ភ្នំពេញៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) កាលពីថ្ងៃទី ២ ខែមីនាបានចុះហត្ថលេខាលើកំណត់ហេតុនៃការស្រាវជ្រាវ និងការបោសសម្អាតគ្រាប់មីននៅតំបន់ក្បែរព្រំដែន ដើម្បីពង្រឹងសហប្រតិបត្តិការសន្តិភាពនៃប្រទេសទាំង ២ ឲ្យកាន់តែរឹងមាំ និងល្អប្រសើរថែមទៀត។
ការចុះហត្ថលេខានេះត្រូវបានធ្វើឡើងរវាងលោក ហេង រតនា អគ្គនាយក CMAC និងលោក Sittipol Nimnuan អគ្គនាយក TMAC នៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។
លោក ហេង រតនា បានថ្លែងថា ការចុះហត្ថលេខានេះត្រូវបានធ្វើឡើងដោយទទួលបានការអនុញ្ញាតពីលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ។ លោកបន្តថា៖ «ការចុះហត្ថលេខា...សម្រេចឲ្យមានកិច្ចព្រមព្រៀងនេះឡើងក្នុងរូបភាពពង្រឹងសហប្រតិបត្តិការសន្តិភាពនៃប្រទេសទាំង ២ ឲ្យកាន់តែរឹងមាំ និងល្អប្រសើរថែមទៀត»។
លោក ហេង រតនា ធ្លាប់បានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីចុងខែកញ្ញាឆ្នាំមុនថាការបោសសម្អាតមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាភារកិច្ចរបស់អង្គភាព CMAC និងអង្គភាព TMAC ដែលត្រូវអនុវត្តជាសេនាធិការជូនគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃដែលរាជរដ្ឋាភិបាលនៃប្រទេសទាំង ២ បានប្រគល់ឲ្យ។
លោកបន្តថា៖ «ការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះគឺធ្វើឡើងនៅលើទីតាំងចម្ការមីនក្នុងបូរណភាពទឹកដីនៃប្រទេសរៀងៗខ្លួនពោលគឺភាគីទាំង ២ CMAC និង TMAC មិនប្រើប្រាស់សម្ភាររួមគ្នានោះទេ។ ប៉ុន្តែដោយសារពួកយើងបានជ្រើសរើសទីតាំងចម្ការមីនក្នុងភូមិសាស្ត្រក្បែរគ្នា ដូច្នេះពួកយើងអាចផ្លាស់ប្តូរបទពិសោធបច្ចេកទេសគ្នាទៅវិញទៅមកបាននៅពេលចុះប្រតិបត្តិការជាក់ស្ដែង»។
លោក ផាត ភារៈ ប្រធាននាយកដ្ឋានទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិនៃស៊ីម៉ាក់បានបញ្ជាក់កាលពីម្សិលមិញថា អង្គភាព CMAC និងអង្គភាព TMAC បានចាប់ផ្ដើមកិច្ចសហប្រតិបត្ដិការតាំងពីឆ្នាំ ២០០៨ ក្រោយទទួលបានការអនុញ្ញាតពីគណៈកម្មាធិការព្រំដែនទូទៅ (General Border Committee) ដោយបានសហការសិក្សាស្រាវជ្រាវ និងផ្លាស់ប្ដូរបទពិសោធជាមួយគ្នាទៅវិញទៅមក រហូតឈានដល់ការកំណត់ទីតាំងចម្ការមីនជាក់លាក់មួយចំនួនដែលត្រូវដោះមីនកាលនេះ។
លោកថ្លែងថា៖ «ការចុះហត្ថលេខានេះគឺក្រោយពេលដែលភាគីទាំង ២ បានពិនិត្យស្រាវជ្រាវទីតាំងដែលត្រូវដោះមីនមួយចំនួននៅតាមព្រំដែនច្បាស់លាស់រួចអស់ហើយ ដើម្បីចុះទៅដោះមីន។ កន្លងមកយើងបានធ្វើគឺជាមួយគ្នាប៉ុន្មានឆ្នាំនេះ គឺទាក់ទងនឹងការសិក្សាបច្ចេកទេសពីគ្នាទៅវិញទៅមក ជួបប្រជុំគ្នាពីនីតិវិធីក្នុងការដោះមីនជាដើមរួចហើយ ទើបឈានដល់ការជ្រើសរើសទីតាំងចម្ការមីននេះ»។ លោកបន្ថែមថា៖ «ការរើសទីតាំងដោះមីននៅព្រំដែននេះគឺធ្វើតែទៅលើទីតាំងដែលយើងបានសិក្សារួច និងបានចុះហត្ថលេខារួមគ្នាប៉ុណ្ណោះដែលមិនមានប៉ះពាល់ដល់បញ្ហាព្រំដែននោះទេ»។
ក្នុងឆ្នាំ ២០១៩ ស៊ីម៉ាក់បានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៣៦០០០ គ្រាប់នៅលើផ្ទៃដីជិត ៦ ៧០០ ហិកតានៃតំបន់ចម្ការមីន និងគ្រាប់មិនទាន់ផ្ទុះ ៤៨៧ ទីតាំងនៅទូទាំងប្រទេស។ នេះបើតាមទិន្នន័យស៊ីម៉ាក់ដែលត្រូវបានផ្សព្វផ្សាយកាលពីចុងខែធ្នូឆ្នាំ ២០១៩។ របាយការណ៍នេះឲ្យដឹងថា បច្ចុប្បន្នកម្ពុជានៅមានផ្ទៃដីលាយឡំជាមួយមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ២១០០ គីឡូម៉ែត្រការ៉េ។
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅច្បាស់លាស់ក្នុងការកម្ចាត់គ្រាប់មីនប្រឆាំងមនុស្សឲ្យអស់ត្រឹមឆ្នាំ ២០២៥។ ដើម្បីឲ្យសម្រេចបាននូវគោលដៅនេះ ស៊ីម៉ាក់ មិនត្រឹមតែត្រូវការការគាំទ្រពីសហគមន៍អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា៕