ភ្នំពេញៈ ការសិក្សាស្រាវជ្រាវថ្មីមួយធ្វើឡើងដោយអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ រួមជាមួយសាកលវិទ្យាល័យម៉ាក់ហ្គៀលរបស់ប្រទេស កាណាដា ផ្សព្វផ្សាយពីម្សិលមិញបានបង្ហាញថា ការរៀបការដោយបង្ខំក្នុងរបបប្រល័យពូជសាសន៍ នៅតែបន្តមានឥទ្ធិពលអាក្រក់មកដល់បច្ចុប្បន្ន សម្រាប់ជនរងគ្រោះ បើទោះជាវាត្រូវបានកន្លងផុតរយៈពេល ៤០ ឆ្នាំហើយក្តី។
របាយការណ៍ស្រាវជ្រាវ និងបានសម្ភាសជនរងគ្រោះជាបុរស និងស្ត្រី ព្រមទាំងអ្នកពាក់ព័ន្ធជាង ១០០ នាក់ នៅក្នុងស្រុកគោលដៅចំនួន ២ គឺស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងស្រុកស្ទោង ខេត្តកំពង់ធំ បានបង្ហាញថា ការរៀបការដោយបង្ខំក្នុងសម័យនោះបានបន្សល់ទុកនូវភាពឈឺចាប់ និងភាពក្រីក្រតជំនាន់។
លោកស្រី ប៉ុក បញ្ញាវិចិត្រ នាយកប្រតិបត្តិអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ បាននិយាយថា បើទោះជាបច្ចុប្បន្នហាក់ត្រូវបានគេបំភ្លេចចោលក៏ដោយ តែសម្រាប់ជនរងគ្រោះ គឺនៅតែឈឺចាប់នៅក្នុងចិត្តរបស់ពួកគេ ហើយវាបន្តដល់ប្រព័ន្ធគ្រួសារទាំងមូលតែម្តង ព្រោះភាគច្រើននៃពួកគេមានកម្រិតសិក្សាទាប ហើយចាប់ផ្តើមពីបាតដៃទទេ ដូច្នេះច្រើនតែជួបឧបសគ្គនៅក្នុងជីវិតគ្រួសារ ខណៈគ្រួសារមួយចំនួន ឈានដល់ការបែកបាក់គ្នា។
លោកស្រីបញ្ជាក់ថា៖ «បើទោះរបបនេះបានចប់ ៤០ ឆ្នាំហើយ តែយើងមើលឃើញថា អ្នកនៅរស់ និងធ្លាប់បានឆ្លងកាត់ការចាប់បង្ខំរៀបការនេះ ពេលនឹកឃើញរឿងដើម ក៏នៅតែឈឺចាប់ មានទុក្ខសោកដែរ។ (ដូច្នេះ) ការសិក្សានេះ គឺមានសារៈសំខាន់ព្រោះនៅពេលដែលយើងរកឃើញហើយ តើយើងជួយគាត់យ៉ាងម៉េច? តើយើងអាចប្រឹក្សាយោបល់ឲ្យគាត់រំសាយពីទុក្ខសោក និងបង្កើតកម្មវិធីឆ្លើយតបផ្សេងៗ ដើម្បីជួយដល់ជីវភាពពួកគាត់»។
លោកស្រី មៀរាម ដេនូវ អ្នកសិក្សាតំណាងវិទ្យាល័យម៉ាក់ហ្គៀលរបស់ប្រទេសកាណាដា បាននិយាយថា ការសិក្សានេះ គឺដើម្បីស្វែងយល់ពីបទពិសោធ និងទស្សនៈនៃគ្រួសារដែលរងការប៉ះពាល់ដោយសារការរៀបការដោយបង្ខំក្នុងរបបប្រល័យពូជសាសន៍ ហើយក៏ដើម្បីឲ្យបានដឹងពីផលប៉ះពាល់យូរអង្វែងផងដែរ។
លោកស្រីអះអាងថា ជាទូទៅស្ត្រី និងបុរស ដែលបង្ខំឲ្យរៀបការក្នុងរបបនោះ ភាគច្រើនពួកគេ សុទ្ធតែត្រូវបានគំរាមកំហែងពីអាយុជីវិត ការឃ្លាំមើល ការចាកចេញពីគ្រួសារ និងការបំបែកបំបាក់ នៅពេលពួកក្លាយជាសហព័ន្ធនឹងគ្នាហើយក្តី។
លោកស្រីបញ្ជាក់ថា៖ «បើទោះជាយ៉ាងណាការសិក្សានេះបានបង្ហាញថា បើទោះជាមានការរៀបការដោយបង្ខំក្នុងសម័យនោះ ក៏គេសង្កេតឃើញថា បុរសនៅតែមានសិទ្ធិខ្លះ ក្នុងការជ្រើសរើសគូស្រកររបស់ខ្លួន តាមការស្នើតាមរយៈកម្មាភិបាលរបស់ពួកគេ ខណៈស្ត្រី គឺគ្មានសិទ្ធិ និងមិនអាចជំទាស់អ្វីបានទាំងអស់ ហើយការរៀបការនេះគឺអាស្រ័យលើចាត់តាំងទាំងអស់»។
