បន្ទាយមានជ័យៈ មជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងអាជ្ញាធរខេត្តបន្ទាយមានជ័យបានចុះទៅប្រមូលយកគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៣០ គ្រាប់ ពីបុរសវ័យ ៤៨ ឆ្នាំម្នាក់រស់នៅភូមិទំនប់ដាច់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ។ មន្ត្រីអះអាងថា បុរសរូបនេះបានទិញពីអ្នកភូមិ និងដើររើសពីកន្លែងផ្សេងៗយកមករក្សាទុកក្នុងផ្ទះសម្រាប់ការកម្សាន្ត។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាពីម្សិលមិញបដិសេធធ្វើអត្ថាធិប្បាយជុំវិញរឿងនេះ ដោយអះអាងថាកំពុងជាប់រវល់ប្រជុំ។ ប៉ុន្ដែលោកឲ្យដឹងលើគណនីហ្វេសប៊ុករបស់លោកពីម្សិលមិញថានៅថ្ងៃទី ១០ មិថុនានៅភូមិទំនប់ដាច់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យមានគ្រួសារមួយបានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាមយកមករក្សាទុកនៅផ្ទះដោយចងព្យួរនៅលើដើមអម្ពិលសម្រាប់កម្សាន្តអារម្មណ៍លេង។ គ្រាប់មីនទាំងនោះមានចំនួន ៣០ គ្រាប់ ហើយគ្រាប់មីនភាគច្រើននៅមានប្រសិទ្ធភាពផ្ទុះ។
លោក រតនា បញ្ជាក់ថា៖ «ហួសវាចានឹងថ្លែងជាមួយគំនិតដ៏គ្រោះថ្នាក់បំផុតនេះ ហើយអាចប្រកបមុខរបរដើរស៊ីឈ្នួលដោះមីនផងដែរ។ ប្រជាពលរដ្ឋរូបនេះត្រូវប្រឈមមុខច្បាប់ហាមឃាត់ការប្រើប្រាស់ និងរក្សាទុកគ្រាប់មីនផង ប្រឈមមុខច្បាប់អាវុធជាតិផ្ទុះផង។ មើលរូបរាងអ្នកប្រព្រឹត្តស្បែកដណ្តប់ឆ្អឹង! ករណីនេះសំណាងណាស់ ដែលមិនទាន់ផ្ទុះ ឬគ្មានក្មេងៗលេង ព្រោះវាងាយផ្ទុះណាស់»។
លោក ហេង រតនា ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់រួមគ្នាការពារសុវត្ថិភាពពីគ្រាប់មីន។ ប្រសិនបើឃើញអ្នកណាម្នាក់ប្រើប្រាស់ ឬរក្សាទុកគ្រាប់មីនត្រូវតែរាយការណ៍មកសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬកងកម្លាំងនគរបាល ឬកម្លាំងស៊ីម៉ាក់ជាបន្ទាន់។
មេឃុំអូរបីជាន់លោក តុល សារិន បានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៣០ គ្រាប់ត្រូវបានអាជ្ញាធរ និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាចុះទៅប្រមូលយកមករក្សាទុកកន្លែងមានសុវត្ថិភាព បន្ទាប់ពីបុរសមានសតិមិនគ្រប់ម្នាក់ឈ្មោះ កា សុខនិត អាយុ ៤៨ ឆ្នាំ ដែលមានកូនក្នុងបន្ទុកចំនួន ៤ នាក់ និងភរិយាបានប្រមូលយកពីកន្លែងផ្សេងៗគ្នា ដើម្បីយកមកតាំងក្នុងផ្ទះរបស់ខ្លួន។
