ភ្នំពេញៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC បានអះអាងថា ចំនួននៃការធ្វើកូដកម្មនាពេលថ្មីៗនេះមានការកើនឡើង ពិសេសកូដកម្មខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានដល់បរិយាកាសនៃការវិនិយោគ ខណៈដែលកម្ពុជាកំពុងប្រឈមនឹងនីតិវិធីផ្អាក EBA ដោយសហភាពអឺរ៉ុប។
តាមសេចក្ដីថ្លែងការណ៍របស់ GMAC ចុះថ្ងៃទី ១៦ កក្កដា សរសេរថា៖ «GMAC ដែលតំណាងឲ្យសមាជិកជាង ៦០០ រោងចក្រ សហគ្រាស បានកត់សម្គាល់ជាមួយនឹងការសោកស្ដាយ ដែលថ្មីៗនេះមានការកើតឡើងនូវកូដកម្មខុសច្បាប់នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ»។
សេចក្តីថ្លែងការណ៍បន្តថា៖ «សកម្មភាពខុសច្បាប់ទាំងនេះដែលដឹកនាំដោយសហជីពទុច្ចរិតបានប៉ះពាល់ជាអវិជ្ជមានទៅលើបរិយាកាសវិនិយោគនៅក្នុងវិស័យនេះ ខណៈដែលយើងកំពុងប្រឈមនឹងការគំរាមកំហែងនៃការដក EBA ដោយសហភាពអឺរ៉ុប»។
សេចក្តីថ្លែងការណ៍បានលើកឧទាហរណ៍នៃការធ្វើកូដកម្មដោយកម្មកររោងចក្រ Bowker Garment Factory ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ចាប់តាំងពីថ្ងៃទី ១០ កក្កដាមក ដោយនិយាយថា ជម្លោះការងារនៅរោងចក្រនេះ ត្រូវបានចរចា ហើយចំណុចដែលមិនបានឯកភាពត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលហើយ។ ប៉ុន្តែ កម្មករនៅតែបន្តធ្វើកូដកម្មដដែល។
GMAC បន្តទៀតថា៖ «GMAC ថ្កោលទោសរាល់ទង្វើខុសច្បាប់ទាំងឡាយណាដែលពាក់ព័ន្ធនឹងការធ្វើកូដកម្មមិនស្របតាមនីតិវិធីច្បាប់ ដែលអាចនាំឲ្យមានការបាត់បង់ទំនុកចិត្តពីអ្នកបញ្ជាទិញ និងអត្ថប្រយោជន៍ដល់ភាគីទាំង ២»។
GMAC ក៏ស្នើសុំឲ្យកម្មករ និងសហជីពគោរពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផងដែរ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ (CCAWDU) បានថ្លែងថា នាពេលថ្មីៗនេះ ពិតជាមានការកើនឡើងនៃចំនួនធ្វើកូដកម្មដោយកម្មករមែន ដោយសារតែនិយោជកមិនបានផ្ដល់ប្រាក់អត្ថប្រយោជន៍ ដូចជា ប្រាក់អតីតភាពការងារត្រឹមត្រូវតាមការណែនាំរបស់ក្រសួងការងារ។
លោកបានបញ្ជាក់ថា៖ «យើងនឹងស្នើសុំពិភាក្សាជាមួយក្រសួងការងារអំពីប្រាក់អតីតភាពការងារ។ ប៉ុន្តែសម្រាប់ពេលនេះកម្មករគាត់មិនសប្បាយចិត្តដោយសារពួកគេមិនទទួលបានប្រាក់អតីតភាព ព្រោះនិយោជកមិនបានបកស្រាយការណែនាំរបស់ក្រសួងឲ្យបានត្រឹមត្រូវ»។
ទោះបីជាយ៉ាងណា លោក ទេស រុក្ខាផល អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញានៃក្រសួងការងារ បានថ្លែងកាលពីម្សិលមិញថា ចំនួននៃការធ្វើកូដកម្ម ជាទូទៅមានការថយចុះ បើប្រៀបធៀបនឹងឆ្នាំមុន។ ប៉ុន្តែលោកថា ចំនួននេះ អាចកើនឡើងនាពេលថ្មីៗនេះ ដោយសារតែមានទំនាស់រឿងប្រាក់អតីតភាព និងការយល់ឃើញក៏ដូចបកស្រាយការណែនាំរបស់ក្រសួងការងារខុសគ្នា។
លោកថ្លែងថា៖ «កូដកម្មជាទូទៅមិនធ្វើតាមនីតិវិធីទេ។ ឧទាហរណ៍ការធ្វើកូដកម្មនៅរោងចក្រ Bowker Garment Factory ថ្មីៗនេះគឺពួកគាត់មិនគួរធ្វើកូដកម្មទេ ព្រោះពេលមានជម្លោះគេត្រូវជជែកគ្នា ហើយដាក់ពាក្យទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ប៉ុន្តែជាក់ស្ដែងពួកគាត់បានចាប់ផ្ដើមធ្វើកូដកម្ម តាំងពីមុនពេលដែលរឿងបានទៅដល់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល»។
លោកស្នើឲ្យកម្មករ សហជីព និងនិយោជកទាំងអស់ អង្គុយជជែកគ្នារកដំណោះស្រាយជាជាងធ្វើកូដកម្ម៕