មតិរបស់ជនរងគ្រោះមួយចំនួន ដែលបានបង្ហាញនៅក្នុងរបាយការណ៍ស្រាវជ្រាវនេះដោយមិនបញ្ចេញឈ្មោះបានឲ្យដឹងថា៖ «រឿងដែលពិបាកបំផុតនោះ គឺគ្មានសេរីភាព យើងធ្វើអ្វីខុស យើងអាចនឹងត្រូវគេសម្លាប់ចោល។ បើសិនយើងប្រកែកចំពោះការចាត់តាំងឲ្យរៀបការ។ គេមិនសួរចិត្តយើងមុនទេ ចំពោះការរៀបការរបស់យើង»។
សម្តីរបស់ស្ត្រីម្នាក់ទៀត៖ «អង្គការដូចជាឪពុកម្តាយយើងអ៊ីចឹង មើលពីលើយើង។ ត្រូវហើយ មានឈ្លបតាមមើលខ្ញុំនឹងប្តីខ្ញុំ។ ខ្ញុំខ្លាចគេដាក់ទោសណាស់។ ខ្ញុំនៅស្ងៀម ជាក់ស្តែង ខ្ញុំអត់ស្រឡាញ់ប្តីទេ»។
អ្នកស្រី ឡុង រ៉ន អាយុ ៦០ ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាស្ត្រីមេម៉ាយចិញ្ចឹមកូន ៧ នាក់ បានអះអាងប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា អ្នកស្រីជាគូស្នេហ៍មួយត្រូវបានគេចាប់បង្ខំឲ្យរៀបការនៅក្នុងរបបប៉ុលពត។
លោកស្រី រ៉ន ថ្លែងថា៖ «ពិតណាស់ ពួកយើងដែលត្រូវអង្គការបង្ខំឲ្យរៀបការ ម្នាក់ៗ គឺសុទ្ធតែខ្លាចការគំរាមសម្លាប់ព្រោះតែមានមនុស្សជាច្រើន ត្រូវបានអង្គការសម្លាប់ បន្ទាប់ពីពួកគេ បានបដិសេធនឹងការចាត់តាំងរបស់អង្គការ»។
លោកស្រី ថ្លែងទាំងអួលដើមកថា៖ «យើងពិតជាឈឺចាប់ នៅពេលប្រាប់ដល់កូនៗ ដែលពួកគេកើតមិនទាន់សម័យនេះ ហើយពួកគេមិនជឿថា យើងធ្លាប់ឆ្លងកាត់របបដ៏ឈឺចាប់ និងត្រូវបានបង្ខំឲ្យរៀបការទាំងមិនដែលបានស្គាល់ និងឃើញគ្នាពីមុនមក។ ការសិក្សាស្រាវជ្រាវនេះ គឺសំខាន់ណាស់សម្រាប់ពួកយើង ដែលបង្ហាញពីជីវិតរបស់ពួកយើងពិត។ ខ្ញុំអរណាស់នៅពេលគេបង្ហាញពីទុក្ខលំបាករបស់ខ្ញុំចេញ ព្រោះពីដើម ប្រាប់កូនៗ វាមិនជឿទេ»។
លោក នេត ភក្ត្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមបានឲ្យដឹងកាលពីម្សិលមិញថា បទបញ្ជាស្តីពីការរៀបចំអាពាហ៍ពិពាហ៍គឺជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយមួយចំនួនរបស់បក្ស កុម្មុយនីស្តកម្ពុជាដែលត្រូវបង្កើត និងអនុវត្តដើម្បីសម្រេចបាននូវការធ្វើបដិវត្តន៍សង្គមនិយមមួយនៅក្នុងប្រទេសកម្ពុជា និងដើម្បីការពារបក្សកុម្មុយនីស្តកម្ពុជាពីសត្រូវខាងក្នុង និងខាងក្រៅតាមគ្រប់មធ្យោបាយដែលចាំបាច់។
លោក ភក្ត្រា បានអះអាងថា ប្រជាជនត្រូវបានចាប់បង្ខំឱ្យរៀបការនៅទូទាំងប្រទេស កម្ពុជា ក្នុងអំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។ គោលនយោបាយនេះបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរជាច្រើនបានរងគ្រោះ និងទទួលរងនូវព្យសនកម្ម។ គោលដៅនៃគោលនយោបាយស្តីពីបទបញ្ជារៀបការគឺ ដើម្បីបង្កើនចំនួនប្រជាជនដើម្បីគ្រប់គ្រងទំនាក់ទំនងផ្លូវភេទក្រៅអាពាហ៍ពិពាហ៍។
ទោះបីជាយ៉ាងណាក៏ដោយ លោក នេត្រ ភក្ត្រា ថ្លែងថា៖ «ជនរងគ្រោះដែលបានដាក់ពាក្យបណ្តឹងពាក់ព័ន្ធនឹងអង្គហេតុរៀបអាពាហ៍ពិពាហ៍ដោយបង្ខំមានចំនួន ៧៧៦ នាក់។ ជនជាប់ចោទ នួន ជា និង ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះសាលាដំបូងរកឃើញថា មានការទទួលខុសត្រូវចំពោះបទចោទនេះក្នុងសំណុំរឿង ០០២/០។ បុរស និងស្ត្រី ជាច្រើនត្រូវបានចាប់បង្ខំឱ្យរៀបការនៅក្នុងរបបខ្មែរក្រហម»៕