
មន្ត្រីស៊ីម៉ាក់ ២ នាក់ និងសុនខ ១ ក្បាល កំពុងប្រតិបត្តិការស្វែងរកគ្រាប់មីន។ CMAC
ភ្នំពេញៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបង្ហាញពីវីរភាពរបស់សុនខហិតមីន ដែលបានជួយពន្លឿន ក្នុងការកម្ចាត់មីន និងជួយកាត់បន្ថយពេលវេលានិងការលំបាកនៃការរុករកមីនរបស់កងកម្លាំងដោះមីននៅកម្ពុជា។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃ ព្រហស្បតិ៍ម្សិលមិញថា នៅថ្ងៃសុក្រនេះ ស៊ីម៉ាក់ នឹងដាក់បង្ហាញពីការខិតខំប្រឹងប្រែងនៃការចូលរួមជួយការងារនៅក្នុងសង្គម និងកិច្ចសហប្រតិបត្ដិការជាមួយដៃគូនានារបស់សុខនហិតមីន។ លោកបន្តថា សុនខ បានជួយពន្លឿនក្នុងការបោសសម្អាតមីន កាត់បន្ថយការលំបាករបស់កម្លាំងមនុស្ស ក្នុងការរុករកគ្រាប់មីននៅក្នុងដី ព្រោះបើកងកម្លាំងស៊ីម៉ាក់ ប្រើតែឧបករណ៍ជាដែកនោះ គឺមានការយឺតយ៉ាវ និងជួបប្រទះការលំបាកជាច្រើន។
លោកបន្ថែមថា៖ «សុនខ អាចបន្ធូរការលំបាករបស់យើងធ្វើឱ្យស្ថានភាពអ្នកដោះមីនយើងធូរស្រាលបានច្រើន ហើយមានល្បឿនលឿន។ ដូច្នេះ ការចូលរួមរបស់សុនខក្នុងវិស័យមីននេះ គឺមានវីរភាពខ្ពស់ណាស់ក្នុងការជួយដល់សង្គមមនុស្សយើង»។
លោក រតនា បានឱ្យដឹងថា បច្ចុប្បន្ន ស៊ីម៉ាក់ មានសុនខហិតមីនសរុបចំនួន ១៣២ ក្បាល ក្នុងនោះ ៧០ ក្បាល កំពុងប្រតិបត្ដិការដោះមីន ក្រៅពីនេះកំពុងស្ថិតក្នុងការហ្វឹកហ្វឺនក្នុងទីតាំងស៊ីម៉ាក់នៅខេត្ដកំពង់ឆ្នាំង។
លោកឱ្យដឹងថាក្នុងរយៈពេល ៣ ឆ្នាំ កន្លងមកនេះ ស៊ីម៉ាក់បានបង្កាត់សុនខហិតមីនបានជាង ១០០ ក្បាលរួចហើយ នឹងបច្ចុប្បន្នកំពុងប្រឹងប្រែងបង្កាត់បន្ថែម និងហ្វឹកហ្វឺនសុនខបន្ដទៀត។
លោក រតនា បញ្ជាក់ថា ៖«សុនខហិតមីនរបស់យើង កន្លងមក ធ្លាប់បានបញ្ជូនទៅដោះមីននៅប្រទេស អីុស្រាអែល វៀតណាម ឡាវ ថៃ និងប្រទេសមួយចំនួនទៀតខាងប៉ែកអឺរ៉ុបខាងកើត»។
លោកបញ្ជាក់ថា តាមធម្មតា នៅក្នុងវិស័យមីននេះឧបករណ៍អេឡិចត្រូនិកដែលផលិតពីរោងចក្រមក ភាគច្រើនគឺដើម្បីរុករកជាតិដែក ដូច្នេះឱ្យតែមានសារធាតុដែកឧបករណ៍នោះ នឹងឱ្យសញ្ញា ប៉ុន្ដែសុនខ មានមុខងារតែមួយទេ គឺស្វែងរកជាតិផ្ទុះ មិនរុករកជាតិដែកទេ ទើបមានការងាយស្រួលប្រើប្រាស់ជាងម៉ាស៊ីនអេឡិចត្រូនិក។
