ភ្នំពេញៈ សម្ព័ន្ធ​កម្ពុជា​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​មិនឆ្លង​ (CNCDA) ទទួល​បាន​មូលនិធិ​សាមគ្គីភាព​សង្គម​ស៊ីវិល​ថ្មី​មួយ​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​មិនឆ្លង​នៅ​កម្ពុជា ខណៈ​អង្គការ​នេះ​មើលឃើញ​ថា ពលរដ្ឋ​ដែល​រស់នៅ​ជាមួយ​នឹង​​ជំងឺ​នេះ​កំពុង​ប្រឈមមុខ​ខ្លាំង​ទាំង​ផ្នែក​សុខភាព និង​ហិរញ្ញវត្ថុ​ក្នុង​ដំណាក់កាល​​មាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ CNCDA បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​ ១៣ កក្កដា​ថា គម្រោង​មូលនិធិ​ក្នុង​ការទប់ស្កាត់​ជំងឺ​មិន​ឆ្លង​ក្នុង​អំឡុងពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​១៩​នេះ​គឺ​មាន​ទឹកប្រាក់​​សរុប​ប្រមាណ ៣ ​សែន​ដុល្លារ ហើយ​ដែល​ថវិកា​ចំនួន​ ១៥ ០០០ ​ដុល្លារ​ត្រូវ​បាន​ផ្តល់ជូន​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់​សម្រាប់​ប្រទេស​កម្ពុជា​។

CNCDA បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា មូលនិធិ​នេះ​​នឹង​ជួយ​គាំទ្រ​ដល់​សម្ព័ន្ធ​ក្នុង​ការជួយ​ដោះស្រាយ​យ៉ាង​សំខាន់​ដល់​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ជាមួយ​ជំងឺ​មិន​ឆ្លង​ក្នុងពេល​ជំងឺ​កូវីដ​១៩​កំពុង​រាតត្បាត​។ សកម្មភាព​ទាំងនោះ​គឺ​ធ្វើ​ឡើង​តាមរយៈ​ការតស៊ូ​មតិ និង​ទំនាក់ទំនង​ដែល​ធ្វើ​ឲ្យ​សកម្មភាព​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​កាន់តែ​ខ្លាំង​បន្ថែមទៀត​។

សម្ព័ន្ធ​កម្ពុជា​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​មិន​ឆ្លង​ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា​៖ «​ជំងឺ​រ៉ាំរ៉ៃ ដែល​ហៅថា​ជំងឺ​មិន​ឆ្លង​ទាំងនោះ​គឺជា​បុព្វហេតុ​ចម្បង​ដែល​ធ្វើឲ្យ​ពលរដ្ឋ​កម្ពុជា​ស្លាប់​ក្នុង​នោះ​មាន​ ២ ​នាក់​ក្នុង​​ចំណោម​ ៣ ​នាក់​ដែល​ស្លាប់​ដោយ​​មូលហេតុ​នៃ​ជំងឺមិនឆ្លង ហើយ​ ១ ​ភាគ ៤ ​នៃ​អ្នកស្លាប់​នោះ​បាន​កើត​លើ​មនុស្ស​មាន​អាយុ​ក្រោម​ ៧០ ​ឆ្នាំ​»​។

តាម​ CNCDA ​បាន​ឲ្យ​ដឹងថា ជំងឺ​មិនឆ្លង​មាន​ដូចជា ជំងឺ​សរសៃឈាម​បេះដូង គាំងបេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺមហារីក ទឹកនោមផ្អែម ផ្លូវដង្ហើម និង​ស្ថានភាព​ផ្លូវចិត្ត​ជាដើម ​ដែល​វា​បង្កឡើង​ដោយ​កត្តា​ហ្ស៊ែន បរិស្ថាន និង​អាកប្បកិរិយា​រួមបញ្ចូល​គ្នា​។

លោក Todd Harper ប្រធាន​សម្ព័ន្ធ​​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​មិន​ឆ្លង​ប្រចាំ​ពិភពលោក NCD Alliance(Global) បាន​ថ្លែងថា ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ប្រសព្វ​គ្នា​រវាង​ជំងឺ​កូវីដ​១៩ និង​ជំងឺ​មិនឆ្លង​។ លោក​បន្តថា អ្នករស់នៅ​ជាមួយ​ជំងឺ​មិនឆ្លង​​គឺ​ងាយ​រងគ្រោះ​ពី​ជំងឺ​កូវីដ​១៩ ហើយ​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ដែល​ធ្វើឲ្យ​ពួកគេ​ងាយ​ឈឺ និង​ស្លាប់​ដោយសារ​វីរុស​បាន​យ៉ាង​ងាយ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ការរាតត្បាត​​នៃ​ជំងឺឆ្លង​ក៏​ផ្តល់​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​ក្រីក្រ​ក្នុង​សហគមន៍​ទូទាំង​ពិភពលោក​ផងដែរ ជាពិសេស​ពលរដ្ឋ​ងាយ​រងគ្រោះ​នៅក្នុង​ប្រទេស​។

