ភ្នំពេញៈ អគ្គ​រដ្ឋ​ទូត​​ថ្មី​របស់​សហភាព​​អឺរ៉ុប​​ប្រចាំ​​កម្ពុជា នឹង​ត្រូវ​មកកាន់​តំណែង​នៅ​ការិយាល័យ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ដើម​ខែ​កញ្ញា​ខាងមុខ​ ដែល​ការ​ចូល​កាន់​តំណែង​នេះ​ធ្វើ​ឡើង​ចំពេល​ដែល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ជិត​ឈាន​ដល់​ការ​សម្រេច​ថា​ តើ​ត្រូវ​ព្យួរ​ ឬ​មិន​ព្យួរ?

លោក​ស្រី Federica Mogherini តំណាង​​ជាន់​​ខ្ពស់​​នៃ​​សហភាព​​អឺរ៉ុប​​ទទួល​​បន្ទុក​​គោល​​នយោបាយ​​ការ​​បរទេស និង​​សន្តិ​សុខ និង​ជា​​ស្នង​ការ​រង​ នៃ​គណៈកម្មការ​អឺរ៉ុបបាន​ប្រកា​ស​កាល​ពី​ថ្ងៃ​អង្គារ​នូវ​ការ​តែង​តាំ​ង​ជា​ច្រើន​ ដែល​ក្នុង​នោះ​មាន​ការតែង​តាំង​លោក​ស្រី Carmen Moreno ដែល​ជា​​ជន​ជាតិ​អេស្ប៉ាញ​ ឲ្យ​ធ្វើ​ជា​អគ្គ​រដ្ឋទូត​ថ្មី​រប​ស់​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា។

សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹង​ថា លោក​ស្រី Carmen More​no បច្ចុប្បន្ន​ គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់ ​នៃ​កិច្ច​ប្រជុំ​អាស៊ី​អឺរ៉ុប ហៅ​កាត់​ថា​ ASEM។ លោក​ស្រី​ក៏​ជា​តំណា​ង​ពិសេស ​នៃ​ក្រសួង​ការ​បរទេស​អេស្ប៉ាញ ​ប្រចាំ​ប្រទេស​អាហ្វហ្គានីស្ថាន និង​ប៉ាគី​ស្ថាន។ យោ​​ង​តាម​អា​ខោន Linked លោកស្រីក៏ធ្លាប់​ជាឯក​​អគ្គរាជ​​ទូត នៃ​ប្រទេស​អេស្ប៉ាញ​​​ប្រចាំ​ប្រទេ​ស ​​​ថៃ មីយ៉ាន់ម៉ា ឡាវ និង​កម្ពុជា​ផង​ដែរ កាល​ពី​ឆ្នាំ ២០១២។

លោក George Edgar អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ ប្រចាំ​កម្ពុជា​បច្ចុប្បន្ន​ បាន​ថ្លែង​ប្រាប់​តាម​អុីមែល​កាល​ពី​ថ្ងៃ​ព្រហ​ស្ប​តិ៍​​ម្សិល​មិញ​ថា រូប​លោក​នឹង​ចាកចេញ​ពី​កម្ពុជា​ នៅ​ចុង​ខែ​សីហា​ខាងមុខ​នេះ។​

លោក​ថ្លែង​ថា៖ «ខ្ញុំ​រំពឹង​ថា​ អ្នក​ស្នង​តំណែង​រប​ស់​ខ្ញុំ​ នឹង​មក​ដល់​នៅ​ដើម​ខែ​កញ្ញា​នេះ។ ការ​តែង​តាំង​លោក​ស្រីត្រូវ​បាន​ដាក់​ជូន​ទៅ​អាជ្ញា​ធ​​រ​​កម្ពុជា​រួច​ហើយសម្រាប់​ការ​ទទួល​ស្គាល់។ ខ្ញុំ​មិន​អាច​ធ្វើ​អត្ថា​​​ធិប្បាយ​បាន​ទេ​ អំពី​អ្នក​ស្នង​តំណែង​ខ្ញុំរហូត​ដល់​គាត់​ទទួ​ល​បាន​ការ​ទទួល​ស្គាល់​ពី​កម្ពុជា»។

