ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​ពី​គណបក្ស​កាន់​រដ្ឋាភិបាល​កាលពី​ម្សិលមិញ​បាន​ប្រតិកម្ម​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​របស់​​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន​ដែល​បាន​ជំរុញ​សេចក្ដីព្រាង​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​ ២០១៨ ​ក្នុង​បំណង​ដាក់​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ និង​ការធ្វើ​​ដំណើរ​ដល់​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ក្រោយពី​តំណាងរាស្ត្រ​អាមេរិក​លោក ថិត យ៉ូហូ (Ted Yoho) ប្រធាន​អនុគណៈកម្មាធិការ​កិច្ចការ​បរទេស​ទទួល​បន្ទុក​កិច្ចការ តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក មិន​មាន​តួនាទី​ និង​អំណាច​អ្វី​ដាក់​បន្ទុក​ធ្ងន់​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ទេ គេ​គ្រាន់​តែ​ជា​បុគ្គល​ម្នាក់​ជា​អាយ៉ង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​កាលពី​ចុង​ឆ្នាំ​មុន​តែ​ប៉ុណ្ណោះ​។

លោក ឥសាន ថ្លែង​ថា​៖ «​វា​គ្មាន​អ្វី​ចម្លែក​ទេ​ថា​មេខ្លោង​នៃ​ក្បាលម៉ាស៊ីន​បដិវត្តន៍​ពណ៌​នោះ​វា​តែងតែ​កាន់​ជើង​អាយ៉ង​របស់​ខ្លួន​ជា​រឿង​ធម្មតា​ខ្ញុំ​យល់​ថា​វា​គ្មាន​ទម្ងន់​អី​ដែល​ចេញ​ជា​លទ្ធផល​ដូច​បំណង​ប្រាថ្នា​ដែល​គាត់​ចង់​បាន​នោះ​ទេ​។ គាត់​គ្រាន់​តែ​មាន​គំនិត​ផ្តួចផ្តើម​វា​នៅ​ឆ្លង​នីតិវិធី​ច្រើន​ទៀត​ហើយ​គាត់​ក៏​មិន​មាន​ទម្ងន់​ស្អី​នៅក្នុង​រដ្ឋសភា​អាមេរិក​ក៏​ដូច​ព្រឹទ្ធសភា​​អាមេរិក​ទេ​គាត់​មិន​អាច​សម្រេច​តាម​ការ​ចង់​បាន​របស់​គាត់​ទេ​។ ​ហើយ​គាត់​និយាយ​នេះ​វា​ខុស​ពី​ការពិត​ទាំង​ស្រុង​អំពី​ការប្រើ​តុលាការ​ដើម្បី​គាបសង្កត់​បក្សប្រឆាំង​ ឬ​មន្ត្រី​អតីត​ប្រឆាំង​គឺជា​ការខុស​ការពិត​»​។

សេចក្ដី​ថ្លែងការណ៍​របស់​តំណាងរាស្ត្រ​នៃ​សហរដ្ឋអាមេរិក​រូបនេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១០ ឧសភា​បាន​អះអាង​ថា​នឹង​ដាក់​សំណើ​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​ឆ្នាំ​ ២០១៨ ​នៅ​កម្ពុជា​ក្នុង​គោលបំណង ប្រឆាំង​នឹង​អំពើ​បំផ្លិច​បំផ្លាញ​ប្រជាធិបតេយ្យ និង​អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ច្បាប់​នេះ​នឹង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​លទ្ធភាព​ក្នុង​ការតស៊ូ​ដើម្បី​ប្រជាធិបតេយ្យ ពីព្រោះ​វិធានការ​ច្បាប់​នេះ​នឹង​អាច​បំបែក​អំណាច​ប្រមូលផ្តុំ​នៃ​របប​លោក ហ៊ុន សែន បាន​។

មេដឹកនាំ​បក្សប្រឆាំង​លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ឃុំ​អស់​រយៈពេល​ជាង ៨ ​ខែ​មក​ហើយ​ចាប់​តាំង​ពី​ដើម​ខែ​កញ្ញា​ឆ្នាំ​មុន​ដោយ​ជាប់​ចោទ​ពីបទ «​ក្បត់ជាតិ​» និង​ប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​តាមរយៈ​ការឃុបឃិត​ជាមួយ​បរទេស និង​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល រំលាយ​ចោល កាលពី​ចុង​ឆ្នាំ​ ២០១៧ ក្រោយពី​គណបក្ស​ប្រឆាំង​មួយ​នេះ​បាន​ទទួល​សំឡេង​គាំទ្រ​ច្រើន​នៅក្នុង​ការបោះឆ្នោត​ឃុំ-សង្កាត់​កាលពី​ខែ​មិថុនា ឆ្នាំ​ ២០១៧​។