មូលនិធិ​សាមគ្គីភាព​សង្គម​ស៊ីវិល​ថ្មី​បាន​បង្កើតឡើង​ដោយ​ត្រូវ​ដោះស្រាយ​បញ្ហា​ជំងឺ​មិនឆ្លង​ដែល​វា​គឺជា​មូលដ្ឋាន​​គ្រឹះ​នៃ​សន្តិសុខ សុខភាព និង​ដើម្បី​ការពារ​ការត្រឡប់​មក​វិញ​នៃ​ការទទួល​បាន​ការការពារ និង​ត្រួតពិនិត្យ NCD នៅ​ជុំវិញ​ពិភពលោក​»​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន CNCDA បាន​ឲ្យ​ដឹងថា សម្រាប់​សកម្មភាព​នៅ​កម្ពុជា​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​មិនឆ្លង​​នឹង​ផ្តោតលើ​មធ្យោបាយ​ដើម្បី​ជំរុញ​ឱ្យ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មិនឆ្លង​តាមរយៈ​ការបង្កើត​របៀបវារៈ​ជាតិ​ដោយ​ប្រើប្រាស់​ការប្រាស្រ័យ​ទាក់ទង និង​ការតភ្ជាប់​ជាមួយ​បុគ្គល​ដែលមាន​ឥទ្ធិពល​ក្នុង​ប្រទេស​។ គោលបំណង​ចម្បង គឺ​ដើម្បី​បញ្ជ្រាប​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមិនឆ្លង​ NCDs ក្នុង​គោលនយោបាយ​ជាតិ​របស់​រដ្ឋាភិបាល​ជាមួយ​នឹង​​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩​។

លោកស្រី Katie Dain, នាយិកាប្រតិបត្តិ​នៃ​ NCD Alliance (Global) ​បាន​ថ្លែងថា នេះ​គឺជា​មូលនិធិ​ដំបូង​បំផុត​របស់​ខ្លួន​ក្នុង​ការគាំទ្រ​អង្គការ​សង្គមស៊ីវិល​ NCD ដើម្បី​ឆ្លើយតប​ក្នុង​ពេល​មាន​ការរីករាលដាល​ជំងឺ​កូវីដ​១៩​។

លោកស្រី​បញ្ជាក់​ថា​៖ «​ក្នុង​ដំណាក់កាល​រាតត្បាត​សម្ទុះ​នៃ​បញ្ហា​សុខភាព និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​មួយចំនួន ជាពិសេស​ជំងឺអេដស៍ ជំងឺ​អេប៉ូឡា និង​ការប្រែប្រួល​អាកាសធាតុ​បាន​ពង្រឹង​តួនាទី​សំខាន់​របស់​សង្គមស៊ីវិល​ និង​ការប្រឹងប្រែង​ដឹកនាំ​ដោយ​សហគមន៍​ក្នុង​ការពន្លឿន​សកម្មភាព​ពី​ថ្នាក់មូលដ្ឋាន​ដល់​កម្រិត​ពិភពលោក​»​។

លោក​វេជ្ជបណ្ឌិត Kol Hero ប្រធាន​នាយកដ្ឋាន​បង្ការ​ឱសថ​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ថ្លែងថា ការផ្តល់​​កញ្ចប់​ថវិកា​នេះ​គឺជា​ឱកាស​ដ៏សំខាន់​មួយ​ដើម្បី​បង្ហាញ​ពី​ភាព​ងាយ​រងគ្រោះ​ជាក់លាក់​នៃ​អ្នករស់នៅ​ជាមួយ​ជំងឺ​មិន​ឆ្លង​ក្នុង​ពេល​មាន​ជំងឺ​រាតត្បាត​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការផ្តល់​ជំនួយ​នេះ​ក៏​ជាការ​លើកកម្ពស់​ការ​ដាក់​បញ្ចូល​ NCDs ​ក្នុង​ការរៀបចំ​សុខភាព​សាធារណៈ និង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា​ផងដែរ​»​។

CNCDA ​បាន​លើកឡើង​ថា ការរំខាន​​ដល់​សេវា​សុខភាព​សំខាន់ៗ​បណ្តាល​​មកពី​ជំងឺ​កូវីដ​១៩ ក៏ដូចជា ការជាប់គាំង​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា​បាន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​សម្រាប់​ពលរដ្ឋ​ដែល​រស់នៅ​ជាមួយ​នឹង​ជំងឺមិនឆ្លង​។ ដូច្នេះ​ជាការ​សំខាន់​ណាស់​ដែល​សង្គមស៊ីវិល​អាច​លើកស្ទួយ​សំឡេង​សហគមន៍ និង​អ្នករស់នៅ​ជាមួយ​ជំងឺ​មិនឆ្លង​ដើម្បី​តស៊ូ​មតិ​ឲ្យ​មាន​កំណែទម្រង់​គោលនយោបាយ​សុខភាព ដើម្បី​ឲ្យ​​រដ្ឋាភិបាល និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ចូលរួម​គាំទ្រ​៕