ព្រះវិហារ៖ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ​(CMAC) ​នៅ​ថ្ងៃទី ២៤ ​ឧសភានេះ ​បាន​កម្ទេច​គ្រាប់​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​ ៦ ​ប្រភេទ​ សរុប​ចំនួន ១០០​ គ្រាប់​ គឺ​ ១ ថ្ងៃ​ បន្ទាប់ពី​បុរស​ម្នាក់​ប្រទះ​ឃើញ ​ខណៈ​កំពុង​ភ្ជួរ​ដី​នៅ​ភូមិ​-ឃុំ-​ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះ​វិហារ។ ពាក់ព័ន្ធ​គ្រឿង​ផ្ទុះ ​មន្ត្រី​ខាង​អាវុធ​ជាតិ​ផ្ទុះ​ខេត្ត​អះអាង​ថា ​អ្នករងគ្រោះ​ដោយ​គ្រាប់​មិនទាន់​ផ្ទុះ​មាន​ចំនួន​តិច​តូច​។

លោក ​ទន់ ទិន ​នាយ​នគរបាល​ប៉ុស្តិ៍​ជាំ​ក្សាន្ត​ ឱ្យដឹង​នៅ​ថ្ងៃ​ទី ២៤ ​ឧសភា​ថា គ្រាប់​យុទ្ធ​ភណ្ឌ​ទាំងនោះ​រួមមាន ​ទី១- មីន​ប្រឆាំង​មនុស្ស​ទំហំ ៦០mm ​ម៉ាក Pomz 2m ចំនួន​ ៧១ គ្រាប់​ ទី២- មីន​ប្រឆាំង​មនុស្ស​ទំហំ ៦០mm​ ម៉ាក mbv 78a1 ចំនួន ១០ គ្រាប់ ទី៣- គ្រាប់មីន​ប្រឆាំង​មនុស្ស​ទំហំ ៦០mm ​ម៉ាក type 69 ​ចំនួន​ ១ គ្រាប់​ ទី៤- គ្រាប់​មិន​ធាក់​ថយ ​ទំហំ 82mm​ ម៉ាក type 65​ ចំនួន ១៥ គ្រាប់​ ទី៥- គ្រាប់​មិន​ធាក់​ថយ ទំហំ 57mm ​ម៉ាក m306 ​ចំនួន ២ គ្រាប់ ​និង​ទី៦-​ ក្បាល​គ្រាប់​ចំនួន ១ គ្រាប់​ សរុប​មាន​ចំនួន ១០០ គ្រាប់។

លោក​ប្រាប់ថា​៖ «ព្រឹក​មិញ​នេះ ​(ថ្ងៃទី ២៤ ​ឧសភា)​ ខាង​អង្គការ​កម្ទេច​មីន​កម្ពុជា​យកទៅ​កម្ទេចចោល​អស់​ហើយ។ សំណល់​គ្រាប់​ទាំងនោះ​នៅមាន​គុណភាព​អាច​ផ្ទុះ​បាន ​ប្រសិនបើ​គេ​យក​វា​ទៅ​ដំ​ ឬ​ធ្វើ​អ្វីមួយ​ប៉ះទង្គិច​វា»។

បើ​តាម​លោក ​ទន់ ទិន ​កាលពី​ព្រឹក​ថ្ងៃទី ២៣ ​ឧសភា ​បុរស​ជា​កសិករ​ម្នា​ក់បាន​ទឹម​គោ​ទៅ​ភ្ជួរ​ដី​ ដើម្បី​ធ្វើស្រែ​នៅក្នុង​ដីស្រែ​មួយ​កន្លែង​ក្នុងភូមិ​ជាំ​ក្សាន្ត។ ពេលគាត់​កំពុង​ភ្ជួរ​លើដី​ជង្ហុក​មួយកន្លែង ​ស្រាប់តែ​គ្រាប់​ទាំង​នោះ​បាន​ផុស​ចេញពី​រណ្តៅ​ដីរាក់។​ ពេល​ឃើញ​គ្រាប់​ បុរស​ម្នាក់​នោះបាន​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍​ឃុំ​ជាំ​ក្សាន្ត​ ហើយ​កម្លាំង​សមត្ថកិច្ច​របស់លោក​បាន​ចុះ​ដល់​ទី​តាំង​ដីស្រែ​នោះ​ ហើយក៏​រាយការណ៍​បន្តទៅ​ខាង​អង្គការ​កម្ទេច​មីន​កម្ពុជា​ដែលមាន​មូលដ្ឋាន​ក្នុង​ខេត្ត​ព្រះវិហារ ​និង​បាន​ចុះមក​ប្រមូល​យក​គ្រាប់​នៅ​ថ្ងៃ​ដដែល។