លោកបន្តថា បុរសរូបនេះមានមុខរបរជាអ្នកដើររើសអេតចាយ និងដើររកឃ្មុំនៅក្នុងព្រៃយកទៅលក់នៅផ្សារ។ គាត់បានប្រទះឃើញគ្រាប់មីននៅតាមផ្លូវ ឬគាត់បានទិញពីអ្នកភូមិ ខណៈដើរទិញអេតចាយ។ គាត់បានប្រមូលម្ដង ២ ឬ ៣ គ្រាប់ ហើយយកមករក្សាទុកក្នុងផ្ទះរបស់ខ្លួន។ លើសពីនេះគាត់បានយកគ្រាប់ទាំងអស់នេះទៅចងព្យួរនៅដើមឈើខាងមុខផ្ទះគាត់លេងជាការកម្សាន្ដផងដែរ។
លោកថា អាជ្ញាធរ និងមន្ត្រី CMAC ស្នើសុំប្រមូលគ្រាប់ទាំងនេះ ដោយបានជូនលុយគាត់ ៣ ម៉ឺនរៀលជាថ្នូរដែលគាត់បានទិញពីអ្នកភូមិក្នុង ១ គ្រាប់តម្លៃ ១ ពាន់រៀល។ បុរសរូបនេះយល់ព្រមប្រគល់មកឲ្យអាជ្ញាធរ។
លោក តុល សារិន បញ្ជាក់ថា៖ «កន្លងមកអាជ្ញាធរធ្លាប់បានផ្សព្វផ្សាយអប់រំពលរដ្ឋក្នុងមូលដ្ឋាននេះ ដោយសារធ្លាប់មានអ្នកគ្រោះថ្នាក់ដោយសារគ្រាប់មីននេះ។ ជាក់ស្ដែងករណីនេះយើងពិបាកនឹងបន្ទោសគាត់ ដោយសារគាត់ជាមនុស្សមានសតិមិនគ្រប់។ ដូច្នេះគាត់មិនដឹងអំពីផលគ្រោះថ្នាក់ទេ ទើបយើងបានទៅប្រមូលគ្រាប់ទាំងនេះយកមកទុក ហើយអប់រំ ណែនាំក្រុមគ្រួសារគាត់ កុំឲ្យគាត់យកគ្រាប់មីនមកទុកក្នុងផ្ទះបែបនេះ»។
លោក សេស វិបុល អធិការរងនគរបាលស្រុកអូរជ្រៅថ្លែងពីម្សិលមិញថា លោកបានចុះទៅជាមួយអង្គភាព CMAC ដែរ ដើម្បីចុះទៅប្រមូលគ្រាប់ទាំង ៣០ គ្រាប់នេះពីបុរសម្នាក់ដែលមានសតិមិនគ្រប់។ គ្រាប់ទាំងនោះរួមមាន ប្រភេទ K58 មីនប្រភេទ 69 B-40 និងគ្រាប់មីនប្រឆាំងមនុស្សជាតិមួយចំនួនទៀត។ គាត់ប្រកបមុខរបរជាអ្នកដើររើសអេតចាយ និងទិញសម្ភារចាស់ៗពីអ្នកភូមិក្នុងនោះគាត់បានប្រមូលទិញគ្រាប់មីនពីអ្នកភូមិថែមទៀតផង។
លោកឲ្យដឹងថា កន្លងមកនៅស្រុកអូរជ្រៅក៏ធ្លាប់មានពលរដ្ឋគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផងដែរ។ អាជ្ញាធរបានអប់រំ ណែនាំឲ្យពលរដ្ឋចេះប្រុងប្រយ័ត្នចំពោះការគ្រោះថ្នាក់ដោយគ្រាប់មីន ហើយប្រសិនបើបានជួបប្រទះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងអស់នេះត្រូវប្រញាប់រាយការណ៍មកសមត្ថកិច្ចជាបន្ទាន់។
លោកបញ្ជាក់ថា៖ «គ្រាប់មីនទាំងអស់នេះភាគច្រើនមានតែសម្បក ហើយនៅមានប្រសិទ្ធភាព តែគ្រាប់ដែលប្រឆាំងរថក្រោះប៉ុណ្ណោះ។ ក្រៅពីនេះមានតែសម្បក បន្ទាប់មកគាត់បានយកទៅចងព្យួរនៅដើមឈើខាងមុខផ្ទះគាត់។ ពេលយើងសួរគាត់ទៅ គាត់ឆ្លើយចងលេងកម្សាន្ដ គាត់ថា ហ្នឹងវាលែងផ្ទុះហើយ អ៊ីចឹងគាត់យកមកចងលេងដាក់តាំងមុខផ្ទះគាត់»៕