ភ្នំពេញៈ បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ​ក្ដោប​ក្ដាប់​យក​អាសនៈ​ទាំង​ ១២៥ នៅក្នុង​រដ្ឋសភា មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចេញ​មុខ​នៅ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ​ដើម្បី​ការពារ​ជ័យជម្នះ​ដែល​ទទួល​បាន​ពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​កន្លង​មក​នេះ ហើយ​ក៏​បាន​វាយបក​ធ្ងន់ៗ​ប្រឆាំង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ខ្លះ និង​អតីត​គណបក្ស​ប្រឆាំង​ដែល​រិះគន់​ខ្លួន​ថា​បាន «​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​» ដល់​ឆន្ទៈ​ប្រជាជន​កម្ពុជា ហើយ «​ឧបាយកល​ដ៏ពិសពុល​» របស់​ពួកគេ​បាន​ទទួល​បរាជ័យ​ជា​អ្វី​ដែល​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង និង​អ្នកវិភាគ​ជំទាស់​។

គ្មាន​អ្វី​ភ្ញាក់ផ្អើល​នោះ​ទេ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប​) ​កាលពី​យប់​ថ្ងៃ​ពុធ​បាន​ប្រកាស​លទ្ធផល​ផ្លូវការ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​កន្លង​ទៅ​ដោយ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រសោប​យក​អាសនៈ​រដ្ឋសភា​ទាំងអស់​ដោយ​គ្មាន​គណបក្ស​ណា​មួយ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង​ ១៩ ​ផ្សេង​ទៀត​ដែល​បាន​ចូលរួម​បោះឆ្នោត​អាច​ប្រជែង​បាន​។

ខណៈ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រជែង​ខ្លាំងក្លា​របស់​បក្ស​កាន់អំណាច​ត្រូវ​បាន​រំលាយ ហើយ​មេដឹកនាំ​គណបក្ស​នេះ​ត្រូវ​បាន​គេ​ចាប់​ដាក់គុក​លើ​សំណុំ​រឿង​ «​ក្បត់ជាតិ​» ​មុន​ការបោះឆ្នោត​មក​ដល់ ធ្វើឲ្យ​មតិ​ជាតិ និង​អន្តរជាតិ​ជឿ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ទើប​បណ្ដា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​បាន​រិះគន់​ថា​ជា​ការ​បង្ក្រាប​ពី​បក្ស​កាន់​​អំណាច​។

កាលពី​ថ្ងៃ​ម្សិលមិញ​នៅក្នុង​​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ «​លទ្ធផល​ជា​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦» ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ សូហ្វីតែល ក្នុង​រាជធានី​ភ្នំពេញ មន្ត្រី​ជាន់ខ្ពស់ ៣ ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ការពារ​ជ័យជម្នះ​របស់​បក្ស​កាន់​អំណាច​យ៉ាង​ខ្លាំងក្លា​។

CPP បាន​ថ្លែង​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​ ៣ ​ទំព័រ​ដោយ​បាន​បាន​ចាត់​ទុក​ជ័យជម្នះ​នៃ​ការបោះឆ្នោត​គឺជា​ «​សមិទ្ធផល​យ៉ាង​ធំ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​» ​របស់​ប្រជាជាតិ​ក្នុង​ការ​ប្ដេជ្ញាចិត្ត​ឈាន​ឆ្ពោះ​ទៅ​មុខ​ឥត​ថយក្រោយ​លើ​មាគ៌ា​សន្តិភាព និង​ការអភិវឌ្ឍ​។ CPP ក៏​បាន​ហៅ​លទ្ធផល​នៃ​ការបោះឆ្នោត​ថា​ «​បាន​ឆ្លុះ​បញ្ចាំង​ទាំង​ស្រុង​នូវ​ឆន្ទៈ និង​បំណងប្រាថ្នា​ដ៏ពិសិដ្ឋ​របស់​ប្រជាជន​កម្ពុជា​»​។

សេចក្ដី​ថ្លែងការណ៍​នេះ​មាន​ខ្លឹមសារ​ថា​៖ «​តាមរយៈ​លទ្ធផល​នៃ​ការបោះឆ្នោត ក៏​បាន​ធ្វើឲ្យ​ឧបាយកល​ដ៏ពិសពុល​របស់​ពួក​ប្រឆាំង​ខុស​ច្បាប់ និង​មជ្ឈដ្ឋាន​អគតិ​នៅ​ខាង​ក្រៅ​មួយ​ចំនួន​ដែល​តែងតែ​មួលបង្កាច់​សភាពការណ៍​ពិត ប៉ុនប៉ង​បង្ក​អស្ថិរភាព​ និង​បំផ្លាញ​ដំណើរការ​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា​ត្រូវ​ទទួល​បរាជ័យ​»​។