លោក ប្រាក់ សុម៉ាធី ប្រធានលេខាធិការដ្ឋាននៃស៊ីម៉ាក់បានថ្លែងថា លោកមិនទាន់អាចប្រាប់ពីចំនួនសុនខហិតមីន ដែលបានងាប់នោះទេ។ ប៉ុន្ដែលោកបានបញ្ជាក់ថា សុនខហិតមីនងាប់ គឺដោយសារភាពចាស់ជរា និងជំងឺឆ្លង មិនបានងាប់ដោយបេសកកម្មរុករកមីននោះទេ។
លោកបន្ដថា៖ «ជាទូទៅសុនខហិតមីនយើងប្រើបានរយៈពេល ៨ ឆ្នាំ។ ពេលវាកើតមកភ្លាមយើងចាប់ផ្ដើមហ្វឹកហាត់វារយៈពេលពី ២ ឆ្នាំ ទៅ ២ ឆ្នាំកន្លះ ទើបអាចយកវាទៅប្រតិបត្ដិការបាន។ ក្រោយប្រតិបត្ដិការខ្ទង់ ៦ ឆ្នាំ យើងដាក់ឱ្យវាចូលនិវត្ដន៍ហើយ»។
បើតាមលោក សុម៉ាធី ក្រោយពេលសុនខងាប់ គឺស៊ីម៉ាក់បានរៀបចំធ្វើពិធីបុណ្យឱ្យដូចជាមនុស្សដែរថែមទាំងយកសាកសពទៅកប់នៅក្នុងផ្នូរនៅសារមន្ទីរមីន នៅខេត្តសៀមរាប និងនៅទីតាំងស៊ីម៉ាក់ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។
លោកបានថ្លែងថា៖ «សុនខហិតមីន ដែលផ្ដល់ប្រយោជន៍ច្រើន គឺសុនខមេ វាហិតមីនផង ផ្ដល់កូនឱ្យយើងផង។ អ៊ីចឹងពេលវាងាប់ទៅ យើងធ្វើពិធីបូជាដូចមនុស្សអ៊ីចឹង មានការចូលរួមដង្ហែសពជាដើម»។
លោក សុម៉ាធី បានឱ្យដឹងថា បច្ចុប្បន្នស៊ីម៉ាក់ មានមេសុនខ ដែលអាចបង្កាត់កូនបានចំនួន ១២ ក្បាល ហើយក្នុងមេសុនខ ១ ក្បាល គឺវាអាចកើតកូនបានក្នុងរង្វង់ចាប់ពី ១០ ក្បាលឡើងទៅ។ ក្រោយពីសុនខកើតកូនបាន ១ សប្ដាហ៍ក្រុមមន្រ្ដីបង្វឹកបានចាប់ផ្ដើមបង្រៀនកូនសុនខតែម្ដង។
ចាប់តាំងពីឆ្នាំ ១៩៩២ មក អាជ្ញាធរមីននិងប្រតិបត្តិករជាង ១០ នាក់ ផ្សេងទៀត បានធ្វើការរួមគា្នរំដោះដីដែលមានគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួន ១,៨២៣ គីឡូម៉ែត្រការ៉េ និងក៏បានជួយរំដោះមីននៅលើដីប្រជាពលរដ្ឋបានចំនួន ៤,៣២០ គ្រួសារ។ ម្ចាស់ជំនួយដែលបានជួយក្នុងបេសកកម្មនេះរួមមាន ប្រទេស ជប៉ុន សហរដ្ឋអាមេរិក អង់គ្លេស អូស្រ្តាលី កាណាដា ស្វ៊ីស ន័រវែសសហគមន៍អឺរ៉ុប អាល្លឺម៉ង់ ចិន បារាំង ដាណឺម៉ាក នូវែលសេឡង់ និងប្រទេសមួយចំនួនទៀត។
បើតាមអាជ្ញាធរមីន ចាប់ពីខែមករា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៩ មានជនរងគ្រោះស្លាប់ ពិការ និងរបួសដោយសារគ្រាប់មីនសរុបមានចំនួន ៤៤ នាក់ ក្នុងនោះ មានជនរងគ្រោះនៅខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ខេត្តរតនគិរី ត្បូងឃ្មុំ និងខេត្តមួយចំនួនទៀត៕