
មន្ត្រីស៊ីម៉ាក់ចុះអប់រំពលរដ្ឋអំពីគ្រោះថ្នាក់ដោយគ្រាប់មិនទាន់ផ្ទុះ កាលពីឆ្នាំមុន។ រូបថត ស៊ីម៉ាក់
ភ្នំពេញៈ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២០ កម្លាំងអង្គភាពស៊ីម៉ាក់សហការជាមួយកម្លាំងនគរបាល ចុះអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមដល់ប្រជាពលរដ្ឋចំនួនប្រមាណជិត ១ លាន ២ សែននាក់។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាប្រាប់ឲ្យដឹងថា ការងារអប់រំយល់ដឹងនិងផ្សព្វផ្សាយធ្វើក្នុងក្របខ័ណ្ឌអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
លោក រតនា បញ្ជាក់ថា ក្នុងរយ:ពេល ១១ ខែ ឆ្នាំ ២០២០ នេះបានធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចំនួនជាង ១៧ ០០០ លើក ចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋបានចំនួនជិត ៦០០ ០០០ ខ្នងផ្ទះ។
លោក រតនា ថ្លែងថា៖ «យើងបានលាតសន្ធឹងធំជាងឆ្នាំមុន អ៊ីចឹងចំនួននេះកើនឡើង ប្រមាណជា ៣៨ ភាគរយ បើប្រៀបធៀបឆ្នាំ ២០១៩ ដោយសារតែយើងបានពង្រីកការអប់រំនេះទៅបណ្តាស្រុកគោលដៅថ្មីមួយចំនួន ដូចជា នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ខេត្តស្ទឹងត្រែង ព្រះវិហារ ត្បូងឃ្មុំ ជាដើម»។
លោក រតនា បានថ្លែងថា លទ្ធផលនេះបានឆ្លើយតបសំណើជួបគ្រាប់បន្ទាន់ៗរបស់ប្រជាពលរដ្ឋជាង ៦០០០ ករណីដែលបានបោសសម្អាតគ្រាប់សំណល់ជាតិផ្ទុះគ្រប់ប្រភេទចំនួនជិត ១០ ០០០ គ្រាប់។ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២០ នេះកម្លាំងស៊ីម៉ាក់ប្រមូលបានគ្រាប់មិនទាន់ផ្ទុះ និងសំណល់ពីសង្គ្រាមបានជាង ៤ ម៉ឺន ១ ពាន់គ្រាប់ដែលភាគច្រើនបានយកទៅកម្ទេចចោល លើកលែងគ្រាប់ធំៗមួយចំនួនត្រូវធ្វើការបន្សាប។
លោកថា៖ «លទ្ធផលនៃការចុះអប់រំបានធ្វើឲ្យប្រជាពលរដ្ឋមានការយល់ដឹងច្រើនជាងមុន ព្រមទាំងបានសហការសកម្មក្នុងការផ្តល់ព័ត៌មានបានល្អ ឥរិយាបថរបស់ពលរដ្ឋមានការប្រែប្រួលមួយចំនួន គឺពេលឃើញគ្រាប់មិនទាន់ផ្ទុះ ពួកគាត់ចេះដាក់សញ្ញាសម្គាល់ ឈប់វាយ ឈប់បោះដែលបង្កឲ្យមានគ្រោះថ្នាក់ ប៉ុន្តែអ្នកខ្លះគាត់ធ្វើមិនដឹងមិនឮ នៅតែមិនខ្លាច យកគ្រាប់មកធ្វើទ្រនាប់វាយកាំបិតពូថៅ»។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានឱ្យដឹងថា ការចុះអប់រំ និងការដោះ ឬកម្ចេចគ្រាប់ អាវុធយុទ្ធភណ្ឌដែលសេសសល់ នៅតាមភូមិឃុំ របស់ប្រជាពលរដ្ឋរស់នៅគឺជារឿងចាំបាច់ សម្រាប់ប្រទេសកម្ពុជា ដើម្បីបង្កើនសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ ព្រោះកម្ពុជាមានកន្លែងខ្លះ ធ្លាប់ជាទីលានប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធដែលបន្សល់នូវគ្រាប់មិនទាន់ផ្ទុះ។
លោកថា៖ «ការចុះអប់រំប្រជាពលរដ្ឋពីគ្រោះថ្នាក់ដោយគ្រាប់មីន ជាយុទ្ធនាការមួយដើម្បីលើកកម្ពស់ប្រជាពលរដ្ឋយើងឲ្យចូលរួមទប់ស្កាត់ការពារកុំឲ្យមានការធ្វេសប្រហែសក្នុងការយកកាកសំណល់ ឬគ្រាប់មិនទាន់ផ្ទុះទៅប្រើប្រាស់ក្នុងកិច្ចការងាររស់នៅប្រចាំថ្ងៃដែលអាចបង្កគ្រោះថ្នាក់»៕