ភ្នំពេញៈ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) បានបង្ហាញ​ពី​មោទនភាព​របស់ CMAC ក្នុង​ការបង្កាត់​សុនខ​ហិត​មីន​បាន​ប្រមាណ​ជាង ២០០ ក្បាល ខណៈ​ដែល​សុនខ​ហិត​មីន​ត្រូវ​ទិញ​ពី​បរទេស​ក្នុង​តម្លៃ​ពី​ ៣ ​ម៉ឺន​ទៅ ៥ ​ម៉ឺន​ដុល្លារ​ក្នុង​ ១ ​ក្បាល​។

លោក ហេង រតនា បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​ថា ជំនាញ​សុនខ​ហិត​មីន​ត្រូវ​បាន​បង្កើតឡើង និង​នាំចូល​ផ្តល់​ការគាំទ្រ​ដល់​អង្គភាព​ស៊ីម៉ាក់​ដោយ​កងទ័ព​ប្រទេស​ស៊ុយអ៊ែត​ក្នុង​ឆ្នាំ ១៩៩៦ ក្នុង​កម្រិត​ហ្វឹកហ្វឺន​សាកល្បង​ប្រើប្រាស់​សុនខ​ហិត​មីន​នៅ​កម្ពុជា និង​បានបញ្ចប់​គម្រោង​នៅ​ឆ្នាំ​ ២០០២​។ ប៉ុន្ដែ CMAC បាន​ចាប់ផ្ដើម​ពង្រឹង​ភាព​ជា​ម្ចាស់ និង​ភាព​ជា​ដៃគូ​នៃ​កម្មវិធី សុនខ​ហិត​មីន​ចាប់ពី​ឆ្នាំ ២០០២ រហូត​ទទួល​បាន​ភាពជោគជ័យ និង​រឹងមាំ​តែម្ដង​នៅ​អំឡុង​ឆ្នាំ​ ២០១៦​។

លោក​បាន​ថ្លែងថា ការកសាង​កម្លាំង​ជំនាញ​សុនខ​ហិត​មីន​នៅ​កម្ពុជា​នេះ គឺ​មិន​ភ្លេចគុណ​ដៃគូ​អភិវឌ្ឍន៍​ដែល​ជា​អ្នក​ជួយ​បាន​ទេ ដូចជា​រដ្ឋាភិបាល​ប្រទេស​ស៊ុយអ៊ែត និង​អ្នកពាក់ព័ន្ធ​មួយចំនួន​ទៀត​។

លោក​បាន​បន្ដថា​៖ «​ប៉ុន្ដែ​អ្វី​ដែល​យើង​យក​ចិត្ដ​ទុកដាក់​នៅក្នុង​ចំណុច​នេះ ប្រសិន​បើ​យើង​ខ្លួនឯង​មិន​មាន​ស្មារតី​ពង្រឹង​ភាព​ជា​ម្ចាស់​ទេ ក៏​យើង​មិន​អាច​ដើរ​រហូត​មក​ដល់ពេលនេះ​បានដែរ​។ មានន័យ​ថា បើ​យើង​មិន​មាន​ភាព​ជា​ម្ចាស់​ដោយ​ខ្លួនឯង ពេល​គេ​បញ្ចប់​គម្រោង​ទៅវិញ យើង​នឹង​ស្លាប់​អស់​»​។

បើ​តាម​លោក រតនា សុនខ​ហិត​មីន ដែល​ទិញ​ពី​បរទេស​មាន​តម្លៃ​ថ្លៃ​ណាស់ គឺ​ ១ ក្បាល​មាន​តម្លៃ​ពី ៣០០០០ ទៅ ៥០០០០ ​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​បច្ចុប្បន្ន CMAC បង្កាត់​បាន​សុនខ​ប្រមាណ​ជាង ២០០ ​ក្បាល ហើយ​ក្នុង​ចំណោម​នេះ សុនខ​ជាង​ ១០០ ​ក្បាល​កំពុង​ធ្វើ​ប្រតិបត្ដិការ​ហិត​មីន​ហើយ​នៅ​សេសសល់​គឺ​កំពុង​ទទួល​ការហ្វឹកហ្វឺន​។

លោក​ថ្លែងថា​៖ «​ឥឡូវ​ជា​លទ្ធភាព​របស់​យើង​ក្នុង​ ១ ​ឆ្នាំ​យើង​អាច​បង្កាត់​កូន​សុនខ​បាន​ចាប់ពី ៨០ ទៅ ១០០ ​ក្បាល​។ ក្នុងនោះ​យើង​ជ្រើសរើស​យក​មក​បង្វឹក​ជា​សុនខ​ហិត​មីន​បាន​ពី ៨០ ​ទៅ​ ៧០ ​ភាគរយ​។ ធម្មតា បើ​យើង​ទិញ​កូន​សុនខ​ពី​គេ​យក​មក​បង្វឹក​ជា​សុនខ​ហិត​មីន​ក្នុងចំណោម ១០០ ​ក្បាល យើង​អាច​បង្វឹក​ក្លាយ​ទៅ​ជា​សុនខ​ហិត​មីន​បាន​ប្រហែល ៦ ​ក្បាល​ប៉ុណ្ណោះ​។ ប៉ុន្ដែ​នៅពេល​នេះ​យើង​បង្វឹក​ដោយ​ខ្លួន​យើង សុនខ​យើង​មាន​សមត្ថភាព​ខ្ពស់​នេះ​ជា​មោទនភាព​មួយ​ដែរ​»​។

