ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា (CPP) ទទួលបានសំឡេងឆ្នោតច្រើនជាងគេលើសលប់ នៅក្នុងការបោះឆ្នោតអសកលជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីម្សិលមិញ ដោយសារតែគណបក្សកាន់អំណាចមួយនេះមានអង្គបោះឆ្នោតច្រើនជាងគេ។ នេះបើតាម លោក ទេព នីថា អគ្គលេខាធិការ គជប និងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
លោក ទេព នីថា បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីយប់មិញថា ការប្រកាសលទ្ធផលបឋមរបស់ គជប គឺវាគ្រាន់តែជាព័ត៌មានទេ មិនមានសរុបលទ្ធផលច្បាស់ថា គណបក្សណាទទួលបានអាសនៈប៉ុន្មាននោះឡើយ។
ប៉ុន្តែទោះយ៉ាងណា លោកបានបញ្ជាក់ថា៖ «ជាទូទៅ យើងដឹងទាំងអស់គ្នាហើយ អ្នកបោះឆ្នោតភាគច្រើនគណបក្សប្រជាជន។ អ៊ីចឹងទេ សំឡេងឆ្នោតវាបានច្រើនជាងគេទៅគណបក្សប្រជាជន។ ប៉ុន្តែប៉ុន្មានៗ ខ្ញុំអត់ទាន់ដឹងទេ គេកំពុងបូកសរុប»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ដំណើរការនៃការបោះឆ្នោត និងការរាប់សន្លឹក ឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៣ ឆ្នាំ ២០១៩ កាលពី ម្សិលមិញបានប្រព្រឹត្តទៅដោយរលូន គ្មានការរាំងស្ទះគ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ។
លោក នុត សុខុម អនុប្រធាន គជប ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលម្សិលមិញថា ការិយាល័យបោះឆ្នោតទូទាំងប្រទេសដែលមានចំនួន ២០៣ ការិយាល័យបានបើកឱ្យដំណើរការព្រមៗគ្នានៅម៉ោង ៧ ព្រឹកដោយគ្មានការរាំងស្ទះ ហើយដោយសារអ្នកបោះឆ្នោតគឺជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងមុខតំណែង ដូចនេះមានការិយាល័យបោះឆ្នោតមួួយចំនួនធំ ត្រូវបានបិទបញ្ចប់មុនពេលកំណត់ដោយសារអ្នកបោះឆ្នោតបានមកបោះឆ្នោតគ្រប់ចំនួន។
លោកថា៖ «ក្នុងចំណោមអង្គបោះឆ្នោត ដែលអវត្តមាន គឺមានចំនួន ៧ នាក់មានម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ៦ នាក់ទៀត អវត្តមានដោយមិនដឹងមូលហេតុ»។
បើតាម គជប គិតត្រឹមម៉ោង ១០:៣០ ព្រឹកម្សិលមិញក្នុងចំណោមការិយាល័យបោះឆ្នោតទាំង ២០៣ ការិយាល័យ មានការិយាល័យបោះឆ្នោតចំនួន ១៩៦ ការិយាល័យ ត្រូវបានបិទបញ្ចប់មុនពេលកំណត់និងការិយាល័យបោះឆ្នោត ចំនួន ៧ ទៀតមិនទាន់បិទដោយសារមានអ្នកមិនទាន់បានបោះឆ្នោតចំនួន ១០ នាក់ ក្នុងនោះមានអ្នកបោះឆ្នោត ចំនួន ១ នាក់ បានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ (ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ) និងមានការិយាល័យរាប់សន្លឹកឆ្នោតចំនួនជាង ៥០ ភាគរយ បានបញ្ចប់ការរាប់សន្លឹកឆ្នោត។