លោក​ស្រី Maja Kocijancic អ្នក​នាំ​ពាក្យ​​​សហភាព​​អឺរ៉ុប​​ ទទួល​​បន្ទុក​​គោល​​នយោបាយ​​ការ​​បរទេស និង​​សន្តិសុខ​ មិន​អាចសុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេកាល​ពី​ម្សិលមិញ​អំពីការ​តែងតាំង​នេះ។​

លោក កេត សោផាន់ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បា​ន​​ថ្លែង​ថា លោក​សុំ​មិន​អត្ថាធិប្បា​​យ​លើ​បញ្ហា​​តែង​តាំង​នេះ​ទេ។

លោក​ស្រី Carmen Moren​o នឹង​ចូល​កាន់​ការងារ​នៅការិយា​​ល័យ​តំណាង EU នៅ​ភ្នំពេញ​ ស្រប​ពេល​​ប្លុក​ដែល​មាន​ប្រទេ​ស​ចំនួន ​២៨​ នេះ កំពុង​ដំណើរ​ការ​នីតិវិធី​ ដែល​អាច​ឈាន​ដល់​មា​ន​ការ​ផ្អាក​ប្រព័ន្ធអនុគ្រោះ​ពន្ធ​ EB​A ពី​កម្ពុជា។ កាល​ពី​ខែ​មុន បេសកកម្ម​ស្វែង​​ការពិត​របស់​ EU បាន​បញ្ចប់​ទស្សនកិច្ច​ស្វែ​​​ងរក​ការពិត​នៅ​កម្ពុជា ប៉ុន្តែ​ការ​ស៊ើប​អង្កេត​នឹង​ប​ន្ត​ដល់​ពាក់កណ្ដាល​ខែ​សីហា។ បន្ទាប់​មក​ EU នឹង​សរសេរ​របាយការណ៍​ នៃ​ការ​ស្រាវជ្រាវ​របស់​ខ្លួន​ហើ​យ​​កម្ពុជា​ មាន​ពេល​ ១​ ខែ​ ដើម្បី​ឆ្លើយតប​លើ​ការ​រក​ឃើញ។

កាល​ពី​ថ្ងៃ​ពុធ ​តំណាង​​របស់​សមាគម​រោង​ចក្រ​កាត់​ដេរ​កម្ពុ​ជា ​ហៅ​កាត់​ថា GMAC ដែល​ជា​ភាគី​មាន​ផល​ប្រយោជន៍​ពី​ប្រព័​ន្ធ​​អនុគ្រោះ​ពន្ធ EBA បាន​បង្ហា​ញ​ពី​ការពិត​នៅ​កម្ពុជា និង​បាន​ចោ​ទសួរ​ទៅ​សហភាព​អឺរ៉ុប​នៅ​ទីក្រុង​ប្រ៊ុចសែលអំពី​មូល​ហេ​តុ​នៃការ​សម្រេច​ចិត្ត​ចាប់​ផ្ដើម​នីតិវិធី​ផ្លូវ​ការ​នៃ​ការ​ផ្អាក​ EBA ដែ​ល​ត្រូវ​បាន​ប្រកាស​កាល​ពី​ខែ​កុម្ភៈ។

លោក ខេន លូ អគ្គលេខាធិ​ការ​ GMAC បាន​ថ្លែង​កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​ថា៖ «យើង​បាន​បញ្ជាក់​ពីជំហរ​របស់​យើង​ទៅ​លើ​ការ​ផ្លាស់​ប្ដូរ​ដែល​រដ្ឋា​ភិបា​ល និង​វិស័យ​ឯកជន​​បាន​ធ្វើដើ​ម្បី​ដោះ​ស្រាយ​កង្វល់​របស់​សហ​​​ភា​​ព​អឺរ៉ុប។ យើង​ក៏​បាន​លើក​ឡើង​នូវ​ផល​ប៉ះ​ពាល់​ដែល​អា​ច​​កើត​មាន​ប្រសិន​បើ​មាន​ការ​ដក (EBA)»។