ដោយ​ថ្លែង​មិន​បញ្ចេញ​ឈ្មោះ​ប្រទេស CPP បាន​ចាត់​ទុក​ឥរិយាបថ​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែល​សំដៅ​ដល់​បណ្ដា​ប្រទេស​លោក​ខាង​លិច​ដែល​បាន​រិះគន់​ការបោះឆ្នោត​ថា​ជា​ «​ការប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ឆន្ទៈ​ប្រជាជន​កម្ពុជា​» ​ជិត ៧ ​លាន​នាក់​ដែល​បាន​ទៅ​បោះឆ្នោត​។

សន្និសីទ​កាសែត CPP កាលពី​ម្សិលមិញ​។ហេង ជីវ័ន

សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​៖ «​គណបក្ស​ប្រជាជន​កម្ពុជា​សម្ដែង​ការសោកស្ដាយ​ចំពោះ​មជ្ឈដ្ឋាន​បរទេស​មួយ​ចំនួន​ដែល​មិន​បាន​ចូលរួម​សង្កេតការណ៍​ក្នុង​ការ​បោះឆ្នោត​នេះ​ទេ ប៉ុន្តែ​បែរ​ជា​ប្រកាន់​យក​ទង្វើ​អវិជ្ជមាន​ដោយ​មូលហេតុ​នយោបាយ​ចំពោះ​ដំណើរការ​ដ៏ត្រឹមត្រូវ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​បាន​វាយតម្លៃ​ការបោះឆ្នោត​នេះ​ថា គ្មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​តាំងពី​មុន​ពេល​ការបោះឆ្នោត​រហូត​មក​ដល់​បច្ចុប្បន្ន​»​។

លោក​ សុខ ឥសាន សមាជិក​ព្រឹទ្ធសភា និង​ជា​អ្នក​នាំពាក្យ​ CPP បាន​ការពារ​នៅពេល​ត្រូវ​បាន​សួរ​ពី​ការដឹកនាំ​តាម​បែប​ឯកបក្ស​នៅក្នុង​រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​បក្ស​កាន់​អំណាច​ដោយ​គ្មាន​សំឡេង​របស់​បក្ស​ប្រឆាំង​។

លោក ឥសាន បាន​ថ្លែង​ថា​៖ «​មិន​អាច​ចោទ​ថា​ជា​សភា​ឯកបក្ស​បាន​ទេ កន្លង​ទៅ​នៅ​ក្នុង​នីតិកាល​ទី​ ៥ យើង​ឃើញ​ហើយ​មាន​សភា​ពហុបក្ស ក៏​ប៉ុន្តែ​បើ​សិន​ណា​សភា​មាន​ឈ្មោះ​ថា​ពហុបក្ស ប៉ុន្តែ​ចរិត​​នៃ​ការងារ​វា​អត់​មាន​ពហុបក្ស​ផង​។ ក្នុង​នីតិកាល​ទី​ ៥ ៥៥ ​តំណាងរាស្ត្រ​របស់​អតីត​បក្សប្រឆាំង​បាន​តែ​មក​បើក​ប្រាក់​ខែ​ទេ ប៉ុន្តែ​គាត់​ធ្វើ​ពហិការ​រហូត ដូច្នេះ​ចរិត​ការងារ​របស់​រដ្ឋសភា​នីតិកាល​ទី​ ៥ វា​ជា​ចរិត​ឯកបក្ស​រួច​ទៅ​ហើយ ដូច្នេះ​បញ្ហា​សំខាន់​ទៅលើ​ការទទួល​ខុសត្រូវ ការអនុវត្ត និង​គោរព​ទៅ​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ​ដែល​ប្រគល់​ការគាំទ្រ​ទៅលើ​គណបក្ស​ណា​មួយ​ឲ្យ​ទទួល​ខុសត្រូវ​»​។

លោក​បន្ត​ថា​៖ «​សូម​កុំ​យល់ច្រឡំ​ថា អត់​បក្សប្រឆាំង​ប្រហែល​ជា​គណបក្ស​ប្រជាជន​មិន​ធ្វើការ ឬ​មួយ​ធ្វើការ​តែពីស​តែពាស ប្រាសចាក​អំពី​គោលការណ៍​ច្បាប់ អាហ្នឹង​មិនមែន​ទេសកម្មភាព​របស់​គណបក្ស​ប្រជាជន​ត្រូវ​តែ​ធ្វើ​ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន​រាល់​សកម្មភាព​ទាំងអស់​នេះ មិនមែន​អាស្រ័យ​លើ​បក្ស​ណា​មួយ​ទេ យើង​ផ្អែក​លើ​គោលការណ៍​កម្មវិធី​នយោបាយ​របស់​គណបក្ស​»​។