យុវជន សៀម សុខហេង អាយុ ២៦ ឆ្នាំ ជាអ្នកសង្កេតការណ៍បោះឆ្នោតម្នាក់ មកពីសមាគមនិស្សិតបញ្ញវន្តក្មេងវត្តដែលសមាគមនេះ បានដាក់អ្នកសង្កេតការណ៍នៅមណ្ឌលបោះឆ្នោតទាំង ១៤ ខណ្ឌក្នុងរាជធានីភ្នំពេញ បាននិយាយថា ស្ថានភាពនៃការបោះឆ្នោត បានដំណើរការដោយល្អ ហើយអ្នកបោះឆ្នោត បានមកដល់ការិយាល័យតាំងពីមុនម៉ោង ៧ ព្រឹកជាហេតុធ្វើឲ្យការបោះឆ្នោតតាមការិយាល័យភាគច្រើន បានបញ្ចប់ទៅយ៉ាងលឿន។
លោកបញ្ជាក់ថា៖ «ដំណើរការរៀបចំរបស់ គជប ក្នុងការបោះឆ្នោតនេះ គឺល្អ ហើយអង្គបោះឆ្នោត ផុលផុសមកចូលរួមការបោះឆ្នោត»។
លោក ម៉ែន នួន ជាក្រុមប្រឹក្សាសង្កាត់ទួលស្វាយព្រៃទី ១ កូតាគណបក្សប្រជាជនបានថ្លែងបន្ទាប់ពីចេញពីការិយាល័យបោះឆ្នោតនៅសាលាយុគន្ធរក្នុងខណ្ខបឹងកេងកងថា៖ «វាសំខាន់ណាស់ ខ្ញុំមកបោះឆ្នោត ព្រោះវាជាកិច្ចការដើម្បីដឹកនាំឃុំ សង្កាត់យើងឲ្យបានល្អ។ ព្រោះតែអត់មានក្បាលម៉ាស៊ីន គឺវាពិបាក អ៊ីចឹងការរើសក្បាលម៉ាស៊ីនដឹកនាំនេះ សំខាន់ណាស់ ក្នុងការពិគ្រោះយោបល់ ហើយមានបញ្ហាអ្វី ពួកគេនឹងជួយយើង»។
ការបោះឆ្នោតពីម្សិលមិញមានគណបក្សចូលរួមប្រកួតប្រជែងចំនួន ៧ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សសញ្ជាតិកម្ពុជា។ បេក្ខភាពឈរឈ្មោះបោះឆ្នោតមកពីគណបក្សនយោបាយទាំង ៧ នោះ មានចំនួនសរុប ២១ ៦៩២ នាក់ ខណៈអង្គបោះឆ្នោត ឃុំ សង្កាត់ពេញសិទិ្ធទូទាំងប្រទេសមានចំនួន ១១ ៥៧២ នាក់។
សម្រាប់អាសនៈសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវបោះឆ្នោតជ្រើសរើសមានសរុប ៤ ១១៤ អាសនៈ ក្នុងនោះអាសនៈក្រុមប្រឹក្សារាជធានី-ខេត្តទាំង ២៥ មានចំនួន ៥៥៩ អាសនៈ និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌចំនួន ២០៣ មានអាសនៈចំនួន ៣ ៥៥៥ អាសនៈ។
បើតាម គជប ការប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ នឹងប្រកាសនៅថ្ងៃទី ៣១ ខែ ឧសភា ខណៈលទ្ធផលផ្លូវការ នឹងត្រូវប្រកាស នៅថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៩។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនថ្លែងថា ការឈ្នះ ១០០ % របស់គណបក្សប្រជាជនក្នុងលទ្ធផលឆ្នោតគ្រប់មណ្ឌលដែលបានឈរឈ្មោះទូទាំងប្រទេសនេះ ព្រោះតែអង្គបោះឆ្នោត កើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ដែលបោះឆ្នោតជូនគណបក្សប្រជាជន។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ដែរថា សមាជិកក្រុមប្រឹក្សាមកពីគណបក្សប្រជាជននឹងបន្តដឹកនាំក្នុងអាណត្តិថ្មីបន្តទៀត។
