ក្រចេះ: ជាមួយនឹងសំឡេងភ្លេងដ៏រន្ធត់ និងក្រុមបុរសដែលចងក្រមានឹងចង្កេះ ប្រដាប់ដោយអាវុធ គល់ឫស្សីក្នុងឯកសណ្ឋាននៃរបបប្រល័យពូជសាសន៍ខ្មែរក្រហមត្រូវបានសម្ដែងឡើងវិញដោយបង្ហាញពីសកម្មភាពនានានៃការសម្លាប់រង្គាលក្នុងទម្រង់ផ្សេងៗគ្នា ដូចជាការសម្លាប់ដោយប្រើដងចបកាប់ ប្រើកាំបិតអារក និងចាក់សម្លាប់ ប្រើថង់ប្លាស្ទិកគ្របក្បាល ប្រើគល់ឫស្សី។
បន្ទាប់មកបន្តិចក៏មានកងកម្លាំងនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលប្រដាប់ដោយអាវុធបានវាយសម្រុករំដោះពលរដ្ឋខ្មែរឲ្យរស់រានមានជីវិតឡើងវិញ។ ឈុតឆាកនៃការសម្ដែងឡើងវិញនេះមានចំណងជើងថា «ឈាម និងទឹកភ្នែក» បំណងដើម្បីរំឭក និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤០ «ទិវាកំណើតរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ២ ធ្នូ» ដែលត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងស្រុកស្នួល ខេត្តក្រចេះ ដែលមានអ្នកចូលរួមប្រមាណ ២ ម៉ឺននាក់។
លោក ប៉ាន់ខែម ប៊ុនថន ជំនួយការលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា៖ «ការសម្តែងល្ខោនខ្លីដែលមានចំណងជើងថា «ឈាម និងទឹកភ្នែក» បានបញ្ចប់ទៅក្រោមអារម្មណ៍មួយដែលធ្វើឲ្យប្រជាជនកម្ពុជាចងចាំមិនអាចបំភ្លេចបាននូវសោកនាដកម្មរយៈពេល ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃដែលរបបប្រល័យពូជសាសន៍បានប្រព្រឹត្តមកលើប្រជាពលរដ្ឋកម្ពុជា។
លោក ប៊ុនថន ថ្លែងថា៖ «បើគ្មាន ២ ធ្នូក៏គ្មាន ៧ មករា ហើយក៏គ្មានអ្វីដូចថ្ងៃនេះដែរ ដូច្នេះយើងជាប្រជាជនកម្ពុជាទាំងអស់នឹងចងចាំជានិច្ចមិនអាចបំភ្លេចបាននូវវីរភាពលះបង់តស៊ូរបស់រណសិរ្ស ២ ធ្នូក៏ដូចជាគណបក្សប្រជាជនកម្ពុជា។ យើងទាំងអស់គ្នាបន្តការពារសន្តិភាពដោយគាំទ្រគណបក្សប្រជាជនកម្ពុជាជានិច្ចនិរន្តរ៍»។
លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានស្ថាបនិករណសិរ្សបានថ្លែងទៅកាន់អ្នកចូលរួមប្រមាណ ២ ម៉ឺននាក់ក្នុងនោះមានប្រជាពលរដ្ឋ សិស្សានុសិស្ស មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធដោយបានអះអាងថា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤០ នៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាគឺធ្វើឡើងដើម្បីរំឭកការចងចាំនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាលយុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និង វីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
លោក ហេង សំរិន ថ្លែងថា៖ «ថ្ងៃទី ២ ធ្នូ ១៩៧៨ មិនត្រឹមតែជាថ្ងៃដែលកម្ពុជាបោះជំហានចេញពីភាពហិនហោចខ្លោចផ្សានោះទេ និងមិនត្រឹមតែបានបង្ហាញពីស្មារតីលះបង់ និងការរួបរួមកម្លាំងអ្នកតស៊ូស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែ ២ ធ្នូ ១៩៧៨ ក៏បានក្លាយទៅជាកញ្ចក់ប្រវត្តិសាស្ត្រដ៏សំខាន់ផងដែរ សម្រាប់កម្ពុជាយកធ្វើជាមេរៀនក្នុងការដឹកនាំប្រទេសជាតិ កុំឲ្យភ្លាំងភ្លាត់ធ្លាក់ក្នុងអន្លង់ប្រវត្តិសាស្ត្រនៃនរកអវចីជាថ្មីទៀត។ ខ្ញុំសូមអំពាវនាវដល់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ មន្ត្រីរាជការសមាជិកសមាជិកាដ៏សកម្មនៃរណសិរ្សគ្រប់ថ្នាក់ត្រូវតែបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ ថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិ»។