សហគមន៍​អន្តរជាតិ​មួយ​ចំនួន​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​អតីត​បក្ស​សង្គ្រោះ​ជាតិ​អាច​ចូលរួម​ការបោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​នេះ ទន្ទឹម​គ្នា​នឹង​រដ្ឋាភិបាល​បាន​ប្រកាស​ម្តង​ហើយ​ម្ដង​ទៀត​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​គ្មាន​ថ្ងៃ​អាច​រស់​ឡើង​វិញ​បាន​នោះ​ឡើយ​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា​អ្នក​នយោបាយ​ខ្មែរ​ពិសេស​មន្ត្រី​គណបក្ស​កាន់​អំណាច​តែងតែ​និយាយ​រិះគន់​ពី​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ពី​សហគមន៍​អន្តរជាតិ​ ប៉ុន្តែ​ត្រូវ​យល់​ថា​គេ​មិន​ជ្រៀតជ្រែក​ទេ​តែ​វា​ជា​ច្បាប់​ ឬ​គោលនយោបាយ​ការបរទេស​របស់​គេ​ពេលណា​កម្ពុជា​ខុស​ពី​លក្ខន្តិកៈ​ដែល​គេ​ដាក់​ហ្នឹង​គេ​ត្រូវ​តែ​កែ​គោលនយោបាយ​របស់​គេ​ហើយ​។

លោក ច័ន្ទរ័ត្ន ថ្លែង​ថា​៖ «​ខ្ញុំ​ជឿ​ថា​ទោះ​ជា​តំណាងរាស្ត្រ​ថា្នក់​ណា​ក៏ដោយ​ពីព្រោះ​ប្រទេស​គេ​ប្រជាធិបតេយ្យ​គេ​ស្តាប់​ទោះបី​មតិ​ភាគ​តិចក្តី​ច្រើន​ក្តី​ហើយ​គេ​យក​យោបល់​មក​ជជែក​គ្នា​ និង​ពិភាក្សា​បើ​មាន​ផលប្រយោជន៍​ទោះបី​តំណាងរាស្ត្រ​ហ្នឹង​តូច​ក៏ដោយ​ក៏​គេ​ធ្វើ​តាម​ដែរ​។ ទោះបី​យ៉ាង​ណា​ក៏ដោយ​កាលណា​មាន​តំណាងរាស្ត្រ ឬ​មាន​សមាជិក​ព្រឹទ្ធសភា​គេ​ធ្វើ​ច្បាប់​ក្តី ឬ​គេ​កែ​គោលនយោបាយ​ក្តី​ដើម្បី​ដាក់​សម្ពាធ​មក​លើ​យើង​វា​នឹង​ផ្តល់​ភាព​អាម៉ាស់​មក​លើ​យើង​។ ​ទោះបី​គេ​ធ្វើ​មិន​បាន​សម្រេច​​ក៏ដោយ តែ​អ្វី​ដែល​គេ​ធ្វើ​វា​បានឮ​ដល់​ពិភពលោក​ហើយ​វា​ធ្វើឲ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​ជាតិ​។ ប្រសិន​ច្បាប់​ចេញ​រួច​វា​នឹង​ប៉ះពាល់​ដល់​កម្ពុជា​ពីព្រោះ​អាមេរិក​បាន​ថ្កោលទោស និង​ដាក់​សម្ពាធ​ដល់​ប្រទេស​ជាច្រើន​រួច​មក​ហើយៗ​វា​អាច​មាន​បញ្ហា​ដល់​បុគ្គល​ថ្នាក់ដឹកនាំ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​។

ខណៈ​លោក ផូល ចែបប៊័រ សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Naresuan University នៅក្នុង​ប្រទេស​ថៃ​បាន​ថ្លែង​ថា​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​ ២០១៨ មាន​ន័យ​ដល់​ការដែល​សម្ញែង​ដើម្បី​ដាក់ទោស​ដល់​កម្ពុជា​ជាមួយ​នឹង​ការដាក់​ទណ្ឌកម្ម​ពី​ការរំលោភ​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​នោះ វា​ធ្វើឲ្យ​ងាយស្រួល​ដល់​លោក ហ៊ុន សែន ខិត​ទៅ​រក​ចិន​ជិត​ជាង​មុន​៕