័ន្ធទាំងអស់បានដឹងកាន់តែច្បាស់អំពីទីតាំងជាក់លាក់ និងស្ថានភាពជាក់ស្តែងរបស់ជនពិការ។ «ខ្ញុំសូមឲ្យរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធបង្កើតនូវការអនុវត្តច្បាប់ ឬគោលនយោបាយផ្សេងៗទាក់ទងនឹងពិការភាពដើម្បីធានាថា មានការចូលរួមយ៉ាងពេញលេញ និងធានាថាជនពិការទទួលបានសេវាអប់រំគ្រប់ៗគ្នា»៕