លោក​បន្ថែម​ថា តំណាង​របស់​ GMAC មិន​បា​ន​ទទួល​នូវ​ចម្លើយ​តប​របស់​ EB​U មក​វិញ​ទេ​ដោយ​សារ​តែ​ការ បង្ហា​ញ​របស់​ GMAC ធ្វើ​ឡើង​ក្នុង​វេទិកា​សេរី​ ដែល​ភាគី​ EU ត្រឹម​តែ​ស្ដាប់​ការ​លើក​ឡើង​ប៉ុណ្ណោះ។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​ថ្លែង​ថា មន្ត្រី​ការ​ទូត​ ពី​ប្រទេស​ណា​ក៏​ដោយ​តែង​តំណា​ង​ឲ្យ​តម្លៃ​នៃ​ប្រទេស​រប​ស់​គេ។ អគ្គរដ្ឋទូត EU ថ្មី​ ក៏​តំណា​ង​ឲ្យ​តម្លៃ​នៃ​សហគមន៍​ដែលមាន​​​​ភាព​ជឿ​ជាក់ មាន​ភាព​ចាស់​ទុំ និង​មាន​ភាព​ជឿន​លឿន។

លោក​ថ្លែង​ថា៖ «លោក​ស្រី​ (Carmen Moreno) នឹង​ពិចា​រណា​អំពី​ការដក​ប្រព័ន្ធ EBA​ ថា​ជា​ស្លាក​ស្នាម​អាក្រក់​នៃ​ទំនា​​ក់​ទំនង​រវាង​កម្ពុជា​ និង​សហភាព​អឺរ៉ុប។ លោក​ស្រី​នឹង​ឲ្យ​វា​ទៅ​តាម​ដំណើរ ហើយ​បន្ត​គោល នយោបាយ​របស់​ EU ជាមួយ​កម្ពុជា។ លោក​ស្រី​អាច​ជួយ​កម្ពុជា​ក្នុង​ការ​រក្សា​បាន​នូវ​ទីផ្សារ​អឺរ៉ុប និង​ពង្រីក​ទីផ្សារ​នេះ​សម្រាប់​ទំនិញ​ពី​កម្ពុជា បើ​សិន​ជា​រដ្ឋាភិបាល​កម្ពុជា​ចង់​ធ្វើ​ដូច្នេះ»។

លោក​បន្ត​ថា អ្វី​ដែល​កាន់​តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ថា លោក​ស្រី Carmen Moreno ប្រហែល​ជា​អាច​ជួយ​​កម្ពុជា​ ក្នុង​ការ​ចាក​ចេញ​ពី​គន្លង​របស់​ចិន ​ដែល​កម្ពុជា​ពេល​នេះ​កំពុង​ស្ថិត​នៅ ប្រ​សិន​បើ​​កម្ពុជា​ប្រាថ្នា​ចង់​បន្ថយ​ការ​ពឹង​ពាក់​របស់​ខ្លួន​ ទៅ​លើ​មហា​អំណាច​ពិភព​លោក​មួយ​នេះ។

លោក​ថ្លែង​ថា៖ «រូបរាង​ថ្មី​នៃ​ទំនាក់​ទំនង​រវាង​ EU ដែល​ជា​សហគមន៍​ធំ និង​កម្ពុជា​ដែល​ជា​​ប្រទេស​តូច​ ទោះ​បីល្អឬមិន​ល្អ មាន​ផ្លែ​ផ្កាសម្រាប់​ភាគី​ទាំង ​២ ​ឬ​អត់​នោះ វា​មិន​អាស្រ័យ​ខ្លាំង​ទៅ​លើ​អគ្គរដ្ឋទូត​ថ្មី​​ ជា​ជាង​រដ្ឋាភិបាល​កម្ពុជា​ខ្លួន​ឯង​នោះ​ទេ»៕