លោក​ប្រាប់ថា​៖ «ទីតាំង​ឃើញ​គ្រាប់​នោះ​ជា​អតីត​បន្ទាយ​ចាស់​របស់​មូលដ្ឋាន​ទ័ព​រដ្ឋ​កម្ពុជា ​និង​កងទ័ព​វៀតណាម​ផង ​វា​ចម្រុះ​គ្នា​មិនដឹង​ជា​គ្រាប់​ខាង​ណា​ទេ។ តែ​ខាង​អង្គការ​ គាត់​រាវ​អស់ហើយ​ តែ​ដូចជា​នៅ​ចន្លោះ​ប្រហោង​ ១ អន្លង់​យ៉ាងម៉េច​ទេ។ ឥឡូវ​រាវ​យក​ចេញ​អស់​ហើយ»។

ដោយ​ឡែក​ លោក ​សំ សាមឿន ​ស្នងការរង​ទទួល​ផែន​ការងារ​អាវុធជាតិ​ផ្ទុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហា​រថ្លែង​ថា​ ខេត្ត​ព្រះ​វិហារ​ ដែល​មួយផ្នែក​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ឡាវ ​និង​ប្រទេស​ថៃ​ កន្លងមក​ក្នុងសម័យ​សង្គ្រាម​ពាក់​ព័ន្ធ​អាវុធ​ជាតិ​ផ្ទុះ​នេះ​គឺ​សម្បូរ​ការកប់​មីន​ក្នុង​ដី​ច្រើន។ ភូមិ​សាស្ត្រ​ ដែលជា​ទីតាំង​អតីត​ទីបញ្ជាការ​របស់​កងទ័ព​វៀតណាម​ ដែល​មូល​ដ្ឋាន​គាត់​ផ្លាស់​ទៅ​កន្លែង​ណា​ គឺ​គាត់​រាយ​មីន​ដើម្បី​ការពារ​មូលដ្ឋាន​គាត់។

លោក​ថ្លែងថា​៖ «និយាយ​រួម​មក​មិនដឹង​ខាង​ណា​ខាង​ណី​ទេ​ គឺ​កងទ័ព​គាត់​ដាក់​មីន​ទាំងអស់​តែ​គ្នា​ហ្នឹង។ តែ​ដោយសារ​មាន​ការ​ពន្យល់​អប់រំ​ពី​គ្រោះថ្នាក់​ដោយ​គ្រាប់​មិនទាន់​ផ្ទុះ​ អ៊ីចឹង​មិនសូវមាន​ពលរដ្ឋ​រង​គ្រោះ​ទេ»។

លោក​បន្ថែមថា​តំបន់​ដែល​មាន​គ្រាប់មីន​ច្រើន​គឺមាន​ស្រុក​ជាំ​ក្សាន្ត ​និង​ស្រុក​ឆែប។ ប៉ុន្តែ​ដោយសារ ​ការអប់រំ​ណែនាំ​ពី​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​ តាមរយៈ​ការផ្សព្វ​ផ្សាយ​អប់រំ​ពី​គោល​នយោបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព​ទៅ​ បាន​ធ្វើឱ្យ​ពលរដ្ឋ​មានការ​យល់​ដឹង​ខ្ពស់។ ពេល​ពួកគាត់​ប្រទះ​ឃើញ​សំណល់​គ្រាប់​កន្លែង​ណា​ គឺ​ពួកគាត់​រាយការណ៍​ដល់​អា​ជ្ញ​ធរមាន​សមត្ថកិច្ច​ភ្លាម​ដើម្បី​ចុះទៅ​យក​គ្រាប់​ទាំង​នោះ។

លោក​ថា​៖ «ប៉ុន្មាន​ឆ្នាំមុន​ប្រជាពលរដ្ឋ​មិនទាន់​បាន​យល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់ ​គឺ​ពេល​គាត់​រើស​បាន​ក៏​យកទៅ​ដំ​លេង​អ៊ីចឹង​ទៅ។ តែ​ក្រោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន ​និង​មន្ត្រី​ស៊ីម៉ាក់​ពន្យល់​អប់រំ​ពី​បញ្ហា​នេះ​ទៅ​គឺ​គ្រោះថ្នាក់​ដោយ​គ្រាប់​ផ្ទុះ​មាន​មួយៗ​ទេ»។

អគ្គនាយក​នៃ​មជ្ឈមណ្ឌល​ CMAC ​លោក ​ហេង​ រតនា​ មិនអាច​ទាក់ទង​សុំ​អត្ថាអធិប្បាយ​បាន​ទេ ​នា​ថ្ងៃ​នេះ៕