
លោក ហ៊ុន សែន និងសហការីក្នុងចលនាតស៊ូ២ធ្នូ។ រូបថត AKP
ភ្នំពេញៈ ក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ១៩ បានបង្ខំឱ្យគណបក្សប្រជាជនកម្ពុជាលុបចោលការប្រារព្ធពិធីប្រមូលផ្ដុំគ្នាទ្រង់ទ្រាយធំជាផ្លូវការ ដើម្បីអបអរថ្ងៃកំណើតចលនារំដោះជាតិ និងប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ដែលលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាហៅថា «ជាសធម៌នៃប្រវត្តិសាស្ត្រ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងឱ្យដឹងកាលពីម្សិលមិញថា ស្របតាមកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ១៩ ថ្នាក់ដឹកនាំគណបក្សនៅតាមខេត្ត ស្រុក ឃុំ គ្រាន់តែជួបជុំសំណេះសំណាលគ្នានៅតាមទីស្នាក់ការគណបក្សក្នុងទ្រង់ទ្រាយដែលមានមនុស្សតិចដើម្បីអបអរសាទរខួបលើកទី ៤២ នៃថ្ងៃបង្កើតរណសិរ្ស ២ធ្នូ ឆ្នាំ ១៩៧៨។
លោក សុខ ឥសាន ថ្លែងថាកម្ពុជាតែងប្រារព្ធខួប ២ ធ្នូ មានការជួបជុំគ្នាច្រើននៅបរិវេណវិមានអនុស្សាវរីយ៍ ២ធ្នូ ដោយមានការចូលរួមពីនាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភា និងរដ្ឋសភាដោយមានការប្រគំតន្ត្រី និងសម្តែងសិល្បៈ ឬរៀបចំព្រឹត្តិការណ៍ទាក់ទងនឹងដំណើរទៅបង្កើតរណសិរ្យ ២ធ្នូ។
ទោះយ៉ាងណាក៏ដោយលោក ហ៊ុន សែន បានសរសេរសារនៅលើហ្វេសប៊ុករបស់លោកថា៖ «ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២០ នេះគឺជាខួប ៤២ ឆ្នាំនៃថ្ងៃកំណើតចលនារំដោះជាតិ និងជីវិតប្រជាពលរដ្ឋកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេសដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀតក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩»។
លោក ហ៊ុន សែន បញ្ជាក់ថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នត្រូវបានដូរឈ្មោះជា រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជាបានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរហូតដល់ទទួលបានជ័យជម្នះនាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។
លោក ហ៊ុន សែន បានឱ្យដឹងថា៖ «មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុតដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារ កសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧មករា ទេនោះក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌នៃប្រវត្ដិសាស្ដ្រ»។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានថ្លែងថា ថ្ងៃ ២ ធ្នូ គឺជាទិវាមួយមានភាពជិតស្និទ្ធជាមួយ CPP ច្រើនជាងសម្រាប់ប្រជាពលរដ្ឋទូទៅ។
លោកថ្លែងថា៖ «យើងគួរតែរៀនប្រវត្តិសាស្ត្រហ្នឹងជាមេរៀន ហើយដកស្រង់ចំណុចល្អ ដែលអាចយកមកប្រើប្រាស់សម្រាប់បច្ចុប្បន្ន និងអនាគត និងពិនិត្យមើលចំណុចអវិជ្ជមាន គុណវិបត្តិ និងចំណុចមិនសូវល្អដែលត្រូវគួរចៀសវាង បច្ចុប្បន្ន និងពេលអនាគត»៕