លោក សួស យ៉ារ៉ា តំណាងរាស្ត្រ​ជាប់ឆ្នោត​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ថា​ទោះបី​ជា​ក្នុង​សភា​មាន​បក្ស​តែ​មួយ ប៉ុន្តែ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​នឹង​ពិចារណា​ទទួល​យក​ធនធាន​មនុស្ស​ដែល​មកពី​គណបក្ស​ផ្សេង​ទៀត​ដែល​មិន​ទទួល​បាន​អាសនៈ​នៅក្នុង​រដ្ឋសភា​។

លោក​ថ្លែង​ថា​៖ «​រដ្ឋសភា​យើង​ធ្វើ​ដំណើរ​ទៅតាម​ឆន្ទៈ​ប្រជាពលរដ្ឋ ប៉ុន្តែ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​នឹង​បង្កើត​ឡើង​ដែល​សម្ដេច​ដឹកនាំ​នេះ ក៏​មិន​ប្រាកដថា​យក​បក្ស​តែ​មួយ​ដែរ គឺ​យើង​ស្វាគមន៍​ធនធាន​មនុស្ស​មកពី​គណបក្ស​ដទៃ បន្ទាប់​នៅពេល​ដែល​រដ្ឋសភា​ត្រូវ​បាន​បង្កើត​ហើយ​»​។

ការលើក​ឡើង​របស់​លោក យ៉ារ៉ា គឺ​ស្រប​គ្នា​នឹង​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​កាលពី​ថ្ងៃ​ពុធ​បានប្រកាស​ផ្តួចផ្តើម​គំនិត​ក្នុង​ការបង្កើត​ «​វេទិកា​ពិគ្រោះ​យោបល់​» ​ជាមួយ​គណបក្ស​តូចៗ​ក្នុង​​រូប​ភាព​ជា​ «​វប្បធម៌​សន្ទនា​» ​នៅ​វិមាន​សន្តិភាព​។ លោក​ក៏​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​អញ្ជើញ​មេដឹកនាំ​គណបក្សនយោបាយ​ផ្សេង​ទៀត​ឲ្យ​ធ្វើជា​ទីប្រឹក្សា​តាម​ក្រសួង​នានា របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​ថែម​ទៀត​ដែរ​។

លោក យ៉ារ៉ា បញ្ជាក់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​គណបក្ស​ប្រកាន់​យក​ «​ប្រជាធិបតេយ្យ​និយម​កណ្ដាល​» ​ដែល​មាន​លក្ខណ​ពិសេស​ខុសពី​បណ្ដា​ប្រទេស​សង្គមនិយម​ដែល​មាន​គណបក្ស​តែ​មួយ​គ្រប់គ្រង​ប្រទេស​។ លោក​ថា​ CPP មាន​លក្ខណៈ​ពិសេស ៣ យ៉ាង​គឺ ទី​ ១ កម្ពុជា​មាន​ការ​បោះឆ្នោត​ជា​ទៀងទាត់​រៀងរាល់​ ៥ ឆ្នាំ​ម្ដង ទី​ ២ កម្ពុជា​អនុវត្ត​សេដ្ឋកិច្ច​ទីផ្សារសេរី ដែល​មាន​ការប្រកួត​ប្រជែង និង​ទី​ ៣ អនុញ្ញាត​ឲ្យ​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​។

គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា​បើ​ទោះបី​ជា​នៅក្នុង​សភា​គ្មាន​គណបក្ស​នយោបាយ​ផ្សេង​ក្រៅពី​ CPP ក៏ដោយ ក៏​ខ្លួន​នៅ​ដំណើរការ​តាម​នីតិវិធី​ច្បាប់ ហើយ​នឹង​កោះអញ្ជើញ​រដ្ឋមន្ត្រី​មក​សាកសួរ​ដូច​អាណត្តិ​មុន​ដែរ ហើយ​តំណាង​គណបក្ស​ប្រជាជន​ក៏​ហាក់​មិន​ព្រួយ​លើ​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ​ដែរ​។