លោក រតនា បន្ថែម​ថា​បច្ចុប្បន្ន CMAC បាន​ពង្រីក​បច្ចេកទេស មិន​ត្រឹមតែ​អាច​ឱ្យ​សុនខ​ចេះ​ហិត​រុករក​មីន​ប៉ុណ្ណោះ​ទេ​។ ប៉ុន្ដែ​ពេលនេះ​សុនខ​ដែល CMAC បង្វឹក​អាច​មាន​ជំនាញ​ផ្នែក​រុករក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​។

លោក​ថា CMAC ក៏បាន​ពង្រីក​ទៅលើ​ការ​បង្វឹក​សុនខ​សន្ដិសុខ ដែល​កំពុងតែ​ដំណើរការ​ហើយ​កិច្ចការ​នេះ​នឹង​ដំណើរការ​បាន​ល្អប្រសើរ​។

លោក​បានឱ្យ​ដឹងថា សុនខ​ហិត​មីន​បាន​ជួយ​ដល់​មន្ដ្រី CMAC ច្រើន​ក្នុង​ការបោសសម្អាត​មីន និង​បាន​កាត់បន្ថយ​ពេលវេលា​នៅក្នុង​ការ​បោសសម្អាត​មីន​ដោយ​មាន​ប្រសិទ្ធភាព​ល្អប្រសើរ​។

លោក​បញ្ជាក់ថា បើ​មនុស្ស​ជា​អ្នករុករក​មីន គឺ​អាច​រកបាន​តែ​នៅលើ​ផ្ទៃដី​ធំៗ ចំណែក​សុនខ​អាច​ចូលទៅ​រុករក​បាន​គ្រប់​ចំណុច ពិសេស​ផ្ទៃ​ដែល​ចង្អៀត មានព្រៃ​ច្រើន​ជាដើម​។

លោក ហេង រតនា បន្ថែម​ថា​ជា​ការពិត​ណាស់ ការទាញ​យក​ផលប្រយោជន៍​បម្រើ​ជាតិ​ពី​ជំនាញ​សុនខ ប្រៀបបី​ដូចជា​កំណាត់​ផ្លូវត្រូវ​ដើរ​នៅ​វែងឆ្ងាយ​ទៅមុខ​ទៀត ដូចជា​កម្លាំង​ជំនាញ​សុនខ​នេះ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​កងទ័ព និង​ប៉ូលិស​នៃ​ប្រទេសជិតខាង​កម្ពុជា​ក្នុង​នោះ​មានដូចជា​ថៃ និង​វៀតណាម​។

បើ​តាម​លោក ហេង រតនា នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា កម្លាំង​ទ័ព​សុនខ​នេះ​ត្រូវ​បាន​ប្រទេស​ជិតខាង​ដាក់ពង្រាយ​ដោយបាន​បង្ហាញ​ពី​ឧត្តមភាព​ខាង​សន្តិសុខ​របស់គេ​។

ទោះ​យ៉ាងណា​លោក​ រតនា បញ្ជាក់​ថា​ការពង្រឹង​ភាព​ជា​ម្ចាស់​លើ​វាសនា​ជាតិ​ខែ្មរ​គឺ​ពឹង​លើ​សមត្ថភាព​កូន​ខែ្មរ​គ្រប់ៗ​រូប​។ ភាពជោគជ័យ​នៃ​ភាពម្ចាស់ការ​ក្នុង​ជំនាញ​សុនខ​នេះ គ្រាន់តែ​ជា​ឧទាហរណ៍​តូច​មួយ​នៃ​ការពង្រឹង​ភាព​ជា​ម្ចាស់ និង​ជា​លម្ហ​គំនិត​អាច​សិក្សា​រៀនសូត្រ សម្រាប់​ជា​គតិ​គំនិត​ក្នុង​ការអនុវត្ត​ទស្សនៈ​ «​កូន​ខ្មែរ​អាច​ធ្វើ​បាន​»​។

លោក ហេង រតនា ​បង្ហាញ​ថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​សម្រាប់​ក្របខ័ណ្ឌ​អង្គភាព CMAC បាន​បោសសម្អាត​ផ្ទៃដី​ដែល​មាន​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បាន​ចំនួន​ប្រមាណ​ ១២០០ ​គីឡូម៉ែត្រក្រឡា និង​ដោះ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បាន​ជាង ២,៩ ​លាន​គ្រាប់​៕