លោកបានថ្លែងថា របបកម្ពុជាប្រជាធិបតេយ្យ បានបង្ខំប្រជាជនកម្ពុជាឲ្យធ្វើការងារជាទម្ងន់ បង្អត់អាហារ គ្មានថ្នាំព្យាបាល ខ្វះសម្លៀកបំពាក់ គ្មានជម្រករស់នៅសមរម្យ បំបិទសិទ្ធិសេរីភាពគ្រប់យ៉ាង ពិសេសពួកឃាតករអាវខ្មៅបានបង្កើនការសម្លាប់ប្រជាជននៅក្នុងកម្ពុជាកាន់តែច្រើនឡើងៗនៅគ្រប់ទីកន្លែង ទូទាំងប្រទេស ពិសេសកម្មាភិបាលភូមិភាគបូព៌ាដោយឃើញអំពើព្រៃផ្សៃបង្កគ្រោះមហន្តរាយចំពោះជាតិ និងប្រជាជនបែបនេះហើយទើបប្រជាជន និងបណ្តាកម្លាំងអ្នកស្នេហាជាតិនៃគណបក្សប្រជាជនកម្ពុជាដែលនៅសេសសល់ពីការកាប់សម្លាប់នៃរបប ប៉ុល ពត បានក្រោកឈរតស៊ូប្រកបដោយវីរភាពអង់អាចក្លាហានប្រឆាំងនឹងរបបនេះ ហើយបានរួមគ្នាបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃ ២ ខែធ្នូ ឆ្នាំ ១៩៧៨។
លោកបានអះអាងថា៖ «ប្រសិនពេលនោះគណបក្សប្រជាជនកម្ពុជាមិនអាចរាំងស្កាត់បាននូវការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប្រជាជនកម្ពុជាពិតជាពុំអាចមានជីវិត និងមានអ្វីៗដូចថ្ងៃនេះបានឡើយ ប៉ុន្តែជាមួយនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងកម្លាំងសាមគ្គីរបស់ប្រជាជន គឺប្រទេសជាតិបានឆ្លងផុតបានយ៉ាងជោគជ័យពីគ្រោះគំរាមកំហែងទាំងអស់នោះ ដោយបានប្រឹងប្រែងងើបឈរឡើង ហើយបោះជំហានទៅមុខមួយជំហានម្តងៗក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសនយោបាយឈ្នះៗរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជា»។
លោក សំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្របានថ្លែងថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាពិតជាមានគុណូបការៈដ៏ឧត្តុង្គឧត្តមហើយនិងវីរជនខ្មែរដែលបានជួយសង្គ្រោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត បាននាំឲ្យប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍ។
លោកថ្លែងថា៖ «ការប្រឹងប្រែងរបស់វីរជនខ្មែរដែលប្រឹងប្រែងដើម្បីទាមទារ និងបង្កើតបាននូវចលនា ២ ធ្នូនេះគឺជាចំណែកមួយនៃការប្រឹងប្រែងបង្ហាញពីវីរភាពក្នុងការរំដោះប្រជាជនខ្មែរឲ្យចេញផុតពីការសម្លាប់បន្ត និងវេទនា ហើយធ្វើការអភិវឌ្ឍប្រទេសជាតិ និងការពារប្រទេសជាតិបានរក្សាឈ្មោះប្រទេសយើងរហូតមកទល់ពេលនេះ។ យើងឲ្យតម្លៃទៅលើការប្រឹងប្រែង និងការតស៊ូទាំងអស់នោះក្នុងនាមជាប្រជាជាតិខ្មែរ»។
«ដើម្បីទប់ស្កាត់របបនេះកុំឲ្យកើតឡើងវិញរាជរដ្ឋាភិបាលត្រូវពង្រឹង និងបង្កើតវិស័យអប់រំមេរៀនប្រវតិ្តសាស្ត្រនៅរបបនោះឲ្យកាន់តែទូលំទូលាយ ហើយប្រទេសកម្ពុជាត្រូវតែប្រឹងប្រែង»៕