នៅពេល​ត្រូវ​បាន​សួរ​ពី​លទ្ធភាព​ក្នុង​ការ​ដោះលែង​អតីត​មេបក្ស​ប្រឆាំង​លោក​ កឹម សុខា ក្រោយ​ជាប់​ឆ្នោត​មន្ត្រី​ CPP ថា​ពួកគេ​មិន​អាច​ជ្រៀតជ្រែក​​ចូល​កិច្ចការ​តុលាការ​បាន​ទេ​។

លោក​ អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា​កម្ពុជា​កំពុង​តែ​ធ្វើដំណើរ​បន្ដិច​ម្ដងៗ​ទៅ​រក​សម័យមុន​ឆ្នាំ​ ១៩៩១ ដែល​ពេលនោះ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ប្រកាន់​របប​កុម្មុយនីស្ត គ្រប់គ្រង​ដោយ​គណបក្ស​តែ​មួយ​។

លោក​ថ្លែង​ថា​៖ «​ការបោះឆ្នោត​នេះ​បង្ហាញ​ថា ក្លាយ​ជា​បក្ស​តែមួយ​ហើយ ទាំង​ព្រឹទ្ធសភា ទាំង​រដ្ឋសភា ទាំង​រដ្ឋាភិបាល​ដូច្នេះ វា​នៅ​ក្រោម​ការដឹកនាំ​របស់​បក្ស​តែ​មួយ ហើយ​ចង់​ ឬ​មិន​ចង់​អ្វី​ដែល​ចេញពី​បក្ស​គឺ​រដ្ឋ​ជា​អ្នក​អនុវត្ត ដូចជា​នៅ​សម័យ​កុម្មុយនីស្ត​អ៊ីចឹង​។ សម័យ​កុម្មុយនីស្ត​រដ្ឋ​នៅ​ក្រោម​បក្ស ដូច្នេះ​វា​វិលត្រឡប់​ទៅ​រក​អាហ្នឹង​ដូច​គ្នា​»​។

លោក​បន្ត​ថា​៖ «​មែនទែន​ទៅ​យើង​បាន​ចូលរួម​ក្នុង​លទ្ធិប្រជាធិបតេយ្យ វា​អត់​មាន​អី​ខុស​ពី​ហ្នឹង​ទេ​។ កាលណា​យើង​បង្ហាញ​ពី​ការមិន​ពេញចិត្ត​របស់​យើង ទោះបី​ជា​ចូល​ ឬ​មិន​ចូល​ (​ប្រជុំ​សភា​) វា​បាន​បង្ហាញ​ថា​ឆន្ទៈ​គណបក្ស​ប្រឆាំង​ដែល​មិន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​គេ​កំពុង​ធ្វើ​ហ្នឹង គេ​បង្ហាញ​តាម​បែប​ហ្នឹង​។ យើង​ពហិការ វា​គឺជា​គោលការណ៍​ប្រជាធិបតេយ្យ ជា​របប​ប្រជាធិបតេយ្យ វា​ចេញ​មក​​អ៊ីចឹង​ហើយ​»​។

លោក Paul Chambers សាស្ត្រាចារ្យ និង​ទីប្រឹក្សា​ពិសេស​សម្រាប់​កិច្ចការ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Naresuan University ថ្លែងថា​សន្និសីទ​កាសែត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​ការប្រមាថ​ដ៏គួរ​ឱ្យ​អស់​សំណើច​ចំពោះ​ប្រជាជន​កម្ពុជា​ដែល​ខិតខំ​ប្រឹង​ធ្វើការ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​។

ការបោះឆ្នោត​កាលពី​ខែ​កក្កដា​ឆ្នាំ​ ២០១៨ ​គណបក្ស​ប្រជាជន​បាន​ឈ្នះ​ការបោះឆ្នោត​ ១០០% ដែល​ក្តោបក្តាប់​អាសនៈ​សភា​ទាំង​ ១២៥ មិន​អាច​ធ្វើ​ទៅ​រួច​ទេ​បើ​គ្មាន​ការចាត់ចែង​ប្រព័ន្ធ​បោះឆ្នោត​របស់​រដ្ឋាភិបាល និង​ឲ្យ​តុលាការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏ធំ​តែ​មួយ​គត់​របស់​កម្ពុជា​។

គណបក្ស​ប្រជាជន​កម្ពុជា​ពិតជា​ប្រមាថ​អ្នក​រិះគន់​ការបោះឆ្នោត​ពីព្រោះ​គណបក្ស​ប្រជាជន​ក្តាប់​អំណាច ដោយ​ការចំណាយ សុខុមាលភាព​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​»៕ NS