លោកបញ្ជាក់ថា៖ «ការពិតហើយ យើងមិនពិបាកគិតទេ ពីព្រោះអង្គបោះឆ្នោត អ្នកមានចំនួនប៉ុន្មាន ហើយគណបក្សណា មានចំនួនប៉ុន្មាន ហើយឈរកន្លែងមណ្ឌលណាខ្លះ។ ចែកទៅ មិនចាំបាច់លទ្ធផលប្រកាសពី គជប ទេ។ ការដឹកនាំអាណត្តិថ្មី គឺច្បាស់ហើយ ដឹកនាំដោយសមាជិកក្រុមប្រឹក្សា មកពីគណបក្សប្រជាជនកម្ពុជា តែអាចមានគណបក្សដទៃម្នាក់ ២ នាក់ដែរ ចូលទៅក្នុងក្រុមប្រឹក្សា ព្រោះមានគណបក្សមួយចំនួន ៣-៤ ទៅ ៥ ដែលចូលរួមប្រកួតប្រជែង ហើយក៏មានអង្គបោះឆ្នោតដែរ តែមានចំនួនតិច»។
លោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ដែលគ្មានអង្គបោះឆ្នោត បាននិយាយថា ការបោះឆ្នោតនេះគឺមានភាពល្អប្រសើរ ត្រឹមត្រូវ ហើយលោកពេញចិត្តចំពោះលទ្ធផលនេះ។ «គ្រាន់តែថា លទ្ធផលដែលចេញមក យើងមានការសោកស្តាយ ព្រោះថា អង្គបោះឆ្នោត មិនបានគិតគូរពិចារណាជ្រើសរើសយកពហុបក្ស ដើម្បីចូលរួមក្នុងការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិរបស់ខ្លួន។ ដូច្នេះគណបក្សតែមួយបន្តកាន់កាប់ការងារនេះ ដោយឯងៗ ដោយឯកបក្ស ដែលធ្វើឲ្យស្ថានភាព និងការអភិវឌ្ឍនឹងមិនមានប្រសិទ្ធភាពនោះទេ»។
លោក សម រង្ស៊ី អតីតប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានបង្ហោះសារលើហ្វេសប៊ុករបស់លោកដោយចាត់ទុកការបោះឆ្នោតនេះថា ជាការបោះឆ្នោត «ក្លែងក្លាយ» ដែលនាំមកនូវប្រព័ន្ធឯកបក្ស ហើយក៏មិនខុសពីការបោះឆ្នោតចំនួន ២ លើកកន្លងមកដែរ។
ការបោះឆ្នោតទាំង ៣ លើក ដែលលោក សម រង្ស៊ី ចាត់ទុកជាការបោះឆ្នោត «ក្លែងក្លាយ» គឺការបោះឆ្នោតព្រឹទ្ធសភា នៅថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៨ ការបោះឆ្នោតតំណាងរាស្ត្រ នៅថ្ងៃ ២៩ កក្កដា ២០១៨ និងការបោះឆ្នោតពីម្សិលមិញ។
លោកបញ្ជាក់ថា៖ «ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌនេះ ជាការបោះឆ្នោតក្លែងក្លាយ លើកទី ៣ នៅកម្ពុជា បន្ទាប់ពីរបប ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិ ដោយអត្តនោម័ត នៅថ្ងៃ ១៦ វិច្ឆិកា ២០១៧»។
ប៉ុន្តែ លោក សុខ ឥសាន ឆ្លើយតបថា ការបោះឆ្នោតនេះ គឺប្រព្រឹត្តទៅស្របតាមច្បាប់កម្ពុជា ដែលបង្ហាញថា ត្រឹមត្រូវមិនដូចការលើកឡើងរបស់លោក សម រង្ស៊ី នោះទេ។ «ខ្ញុំមិនចង់ឆ្លើយចំពោះមនុស្សក្រៅច្បាប់ ដែលព្យាយាមនិយាយពីច្បាប់ហ្នឹងទេ។ ការបោះឆ្នោតហ្នឹង គឺអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត និងដំណើរការអនុវត្តតាមគោលការណ៍ នីតិវិធី បទបញ្ជា របស់ គជប។ អ៊ីចឹងការបោះឆ្នោតនេះ គឺជាការបោះឆ្នោតត្រឹមត្រូវ មិនមែនក្លែងក្លាយទេ។ អាអ្នកថាហ្នឹង (សម រង្ស៊ី) ទេក្លែងក្លាយ»៕
វីដេអូ៖